អានតួអត្ថបទ
រុស្ស៊ី-អូតង់

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​“ក្រុម​ប្រឹក្សា​អូតង់​-រុស្ស៊ី​

ចូល​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​ដែល​​បើក​​ធ្វើ​​ថ្ងៃ​​នេះ​នៅ​ក្រុង Bruxelles គឺ​មាន​ពី​ខាង​រុស្ស៊ី លោក​រដ្ឋមន្ត្រី​ការ​បរទេស ​Serguei Lavrov​។ខាង​អូតង់ មាន​ប្រមុខ​ការទូត​នៃ​២៨​ប្រទេស​សមាជិក​បក្ស​សម្ព័ន្ធ​នេះ-​នាំ​មុខ​ដោយ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Hillary Clinton។ ប្រធានបទ ធំៗ​នៃ​ជំនួប​នេះ មាន ៖បញ្ហា​”ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល”​ដែល​អាមេរិក​គ្រោង​ដំឡើង​​នៅ​អឺរ៉ុប, ស្ថានការណ៍​នៅ​ស៊ីរី , បញ្ហា​អាហ្វហ្កានីស្ថាន។

លោក​Ahmet Davutoglu(ឆ្វេង)រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​តួក គី
លោក​Ahmet Davutoglu(ឆ្វេង)រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​តួក គី REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

 

តាម​ក្រសួង​ការបរទេស​រុស្ស៊ី ជា​បឋម សម័យ​ប្រជុំ​នេះ​លើក​យក​ទៅ​ពិនិត្យ​គឺ​លទ្ធផល​នៃ​ ការ​បំពេញ​តាម​កិច្ច​ព្រមព្រៀង​ដែល​មាន​សម្រេច​បាន​ក្នុង​ជំនួប​លើក​មុន​នៃ​ក្រុម​ប្រឹក្សា​អូតង់-រុស្ស៊ី នៅ​ឯ​ក្រុង​ Lisbonne​ប្រទេស​Portugal​កាលពី​២​ឆ្នាំ​មុន​ស្តី​អំពី​ការ​រៀបរយ​ភាព​ជា​ដៃ​គូ​ទំនើប​និង​ យុទ្ធសាស្ត្រ​ពិត​ប្រាកដ​រវាង​រុស្ស៊ី​និង​អូតង់​ឈរ​លើ​គោលការណ៍​នៃ​សន្តិសុខ​មិន​អាច​ពុះ​ចែក​បាន, នៃ​ការ​ជឿទុក​ចិត្តគ្នា​, នៃ​តម្លាភាព,​នៃ​ភាព​អាច​ទស្សន៍ទាយ​បាន​ជា​មុន​ដើម្បី​បង្កើត​ជា​លំហ​​រួម​តែ​មួយ​នៃ​សន្តិភាព សន្តិសុខ​ និង​ស្ថិរភាព​នៅ​ទូទាំង​តំបន់​អឺរ៉ូ-អាត្លង់ទិក។

ក្រសួង​ការបរទេស​រុស្ស៊ី​កត់​សម្គាល់​ថា​ក្នុង​រយៈ​ពេល​កន្លង​ទៅ មាន​សន្សំ​បាន​ផ្លែផ្កា​ជា​វិជ្ជមាន ខាង​ ធ្វើ​សហប្រតិបត្តិការ​ប្រឈម​ទល់​នឹង​ការ​គម្រាម​នៃ​អំពើ​ភររវកម្ម​ទល់​នឹង​ពួក​ចោរ​សមុទ្រ​ ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​និង​បច្ចេកវិជ្ជា ប៉ុន្តែ​ទន្ទឹម​នេះ នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​នៅ​ឡើយ​ ជុំវិញ​បញ្ហា​គន្លឹះៗ ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជា​គ្រឹះ​មូលដ្ឋាន​នៃ​សន្តិសុខ​ប្រទេស​រុស្ស៊ី ជា​បឋម​បណ្តាល​មក​ពី​ផែនការ​ស.រ.អា. និង អូតង់ បង្កើត​ជា”ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល”​ នៅ​ទ្វីប​អឺរ៉ុប​ និង​ការ​វាតទី​របស់​អូតង់​រំកិល​កាន់តែ​មក​ជិត​ព្រំប្រទល់​រុស្ស៊ី។

ម៉្លោះ​ហើយ បាន​ជា​ភាគី​រុស្ស៊ី​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​នេះ នឹង​បន្ត​ស្នើ​ទៅ​បណ្តា​ប្រទេស​ដៃ​គូ​ខ្លួន នៅ អូតង់ ឲ្យ​ផ្តល់​នូវ​ការ​ធានា​ជា​លាយល័ក្ខ​អក្សរ ថា ប្រព័ន្ធ​ខែល​នោះ និង​ការ​វាតទី របស់​អូតង់ គឺ ឥត​តម្រង់​ប្រឆាំង​នឹង​រុស្ស៊ី​ប្រឆាំង​នឹង​សក្តានុពល​យុទ្ធសាស្ត្រ​រួម​របស់​រុស្ស៊ី​និង​អូតង់​ឡើយ។

ជុំវិញ​ស្ថានការណ៍​នៅ​ស៊ីរី រុស្ស៊ី​យល់​ថា​ ការ​ដែល​អគ្គលេខា​ធិការ​អូតង់ លោក Rasmussen ថ្លែង​ថ្ងៃ​នេះ​ដោយ​រំពឹង​ថា បក្សសម្ព័ន្ធ​នេះ មុខ​ជា​យល់​ព្រម ដំឡើង​កាំជ្រួច​មីស្ស៊ីល​អាមេរិកាំង ធុន Patriot នៅ​លើ​ដែន​ដី​ទួកគី ជាប់​នឹង​ស៊ីរី គឺ​មិន​បន្ធូរ​ឡើយ​បរិយាកាស​នៅ​ទី​នោះ តែ​ផ្ទុយ​ទៅ​វិញ វា​រឹតតែ​អូសទាញ​ស្ថានការណ៍​ឲ្យ​កាន់​តែ​តាន​តឹង​ទៅ​ទៀត។ ទួកគី​វិញ ដែល​សុំ​ឲ្យ​ដំឡើង​កាំជ្រួច​នោះ ប្រតិកម្ម​ថា សុំ​ឲ្យ​ដំឡើង​នេះ ព្រោះ​ខ្លួន​ជា​សមាជិក​អួតង់​ហើយ​ប្រទេស​ទី​៣​ណា ក៏​ដោយ ដែល​មិន​មែន​ជា​សមាជិក​អូតង់ គឺ​វា​ឥត​មាន​និស្ស័យ​ជាប់​នឹង​រឿង​នេះ​សោះ​ឡើយ។
 

ទាក់ទង​នឹង​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន រុស្ស៊ី​ស្នើ​ឲ្យ​ពិភាក្សា​ចង្កោម​បញ្ហា​ដែល​នឹង​ចោទ​ កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​គ្រោះ​ថ្នាក់​ភេរវនិយម​និង​ចរាចរណ៍​គ្រឿង​ញៀន ហូរ ចេញ​មក​ពី​ប្រទេស​នោះ​ដែល​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​គ្រប់​ប្រទេស​ទាំង​អស់​នៃ “ក្រុម​ប្រឹក្សា អូតង់-រុស្ស៊ី“ ក្រោយ​ពី​កងទ័ព​អូតង់​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទៅ​ក្នុង​ឆ្នាំ​២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ