អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​យាង​ចេញ​ពី​ប្រទេស ចំពេល​វិបត្តិ​នយោបាយ​ដោះស្រាយ​មិនចេញ

ព្រះមហាក្សត្រ​​សម្តេច​ព្រះមរមនាថ​ នរោត្តម​ សីហមុនី​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​ហើយ​នៅ​ព្រឹក​ថ្ងៃ​​ចន្ទ​នេះ​ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​ ព្រះអង្គ​ក៏​ត្រូវ​យាង​ចូល​រួម​ជា​អធិបតី​​ក្នុង​ពិធី​ប្រកួត​បាល់ទាត់​អាស៊ី​ នៅ​ទីក្រុង​ណាននីញ​ផងដែរ។​ ការយាង​ចេញ​ពី​​ប្រទេស​របស់​ព្រះអង្គ​​ បាន​ធ្វើ​ឡើង​​ចំ​ពេល​​ដែល​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ។

ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហនុ
ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហនុ @Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រ​ សម្តេច​ ព្រះមរមនាថ​ នរោត្តម​ សីហមុនី​ អម​ព្រះរាជ​ដំណើរ​ដោយ​ព្រះមាតា​ សម្តេច​​ព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ ​សីហនុ​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​ព្រះរាជ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន។​ ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ ​​មាន​​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រធាន​រដ្ឋសភា​ លោក ហេង ​សំរិន​ ព្រម​ទាំង​មន្ត្រី​​ជាន់ខ្ពស់​ និង​ក្រុម​គ្រួសារ​រាជវង្ស​ជាច្រើន​ទៀត។​

ការ​យាង​ចាក​ចេញ​ពី​ប្រទេស​នៅ​ពេល​នេះ ​​ត្រូវ​បាន​​គេ​ពន្យល់​ថា​ ​ព្រះ​មហាក្សត្រ​ត្រូវ​យាង​ទៅ​ទទួល​ការ​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​ពី​គ្រូពេទ្យ​ចិន​​នៅ​ទីក្រុង​ប៉េកាំង។ ​ព្រះអង្គ​​​ក៏​ត្រូវ​យាង​ជា​អធិបតី​ក្នុង​ពិធីប្រកួត​បាល់ទាត់​អាស៊ី​នៅ​ទីក្រុង​ណាននីញ​ តាម​ការ​យាង​អញ្ជើញ​របស់​មេដឹកនាំ​ចិន​ផង​ដែរ។ ​នេះបើ​យោង​តាម​ព្រះរាជសារ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ដដែល​នេះ។ ​ក្នុង​ពេល​អវត្តមាន​ពី​ប្រទេស​ ព្រះមហាក្សត្រ​បាន​ផ្ទេរ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ជូន​លោក ​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធសភា។​

អវត្តមាន​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ​ដែល​កើត​ឡើង​ចំពេល​ដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​មិនទាន់​អាច​ដោះស្រាយ​ចេញ​ បាន​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារ​ម្ភ​ថា​ កម្តៅ​នយោបាយ​អាច​កើន​ឡើង​​ថែ​មទៀត។ ​ម្យ៉ាង​ទៀត​ ការ​យាង​ចាក​ចេញ​ពី​ប្រទេស​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​​ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ បន្ទាប់​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​បាន​ជួប​នឹង​បរាជ័យ​ក្នុង​ការ​បង្កើត​គណៈកម្ម​ការ​ចម្រុះ​ដើម្បី​​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត។​

បញ្ហា​នេះ​បាន​នាំ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យ​ថា​ ព្រះអង្គ​អាច​នឹង​មិន​យាង​ធ្វើ​ជា​ព្រះរាជ​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​សភា​​លើក​ដំបូង​នោះ​ឡើយ​ ប្រសិន​បើ​គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំងពីរ​មិន​អាច​ស្វែង​រក​ការ​​ស្រុះ​ស្រួល​​គ្នា​ឲ្យបាន​​នៅ​មុន​ការ​កោះប្រជុំ​សភា​ដំបូង​ទេ​នោះ​។​ គេ​ក៏​មិន​ដឹង​ថា​ ព្រះមហាក្សត្រ​នឹង​យាង​ត្រឡប់​​មក​វិញ​នៅ​ថ្ងៃ​ណា​នោះ​ដែរ។​

យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​​ព្រះរាជសារ​ដដែល​ សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ បាន​សន្យា​ថា​ ព្រះអង្គ​នឹង​យាង​ត្រឡប់​​មក​មាតុប្រទេស​វិញ​ឲ្យ​ទាន់​កិច្ចប្រជុំ​សភា​ដំបូង​ ដើម្បី​ធ្វើជា​ព្រះរាជអធិបតី​ក្នុង​ពិធី​នោះ។​ កិច្ច​ប្រជុំ​​សភា​​ដំបូង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ ​ពោល​គឺ​រយៈ​ពេល​ ៦០​ ថ្ងៃ​ក្រោ​យ​ការ​បោះឆ្នោត​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។​
 

មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​មើល​ថា​ តើ​វិបត្តិ​នយោបាយ​អាច​ដោះស្រាយ​បាន​នៅ​មុន​កិច្ច​ប្រជុំសភា​ដំបូង​ដែរ​ឬទេ?​ ហើយ​តើ​ព្រះមហាក្សត្រ​ពិត​ជា​នឹង​យាង​មក​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​សភា​ដំបូង​​ តាម​ការ​គ្រោង​ទុក​ដែរ​ឬ​យ៉ាង​ណា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ