អានតួអត្ថបទ
អាមេរិក

ព្យុះ​សង្ឃរា Sandy កំពុង​គំរាមកំហែង​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក

បណ្តា​រដ្ឋ នៅ​តាម​ឆ្នេរ​ប៉ែក​ខាង​កើត របស់​សហរដ្ឋ​អាមេរិក កំពុង​ប្រឈមមុខ​នឹង​ព្យុះសង្ឃរា​ដ៏ធំមួយ ឈ្មោះ Sandy។ ព្យុះសង្ឃរា​នេះ បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​ជិត ៦០នាក់​រួចមកហើយ នៅ​ហៃទី គុយបា និង​សាធារណរដ្ឋ​ដូមីនីក ហើយ​នៅពេល​ដែល​វា​​រំកិល​កាន់តែ​ជិត​ទៅដល់​ឆ្នេរសមុទ្រ​អាមេរិក ល្បឿនខ្យល់​​ក៏​​​កើនឡើង​កាន់តែខ្លាំង​ដែរ ដែល​កំពុងតែ​គំរាមកំហែង​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី។

រូបភាព​ថតដោយ​ផ្កាយរណប បង្ហាញ​ពី​ព្យុះសង្ឃរា Sandy ​ដែល​កំពុង​ធ្វើ​ដំណើរ​តម្រង់​ទៅ​ឆ្នេរ​ប៉ែក​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក
រូបភាព​ថតដោយ​ផ្កាយរណប បង្ហាញ​ពី​ព្យុះសង្ឃរា Sandy ​ដែល​កំពុង​ធ្វើ​ដំណើរ​តម្រង់​ទៅ​ឆ្នេរ​ប៉ែក​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក AFP PHOTO / NASA GOES PROJECT/
ផ្សាយពាណិជ្ជកម្ម

 

មន្រ្តីជំនាញ​ខាង​ឧតុនិយម​អាមេរិក​បាន​ព្យាករ​ថា ព្យុះសង្ឃរា Sandy នឹង​បក់ទៅដល់​ឆ្នេរ​អាមេរិក នៅ​ថ្ងៃ​ចន្ទ ហើយ​កម្លាំង​ខ្យល់​អាចនឹង​កើនឡើង ក្លាយ​ជា​ព្យុះសង្ឃរា​ដ៏ធំ​បំផុត ដែល​អាមេរិក​មិន​ធ្លាប់ជួប។

តំបន់​ដែល​​ព្យុះ Sandy ត្រូវ​ឆ្លងកាត់ ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន ហើយ​ប្រជាជន ដែលរស់នៅ​ក្នុង​តំបន់​នោះ​​បាន​នាំគ្នា​​ទិញ​ចំណីអាហារ និង​ទឹកស្អាត ដើម្បី​ស្តុកទុក ហើយ​​ខ្លះទៀត​ត្រូវបាន​ជម្លៀសចេញ​ទៅ​កន្លែង​សុវត្ថិភាព។ នៅទីក្រុង​ញូវយ៉ក អាជ្ញាធរ​កំពុង​តែ​ពិចារណា​បិទ​ចរាចរណ៍​រថភ្លើង​ក្រោមដី តាំងពី​យប់ថ្ងៃ​អាទិត្យ​នេះ​ទៅ ដោយ​បារម្ភក្រែងព្យុះ Sandy បង្ក​ជា​ជំនន់​ជន់លេច​រូងផ្លូវ​ក្រោមដី។

បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​រូប គឺ​ទាំង​លោក​អូបាម៉ា និង​លោក​រ៉ូមនី បាន​លុបចោល​មិទ្ទិញ​ឃោសនា​បោះឆ្នោត​មួយចំនួន នៅតាម​រដ្ឋ​ ដែល​ព្យុះ Sandy ត្រូវ​ឆ្លងកាត់ ដែល​ក្នុងនោះ មាន​រដ្ឋខ្លះ​ជា​រដ្ឋសំខាន់ សម្រាប់​ការបោះឆ្នោត​ នៅថ្ងៃ​ទី៦​វិច្ឆិកា​ខាងមុខនេះ។ ការ​លុបចោល ឬ​​​ផ្លាស់ប្តូរ​កាលវិភាគ ​នៃ​មិទ្ទិញ​ឃោសនាបោះឆ្នោត​នេះ ​ជា​បញ្ហាមួយ ក៏ប៉ុន្តែ បញ្ហា​ដែល​កាន់​តែ​គួរឲ្យ​ព្រួយបារម្ភ​ទៅទៀត សម្រាប់​បេក្ខជន​ប្រធានាធិបតី ជាពិសេស សម្រាប់​លោក​អូបាម៉ា គឺ​ការខូចខាត ដែល​នឹង​បង្កឡើង​ដោយ​ព្យុះ Sandy និង​សមត្ថភាព​របស់​រដ្ឋាភិបាល ក្នុងការ​ចាត់ចែង​ដោះស្រាយ​គ្រោះមហន្តរាយនេះ។

គេនៅចាំបានថា ព្យុះសង្ឃរា Katrina កាលពីឆ្នាំ​២០០៥ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ប៊ូស​​ទទួលរងនូវ​ការ​រិះគន់​មិនតិច​ទេ ជុំវិញ​ការ​ចាត់ចែង​​គ្រោះមហន្តរាយ​នេះ។ ដូច្នេះ ចង់មិនចង់ សំណួរ​ចោទឡើង​ថា តើ​ព្យុះ Sandy អាច​នឹង​បង្ក​បញ្ហា​ដល់​​លោក​អូបាម៉ា ដូចជា​ជា​ Katrina ចំពោះ​លោក​ប៊ូស​ដែរឬទេ?

ការស្ទាបស្ទង់មតិ​ជាទូទៅ​បង្ហាញ​ថា លោក​អូបាម៉ា និង​លោក​រ៉ូមនី កំពុងតែ​មាន​ប្រជាប្រិយភាព​ប្រហាក់​ប្រហែលគ្នា ហើយ​នៅ​សល់តែ​ជាង​១សប្តាហ៍​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត។ ដូច្នេះ បញ្ហា​តែ​បន្តិចណាមួយនោះ ក៏​អាច​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​លទ្ធផល​បោះឆ្នោត​បានដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ