អានតួអត្ថបទ
អាមេរិក

តំបន់​ឆ្នេរ​ប៉ែក​ខាងកើត​អាមេរិក​ជន់​លិច​ដោយ​ទឹក​សមុទ្រ ​នាំមកដោយព្យុះសង្ឃរា Sandy

ស្ថានភាព​ជាក់ស្តែង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ការព្យាករណ៍​ទុកមុន។ ព្យុះសង្ឃរា​Sandy មាន​កម្លាំង​បោកបក់​ខ្លាំង និង​នាំ​ទឹកសមុទ្រ​ទៅ​ជន់លិច​ទីក្រុង​មួយចំនួន ដែលស្ថិត​នៅឆ្នេរ​​ប៉ែក​ខាងកើត។ តាមតុល្យការ​ចុងក្រោយ ព្យុះកំណាច​Sandy បាន​សម្លាប់​មនុស្ស​១៣នាក់ នៅអាមេរិក និង​នៅកាណាដា។

ទឹកសមុទ្រ​ហូរ​ចូល​ទៅក្នុង​ផ្លូវ​រោង​រទេះភ្លើង​ក្រោមដី នៅក្នុង​ទីក្រុង​ញូវយ៉ក
ទឹកសមុទ្រ​ហូរ​ចូល​ទៅក្នុង​ផ្លូវ​រោង​រទេះភ្លើង​ក្រោមដី នៅក្នុង​ទីក្រុង​ញូវយ៉ក ©REUTERS
ផ្សាយពាណិជ្ជកម្ម

 

នៅពេល​ខ្យល់ព្យុះ​អ៊ីរ៉ែន​Irène បោកបក់​ទៅ​លើ​ទីក្រុង​ញូវយ៉ក កាលពី​ឆ្នាំមុន អ្នកទីក្រុង​ញូវយ៉ក​មាន​ការអាក់អន់​ចិត្ត​ដោយសារ​តែ​កម្រិត​ប្រកាស​អាសន្ន​របស់​សាលាក្រុង​មាន​លក្ខណៈ​តឹងតែង បើធៀប​នឹង​ថាមពល​ខ្យល់ព្យុះ​ដែល​ដោយពិតទៅ មានកម្រិត​ខ្សោយ។ ប៉ុន្តែ លើកនេះ ព្យុះសង្ឃរា​Sandy មិនត្រឹមតែ​បន្ថយឥទ្ធិពល​របស់ខ្លួនទេ ផ្ទុយទៅវិញ វាមាន​កម្លាំង​បោកបក់​កាន់តែខ្លាំង ជាងការព្រាងទុក។

ជាព្រឹត្តិការណ៍​កម្រ នឹង​មាន តំបន់​ភាគច្រើន ក្នុង​ទីក្រុង​ញូវយ៉ក និង​ទីក្រុង​Atlantic ក្នុង​រដ្ឋ​ញូវ ជេស៊ី (New Jersey) ត្រូវជន់លិច​ដោយ​ទឹកសមុទ្រ។ យោងតាម​អ្នកកាសែត​បារាំង​អន្តរជាតិ​RFI ប្រចាំ​នៅទីក្រុង​ញូវយ៉ក នៅភាគខាងត្បូង​សង្កាត់​Manhattan ទឹកជន់លិច​ផ្លូវ​ នៅកន្លែងខ្លះ មាន​កំពស់​មួយម៉ែត្រ។ មនុស្ស​ជាង ៣លាន​នាក់ នៅរដ្ឋ ​ញូវ ជេស៊ី គ្មាន​ភ្លើងប្រើប្រាស់។ ចំណែក ទីក្រុង​ពាណិជ្ជកម្ម​ញូវយ៉ក​មួយភាគ​ស្ថិតក្នុង​ភាពងងឹតសូន្យ មនុស្ស​រាប់លាន​នាក់​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់។ ជាក់ស្តែង ផ្ទះសម្បែង ជាង ៥សែន ក្នុង​សង្កាត់​Manhattan ត្រូវ​ដាច់​ចរន្ត​អគ្គិសនី ដោយសារ​តែ​រោងចក្រ​អគ្គិសនី​មួយ​កន្លែង ត្រូវ​ឆេះ​បំផ្លាញ ក្រោម​ឥទ្ធិពល​ព្យុះមហិមា​Sandy។

ទឹកជំនន់​សមុទ្រ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ទីក្រុង​ញូវយ៉ក​ប្រឈមមុខ​នឹង​ការខ្វះខាត​អគ្គិសនី។ អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​ជម្លៀស​អ្នកជម្ងឺ​ចេញពី​មន្ទីរពេទ្យ​មួយ​ក្នុង​សង្កាត់​ Manhattan ដោយសារ​តែ​ម៉ាស៊ីនភ្លើង​របស់​មន្ទីរពេទ្យ​មួយ​ត្រូវ​ខូច ដោយសារ​តែទឹកជន់លិច។ ក្នុង​ពេលជាមួយ​គ្នានេះ ទឹកជំនន់​សមុទ្រ​បាន​ហូរ​ចាក់​ចូល​ទៅក្នុង​រោង​រទេះភ្លើង​ក្រោមដី ចំនួន​៧ ក្នុង​ទីក្រុង​ញូវយ៉ក។ យោងតាម​នាយក​គ្រប់គ្រង​ផ្លូវគមនាគមន៍​ទីក្រុង​ញូវយ៉ក ក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន​ដែល​មាន​រយៈពេល ១០៨ឆ្នាំ នេះ​ជា​លើកទីមួយ ដែល​ប្រព័ន្ធ​រទេះភ្លើង​ក្រោមដី​ញូវយ៉ក​ត្រូវ​រងបំផ្លាញ​ដោយ​ទឹកជំនន់។ លើកនេះ គេ​ត្រូវការ​រយៈពេល​ជា​ច្រើនថ្ងៃ ដើម្បី​ស្តាផ្លូវរទេះភ្លើង​ក្រោមដី​ឡើងវិញ។ ភ្លាមៗ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​បាន​សម្រេច​ដាក់​ទីក្រុង​ញូវយ៉ក​ក្នុង​ស្ថានភាព​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ។

យោងតាម​អ្នកព្យាករ​ឧតុនិយម ព្យុះសង្ឃរា Sandy នឹង​បន្ត​បោកបក់​ទៅលើ​រដ្ឋ​ជាង ១២ ក្នុង​រយៈពេល​តែ​ពី​២៤ ទៅ ៣៦​ម៉ោង។ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា សម្រេច​បាន​ប្រកាស​ដាក់​រដ្ឋ​Massachusetts Connecticut Rhode Island New York New Jersey ក្នុង​ភាព​អាសន្ន ចំណែក​នៅទីក្រុង​វ៉ាស៊ីនតោន ការិយាល័យ​រដ្ឋាភិបាល​នឹង​ត្រូវ​បិទទ្វារ រហូត​ដល់​ថ្ងៃ​ពុធ​ទី ៣១ តុលា ២០១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ