អានតួអត្ថបទ
កម្ពុជា-កូរ៉េខាងជើង

កូរ៉េ​ខាង​ជើង​ប្រាប់​កម្ពុជា​ថា​ត្រៀម​ខ្លួន​វិល​ចូល​តុ​ចរចា​៦​ភាគី​វិញ​

នៅ​ក្នុង​​ជំនួប​​ជាមួយ​​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា នៅ​​ព្រឹក​​ថ្ងៃ​​សៅរ៍​​នេះ​​នៅ​​ទីក្រុង​​ភ្នំពេញ​​ ​លោក ​ប៉ាក់ អ៊ី​ជុន​ (Pak Uichun)​ រដ្ឋមន្ត្រី​ការបរទេស​​កូរ៉េ​ខាងជើង​​អះអាង​ថា ​ទីក្រុង​​​ព្យុងយ៉ាង​​យល់​ព្រម​ ​​វិល​​ចូល​​តុ​​ចរចា​៦​ភាគី​​ឡើង​វិញ​​ដើម្បី​​ជជែក​​អំពី​​បញ្ហា​​នុយក្លេអ៊ែរ។​​កម្ពុជា​​ក្នុង​នាម​​ជា​​អ្នក​សម្របសម្រួល​​កិច្ចការ​​នេះ​ ​​បាន​ប្រកាស​​ស្វាគម​​​ជំហរ​​ថ្មី​​របស់​​កូរ៉េ​ខាង​ជើង​​ហើយ​​​ចាត់​ទុក​ថា ​នេះ​​ជា​​ជំហរ​​ប្រកប​​ដោយ​​ភាព​​វិជ្ជមាន​ និង​​សុ​ឆន្ទៈ​​មួយ។

លោក​ ប៉ាក់​ អ៊ីជុន​(Pak Ui-chun)​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​(ស្តាំ)​អង្គុយ​ទល់​មុខ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង​នៅ​ក្នុង​ជំនួប​មួយ​នៅក្​រសួង​ការបរទេស​ភ្នំពេញ​ថ្ងៃ​១៤​កក្កដា​២០១២​
លោក​ ប៉ាក់​ អ៊ីជុន​(Pak Ui-chun)​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​(ស្តាំ)​អង្គុយ​ទល់​មុខ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង​នៅ​ក្នុង​ជំនួប​មួយ​នៅក្​រសួង​ការបរទេស​ភ្នំពេញ​ថ្ងៃ​១៤​កក្កដា​២០១២​ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​កា​រស​ប្រម​សម្រួល​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជួបនឹង​បរាជ័យ ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​​ នៅតែ​បន្ត​ខិតខំ​ដើរតួ​ជា​អ្នកសម្របសម្រួល​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ទៀត។ ​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​​កូរ៉េខាងជើង​គឺ​លោក ប៉ាក់ អ៊ី​ជុននៅ​ទីក្រុង​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​ជំនួប​​នេះ​បានទទួល​លទ្ធផល​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់។ ប្រមុខ​ការទូត​ទីក្រុង​ព្យុងយ៉ាង ​បាន​និយាយ​​ប្រាប់​​​​​​​លោក ហោ ណាំហុង ថា កូរ៉េខាងជើង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការវិល​ចូល​តុ​ចរចា​៦ ​ភាគី​ឡើង​វិញ​ដើម្បី​ជជែក​អំពី​វិបត្តិ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ។

 

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅក្រោយ​ជំនួប​នោះ​ថា កម្ពុជា​បាន​ស្វាគម​​ជំហរ​វិជ្ជមាន​របស់​កូរ៉េខាងជើងនិង​ចាត់ទុកជា​ជំហរ​ប្រកប​ដោយ​​សុ​ឆន្ទៈ​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ​លោក​ប៉ាក អ៊ី​ជុន ​បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​អង្គារ​ទី១០កក្កដា ដើម្បី​ចូលរួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​ជាមួយ​ប្រទេស​ជាង​២០​ផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១២ កក្កដា​កន្លងទៅ នៅ​ទីក្រុង​ភ្នំពេញ។

កិច្ចប្រជុំ៦ភាគី​រវាង កូរ៉េខាងជើង កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចិន ជប៉ុន និង​រុស្ស៊ី ស្តី​បញ្ហា​នុយក្លេអ៊ែរ​ក៏​គ្រោង​បើក​ធ្វើ​នៅ​ភ្នំពេញ​ផងដែរ​ដោយមាន​កម្ពុជា​ជា​អ្នកសម្របសម្រួល ប៉ុន្តែ កិច្ចប្រជុំ​នោះ​មិនបាន​កើតមាន​ទេ។ ផ្ទុយទៅវិញ លោក​អ៊ី​ជុន បែរជា​ចែក​សេចក្តីថ្លែងការណ៍​ដល់​​អ្ន​ក​កាសែត​ដោយបាន​ថ្លែង​រិះគន់​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង​ទៅវិញ។ សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា កូរ៉េខាងជើង​ ត្រូវតែមាន​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​តំបន់​ពី​ព្រោះតែ​សហរដ្ឋអាមេរិក និង​ប្រទេស​សម្ពន្ធមិត្ត​របស់ខ្លួន​ដែល​ប្រឆាំងនឹង​កូរ៉េខាងជើង​សុទ្ធ​តែ​មាន​​អាវុធ​នុយក្លេអ៊ែរ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក ប៉ាក់ អ៊ី​ជុនដែល​កំពុង​បន្តដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​ប្រា​ប់លោក ហោ ណាំហុង​នៅ​ព្រឹក​នេះ​ថា កូរ៉េខាងជើង​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​ចូល​តុ​ចរចា៦ភាគី។ ប៉ុន្តែ លោក កុយ គួ​ង អះអាងថា នៅ​មិនទាន់​ដឹង​ពី​ពេល​វេលា​និង​ទីកន្លែង​ដែល​ត្រូវ​រៀបចំ​ជំនួប៦ភាគី​ឡើងវិញ​ដែល​កម្ពុជា​កំពុង​ជួយ​សម្របសម្រួល​នេះ​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ កម្ពុជា​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដ៏​ធំ​មួយទៀត​នៅ​ខែវិច្ឆិកា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ