អានតួអត្ថបទ
បែលហ្ស៊ិក

ប្រទេស​បែលហ្ស៊ិក​មាន​ព្រះមហាក្សត្រ​ថ្មី​គ្រងរាជ្យ​

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​បែលហ្ស៊ិក​​បាន​​បើកទំព័រប្រវត្តិសាស្ត្រ​​ថ្មី​របស់​ខ្លួន តាមរយៈ​ការ​​ឡើងគ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថ្មី គឺ​ព្រះអង្គ​ ហ្វីលីព ដែល​ត្រូវ​ជា​ព្រះរាជបុត្រា​របស់​ព្រះមហាក្សត្រចាស់​​ អាល់ប៊ែរ ២។ ព្រះមហាក្សត្រ​ហ្វីលីព​បាន​ក្លាយជា​ព្រះមហាក្សត្រ​គ្រងរាជ្យ​ទី ៧​ នៅ​បែលហ្សិក។ ​ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ព្រះ​មហាក្សត្រ​អាល់ប៊ែរ ២​ ​​ដែល​បាន​សោយរាជ្យ​អស់​រយៈ​ពេល​២០​ឆ្នាំ​មកហើយនោះ បាន​​អំពាវនាវអោយ​មាន​ការ​រួបរួម​ជាតិ។

ព្រះមហាក្សត្រ​ថ្មី Philippe និង​ព្រះ​មហាក្សត្រី Mathilde ញញឹម​ទៅកាន់​ប្រជាជនបែលហ្ស៊ិក។
ព្រះមហាក្សត្រ​ថ្មី Philippe និង​ព្រះ​មហាក្សត្រី Mathilde ញញឹម​ទៅកាន់​ប្រជាជនបែលហ្ស៊ិក។ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅ​​ថ្ងៃ​អាទិត្យនេះ​ នៅ​ចំពោះ​​មុខ​សភា​បែលហ្ស៊ិក ក្នុង​ព្រះជន្ម​៥៣​ព្រះវស្សា ព្រះមហាក្សត្រ​ថ្មី​របស់​ប្រទេស​បែលហ្ស៊ិក ​មាន​ព្រះនាម​ថា Philippe បាន​ស្បថស្បែ​ដើម្បី​ឡើងគ្រងរាជ្យបល្ល័ង្ក​ បន្តពី​បិតា​ទ្រង់។ នៅ​មុន​នេះ​បន្តិច​ ព្រះ​មហាក្សត្រចាស់ ​ Albert II ​​ដែល​បាន​សោយរាជ្យ​អស់​រយៈ​ពេល​២០​ឆ្នាំ​មកហើយនោះ បាន​ធ្វើលិខិត​ដាក់​រាជ្យបល្ល័ង្ក​ជា​ផ្លូវការ។

នៅ​ក្នុង​ពិធី​គ្រងរាជ្យនេះ ក្រៅ​ពី​​​វត្តមាន​​របស់ព្រះ​​​​ញាតិវង្សានុវង្ស​របស់​ព្រះ​មហាក្សត្រ​ គេ​ពុំ​ឃើញ​មាន​ថ្នាក់​ដឹកនាំ រឺ​ព្រះញាតិ​វង្សានុវង្ស​​ប្រទេស​ណា​ផ្សេង​​​​ចូល​រួម​នោះទេ។ គេ​ឃើញ​វត្តមាន​​​​​លោក José Manuel Barroso ប្រធានគណកម្មការ​អឺរ៉ុប​តែ​ម្នាក់​ប៉ុណ្ណោះ។ ​

គួ​រ​រំលឹក​ថា ព្រះមហាក្សត្រ​ថ្មី​ Philippe ​តាម​ធម្មតា អាច​នឹង​ឡើងគ្រងរាជ្យ​​បន្ត​ពី​ព្រះបិតុលា​ព្រះអង្គ គឺ​អតីតព្រះមហាក្សត្រ​ Beaudoin ​ តាំង​ពី​ឆ្នាំ​ ១៩៩៣ ម្ល៉េះ។ នៅ​ឆ្នាំ​ ១៩៩៣ អតីព្រះ​មហាក្សត្រ Beaudoin បាន​ចូលទីវង្គត់។ នៅ​ពេល​នោះ គេ​គិត​​ថា​ព្រះ​អង្គ Philippe​ នៅ​មិន​ទាន់​​​ត្រៀមខ្លួន​គ្រប់គ្រាន់​​ដើម្បី​​គ្រង​រាជបល្ល័ង្ក​នោះទេ។ ដូច្នេះ ព្រះបិតា​ព្រះអង្គ គឺ​ព្រះអង្គ​ Albert II បាន​ឡើង​បន្ត​រាជ្យ​ពី​ពេល​នោះ​មក។

ថ្វីដ្បិត​ថា​​២០​ឆ្នាំ​ កន្លង​ផុតទៅ​ហើយ​ក្តី ប្រជាជន​បែលហ្ស៊ិក​​នៅ​មាន​​​​ការ​​មន្ទិល​សង្ស័យ​ចំពោះ​សមត្ថភាព​របស់​ព្រះអង្គ​ហ្វីលីព​នៅឡើយ ពិសេស​នៅ​ពេល​ដែល​បែលហ្ស៊ិក​ជិត​បោះឆ្នោត​​ឆ្នាំ​២០១៤​ ខាង​មុខ​នេះ។ ព្រះអង្គ​ហ្វីលីពនៅ​​មាន​បន្ទួល​មិន​សូវ​សមស្រប​ ហើយ​នៅ​មិន​ទាន់​​សំរួលបាន​​អាកប្បកិរិយា​​​ ក្នុង​ពេល​មាន​ព្រះ​រាជបន្ទូល​ទៅ​កាន់​សាធារណជន​។ នៅ​ពេលនេះ ដើម្បី​ទទួល​ទំនុក​ចិត្ត​ពី​ប្រជាជន​បែលហ្ស៊ិក​បាន​ ព្រះមហាក្សត្រ​ថ្មី​​​​ត្រូវ​ការ​ ការ​ជួយ​ជ្រោមជ្រែង​ គាំទ្រ​ពី​​ព្រះ​​មហេសី​ Mathilde របស់​ទ្រង់​ ព្រោះ​ថា​ព្រះមហេសី​ Mathilde មានសមត្ថភាព ​ប្រជាប្រិយភាព​ និង​សំរស់ឥតខ្ចោះ​ មាន​​​គ្រប់​លក្ខណៈដែល​ជាតិ​​ត្រូវការ។ ជា​ប្រវត្តិសាស្ត្រ​​សំរាប់​បែលហ្ស៊ិក ព្រះមហេសី​ Mathilde បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រី​​​បែលហ្ស៊ិក​ទីមួយ ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​បែលហ្ស៊ិក​ផ្ទាល់​តែ​ម្តង។ ​​

ដោយឡែក​ ក្នុង​​ការ​គ្រង​រាជ្យ​​របស់​អតីត​ព្រះមហាក្សត្រ​ Albert II កន្លង​មក បែលហ្ស៊ិក​​ជួប​​​វិបត្តិនយោបាយនិង​​​សង្គម​​ជាច្រើន ដូច​ជា​ការ​ឈ្លានពាន​របស់​ក្រុម​ស្តាំ​និយម​ជ្រុល​​​ Flammand ​ និង​រឿងអាស្រូវ​សូកប៉ាន់​របស់​កងទ័ព​ ​នៅ​ពេល​​​ទិញ​​ឧត្ធម្ភាគចក្រ​អ៊ីតាលី​ជាដើម។ ជាង​នេះទៀត ក្រោយ​​ពេល​បោះឆ្នោត​ឆ្នាំ​២០១០ បែលហ្ស៊ិក​បាន​ចំណាយ​ពេល​យូរ​ជា​ប្រវត្តិសាស្ត្រ​ គឺ​រហូត​ដល់​៥៤១​ថ្ងៃ​ ដើម្បី​បង្កើត​បាន​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ