អានតួអត្ថបទ
កម្ពុជា

លោក ស៊ុយ សែម៖ តម្លៃ​ភ្លើង​ថ្លៃ​ជា​កង្វល់​របស់​រដ្ឋាភិបាល

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ លោក ​ស៊ុយ​ សែម ​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​​នៅ​ថ្ងៃ​នេះថា រដ្ឋាភិបាល​កំពុង​ព្យាយាម​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ប្រើប្រាស់​ថាមពល តាម​រយៈ​ការ​បង្កើត​រោងចក្រ​អគ្គិសនី និង​ការ​បញ្ជូន​ខ្សែ​បណ្តាញ​មេ​អគ្គិសនី​ទៅ​ដល់​ជនបទ។ រដ្ឋាភិបាល​មាន​ផែនការ​អោយ​ពលរដ្ឋ​គ្រប់​គ្នា​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​២០២០។

លោក ស៊ុយ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល
លោក ស៊ុយ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល ©rfi-ដឺលុច
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ទទួល​បន្ទុក​​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល លោក​ ស៊ុយ សែម ​បាន​អះអាង​ថា រដ្ឋាភិបាល​បាន​មាន​កង្វល់​អំពី​ការ​តម្លៃ​អគ្គិសនី​ខ្ពស់ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កំពុង​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយ​តម្លៃ​អគ្គិសនី​នៅ​តាម​គេហដ្ឋាន​នោះ​ថយ​ចុះ។ នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​អោយ​គ្រប់​តំបន់​ជនបទ​ក្នុង​ប្រទេ​ស​កម្ពុជា​មាន​ថាម​ពលអគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ២០២០នោះ លោក​ស៊ុយ សែម​បាន​ពន្យល់​ថា សព្វថ្ងៃ​នេះរដ្ឋាភិបាល​កំពុង​បង្កើត​រោងចក្រ​អគ្គិសនី​ខ្នាត​ធំ និង​បញ្ចូន​បណ្តាញ​ខ្សែ​អគ្គិសនី​ទៅ​តាម​ខេត្ត និង​ជន​បទ។

បើ​តាម​ការ​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល ដោយសារ​តែ​គ្មាន​រោងចក្រធំ និង​គ្មាន​ខ្សែ​បណ្តាញ​មេ​ពី​រោងចក្រ​ធំ​នោះ​ហើយ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ត្រូវប្រើប្រាស់​រោងចក្រ​អគ្គិសនី​ខ្នាត​តូច​។ ហើយ​ថា​រោងចក្រ​ខ្នាត​តូច​ទាំងនោះ​បាន​ប្រើប្រាស់​ប្រេង​ម៉ាស៊ូតដែល​ពេល​ខ្លះ​មាន​តម្លៃថ្លៃ​ដើម្បីដំណើរការ​មាស៊ីន​ផលិត​ថាម​ពល ហើយ​ដែល​ធ្វើ​អោយ​តម្លៃ​អគ្គិសនី​ឡើង​ថ្លៃ​សម្រាប់​អ្នក​ប្រើប្រាស់​នោះ។

រដ្ឋមន្ត្រី​កំពុង​និយាយ​អំពីស្ថានភាព​អគ្គីសនី ចំ​ពេល​ដែល​អគ្គិស​នី​ជាតិ​កម្ពុជា​បាន​ប្រកាស​ឡើង​តម្លៃ​ប្រើប្រាស់​ថាម​ពល​សម្រាប់​ប្រភេទ​នៃ​ការ​ប្រើប្រាស់​មួយ​ចំនួន​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ថ្មី​នេះទៀត អគ្គិសនី​កម្ពុជា​ក៏​ទើប​ជូន​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​កំពង់ស្ពឺ​អំពី​ការ​កាត់ផ្តាច់​ចរន្ត​អគ្គីសនី​​តាមវេន ​​ដោយសារ​តែ​ការ​ខ្វះខាត​ទឹក​សម្រាប់​ដំណើរ​ការ​រោងចក្រ​វារី​អគ្គិសនី​​នៅ​គិរីរម្យ និងនៅ​​ស្ទឹង​កំចាយ។ ហើយ​ថា​ការ​កាត់ផ្តាច់​នេះនឹង​អាច​មាន​រយៈ​ពេល​រហូត​ដល់​ខែ​មិថុនាឆ្នាំ​ក្រោយ​ឯណោះ។

សេចក្តីជូនដំណឹង​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា បាន​បញ្ជាក់ថា​ប្រាប់​អ្នកប្រើប្រាស់​ថា បញ្ហា​កង្វះ​ខាត​ថាម​ពល​អគ្គិសនី​នឹង​ត្រូវ​កាត់​បន្ថយ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ក្រោយ​នេះទៅ ពីព្រោះ​រោងចក្រ​ផលិត​អគ្គិសនី​ជាច្រើន​កន្លែង​នឹង​ត្រូវ​បើក​អោយ​ដំណើរការ​ផលិត​អគ្គិសនី​ជា​បន្ត​បន្ទាប់គ្នា។

រដ្ឋមន្ត្រី​ឧស្សាហកម្ម លោក​ស៊ុយ សែម​បាន​ប្រាប់​អោយដឹង​ថា សព្វថ្ងៃ​ថាម​ពល​ប្រើប្រាស់​សរុប​នៅ​ក្នុង​រាជធានី​មាន​ប្រមាណ​៤០០​មេហ្កាវ៉ាត់ និង មាន​ជិត​១០០០​មេហ្កាវ៉ាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ