អានតួអត្ថបទ
អេហ្ស៊ីប

យោធា​អេហ្ស៊ីប​ដាក់​បំរាម​គោចរ​នៅទីក្រុងគែរ​ក្រោយពី​មាន​ទង្វើ​ហិង្សា​

ប្រមាណ​បីសប្តាហ៍​ទៀត​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​នឹងឈាន​មកដល់។​ ការប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​យោធា​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ នៅជិត​ក្រសួង​ការពារជាតិ​នៅ​ទីក្រុងគែរ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់២នាក់​និង​របួស​៣៧៣នាក់។​ ទាំងនេះ​បាន​នាំឲ្យ​អ្នកដឹកនាំ​យោធា​អេហ្ស៊ីប​ដាក់​បំរាម​គោចរ​នៅ​ទីក្រុង​គែរ​ពីម៉ោង២៣​ថ្ងៃសុក្រ​ដល់​ម៉ោង៧ព្រឹក​ថ្ងៃសៅរ៍​ទី៥​ឧសភានេះ។

កងកម្លាំង​សន្តិសុខ​​អេហ្ស៊ីប​​នៅជិត​​ក្រសួង​​ការពារ​ជាតិ​​នៅ​ទីក្រុង​គែរ​​
កងកម្លាំង​សន្តិសុខ​​អេហ្ស៊ីប​​នៅជិត​​ក្រសួង​​ការពារ​ជាតិ​​នៅ​ទីក្រុង​គែរ​​ REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

ការប៉ះ​ទង្គិច​គ្នា​យ៉ាង​ហិង្សា​បែបនេះ​កើតមាន​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​យោធា​អេហ្ស៊ីប​ ​ ក៏​ពីព្រោះ​តែ​ក្រុម​បាតុករ​អេហ្ស៊ីប​បាន​ធ្វើការ​ទាមទារ​យ៉ាង​ខ្លាំងក្លា​ឲ្យ​លោក​សេនាប្រមុខ​ Hussein Tantaoui ​ ចាកចេញ​ពី​មុខ​តំណែង។​ លោក​សេនាប្រមុខ​ Hussein Tantaoui ​ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​អេហ្ស៊ីប​( CSFA )​បាន​កាន់កាប់​អំណាច​តាំងពី​អតីត​ប្រធានាធិបតី​ហូស្នី​មូបារ៉ាក់​បាន​ត្រូវ​ប្រជាជន​អេហ្ស៊ីប​ច្រាន​ទម្លាក់​ពី​មុខ​តំណែង​នៅខែ​កុម្ភៈ​ឆ្នាំ២០១១។

 
នៅថ្ងៃសុក្រ​ទី៤​ឧសភា​ម្សិលមិញ​ ​ ក្រុមបាតុករ​អេហ្ស៊ីប​បាន​នាំគ្នា​ស្រែក​ជេរ​ជា​ពាក្យស្លោក​ថា​ ​ “​ Tantaoui ​ថ្ងៃចុង​ក្រោយ​របស់​អ្នកឯង​មកដល់​ហើយ!!!​”​ឬថា​ “​សេនាប្រមុខ​ចៀសចេញ​ឲ្យឆ្ងាយ​ ​ ប្រយ័ត្ន​គ្រោះថ្នាក់​ ​ ប្រជាជន​ខឹង​ក្រេវក្រោធ​ខ្លាំងណាស់!!!​”។

ថ្វីដ្បិតតែ​ ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​បាន​សន្យាថា​ នឹង​ប្រគល់​អំណាច​ឲ្យ​រដ្ឋបាល​ស៊ីវិល​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​ ​ ក៏​ប៉ុន្តែ​នៅមាន​មតិ​មួយផ្នែក​នៅតែ​មានការ​សង្ស័យថា​ ​ ក្រុម​ឧត្តមសេនីយ​ដែល​កំពុង​កាន់កាប់​អំណាច​នៅ​ប្រទេស​អេហ្ស៊ីប​បច្ចុប្បន្ន​នៅ​តែ​លេង​ស្នៀត​ប្រើ​កិច្ចកល​ដើម្បី​បន្ត​កាន់កាប់​អំណាច។

ដូចជា​កាលពី​ថ្ងៃពុធ​កន្លងទៅ​ថ្មីៗនេះ​ ​ ប្រជាជន​ជាច្រើន​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅជិត​ក្រសួង​ការពារជាតិ​ ​ ស្រាប់តែ​ពួកគេ​បាន​ត្រូវ​វាយដំ​ច្រំធាក់​ដោយ​ជន​មិន​ស្គាល់មុខ។​ ហើយនៅក្នុង​ចំណោម​បាតុករ​ទាំងនោះ​ ​ ភាគច្រើន​ជា​សកម្មជន​នៃ​ពួក​អ៊ីស្លាមនិយម​ដែល​បេក្ខភាព​ប្រធានាធិបតី​របស់​គេ​បានត្រូវ​អាជ្ញាធរ​អេហ្ស៊ីប​បដិសេធ​ពុំ​ទទួល​ស្គាល់​សុពលភាព។​ ទាំងនេះ​បាន​ត្រូវ​មតិ​ខ្លះ​ចោទថា​ ​ អ្នកគាំទ្រ​របបគ្រប់គ្រង​អេហ្ស៊ីប​ចាស់​កំពុង​លេង​ស្នៀត​ប្រើ​កិច្ចកល​ដើម្បី​បន្ត​កាន់កាប់​អំណាច។

ហើយ​លោក​ Khaïrat al Chater ​បេក្ខជន​ប្រធានាធិបតី​ចេញពី​បក្ស​ភាតរបុត្រ​អ៊ីស្លាម​ដែល​មាន​សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​អេហ្ស៊ីប​ ​ ក៏បាន​ត្រូវ​អាជ្ញាធរ​បដិសេធ​ពុំ​ទទួល​ស្គាល់​សុពលភាព​ ​ ដោយហេតុ​តែ​លោក​ធ្លាប់បាន​ត្រូវគេ​កាត់ទោស​នៅ​សម័យ​ហូស្នី​មូបារ៉ាក់។

ទាំងនេះ​ជាមូលហេតុ​នាំឲ្យ​ចលនា​អ៊ីស្លាមនិយម​ងាកមក​រក​បេក្ខភាព​របស់​ Mohamed Morsi ​ដែល​ធ្វើឲ្យ​បេក្ខជន​ដែលចេញ​ពី​របប​គ្រប់គ្រង​អេហ្ស៊ីបចាស់​មាន​ “ប្រៀប​” ​ ​ តួយ៉ាង​ដូចជា​លោក​ Amr Moussa ​ដែលធ្លាប់​បាន​កាន់​តំណែង​ប្រមុខ​ការទូត​យ៉ាងយូរ​​នៅក្នុង​សម័យ​ហូស្នី​ មូបារ៉ាក់​ ​ ឬក៏​លោក​អតីត​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​ Ahmed Chafik។

ក្រៅពី​បញ្ហា​ពុំ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​នូវ​សុពលភាព​នៃ​បេក្ខភាព​ប្រធានាធិបតី​សំខាន់ៗ​មួយ​ចំនួន​ ​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប​ ​ ដែល​ជុំទី១​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣​និង២៤​ឧសភា​ ​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​សភាព​ពុំ​ចុះ​សម្រុង​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​រដ្ឋធ្មនុញ្ញ​ថ្មី​ ​ ហើយនិង​ការ​សង្ស័យ​ថា​ ​ ក្រុមយោធា​កាន់​អំណាច​បច្ចុប្បន្ន​ចង់​បន្ត​ក្តោបក្តាប់​អំណាច។

ដូច្នេះហើយ​បានជា​សកម្មជន​រាប់​ម៉ឺននាក់​ដែលចេញ​ពី​គណបក្ស​អ៊ីស្លាម​និយម​ ​ សេរីនិយម​ ​ ឬ​ជឿនលឿននិយម​ ​ បាននាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ Tahrir ដែល​ឋិត​នៅ​ចំ​កណ្តាល​ទីក្រុង​គែរ​ដែលជា​ទីលាន​បដិវត្តន៍​របស់​ប្រទេស​អេហ្ស៊ីប។

ពួកគេ​បាន​នាំគ្នា​ស្រែកថា​ ​ “ដួលរលំ​ទៅ​របប​គ្រប់គ្រង​ផ្តាច់ការ​យោធា!!!”​ ​ ហើយមាន​បដា​ខ្លះ​សរសេរ​ទាមទារ​ឲ្យ​លុបចេញ​នូវ​អត្ថបទ​ដែល​ហាមពុំ​ឲ្យ​មាន​ការ​តវ៉ា​ពី​អសុពលភាព​របស់​បេក្ខភាព​ប្រធានាធិបតី​មួយ​ចំនួន។​ ​ នៅមាន​បដា​ខ្លះទៀត​សរសេរ​ទាមទារ​ឲ្យ​រំលាយ​ចោល​គណៈកម្មការ​បោះឆ្នោត​ ​ ហើយនិង​តាក់តែង​ឲ្យមាន​ច្បាប់ថ្មី​ហាមឃាត់​ពុំ​ឲ្យ​ឥស្សរជន​នៃ​របបគ្រប់គ្រង​ចាស់​អាច​មក​ឈរឈ្មោះ​ចូលរួម​ធ្វើការ​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ