អានតួអត្ថបទ
រុស្ស៊ី អាមេរិក

អឺរ៉ុប និង អាមេរិក​ទិតៀន​រុស្ស៊ី​ដែល​មិនព្រម​ចុះ​ឈ្មោះបក្ស​ប្រឆាំង​ថ្មី

បក្សប្រឆាំងថ្មីនោះ មានឈ្មោះថា “បក្ស​សេរីភាព​ប្រជាជន” ហៅកាត់​ជា ភាសា​រុស្ស៊ី ថា PARNAS ទើប​បានត្រូវ​ក្រសួង​យុត្តិធម៌​រុស្ស៊ី ប្រកែក​ពុំព្រម​ចុះឈ្មោះ​ក្នុង​បញ្ជីខ្លួន ក្រោម​លេសថា មិនបាន​បំពេញ​តាម​បែបបទ ដែល​ទាមទារ​ដោយ “ច្បាប់ស្តី​អំពី​គណបក្ស នយោបាយ” នៅរុស្ស៊ី។ ប៉ុន្តែ តាម​យោបល់​ពួក​អ្នកដឹកនាំ​បក្ស​ថ្មីនេះ ការសម្រេចចិត្ត​របស់ ក្រសួង​យុត្តិធម៌​មិនមាន​លក្ខណៈ​គតិយុត្ត​ឡើយ វាជា​ការសម្រេចចិត្ត​នយោបាយ​សុទ្ធសាធ។

ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង នាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក​ពូទីន
ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង នាយករដ្ឋមន្រ្តី​រុស្ស៊ី​លោក​ពូទីន ©REUTERS/Denis Sinyakov
ផ្សាយពាណិជ្ជកម្ម

 

ជាការកត់សម្គាល់ ជំហរ​អវិជ្ជមាន​ពី​ខាង​ក្រសួង​យុត្តិធម៌ គឺ​មានន័យ​ថា បក្ស​ប្រឆាំង​នោះ មិន​អាច​ចូល​ប្រឡូក ក្នុង​ការបោះឆ្នោត​ជ្រើសរើស​សភាឌូម៉ា នីតិកាលថ្មី នៅចុង​ឆ្នាំ​២០១១​នេះទេ។

ប្រតិកម្មពី​ខាង​ស.រ.អា. សំដែង​ដោយ​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស Hillary Clinton ដែល​ថា ទីក្រុង​វ៉ាស៊ីនតោន​ខកចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រសួង​យុត្តិធម៌​រុស្ស៊ី ដោយ​ចោទ​ជា សំនួរ​ទៅ​ផង “ តើ​ការសម្រេច​ចិត្ត​នេះ វា​ឆ្លើយ​សមស្រប ដោយ​របៀបណា​ដែរ នឹង កាតព្វកិច្ច​អន្តរជាតិ​របស់​រុស្ស៊ី នឹង​សេចក្តីថ្លែងការណ៍​ក្តែងៗ របស់​ថ្នាក់ដឹកនាំ​រុស្ស៊ី។ ស.រ.អា. អំពាវនាវ​សុំ​ឲ្យ​ទីក្រុង​ម៉ូស្គូ ឲ្យ​ធ្វើការ​ស៊ើបអង្កេត អំពី​ករណី​រំលោភ​បំពាន​លើ​ច្បាប់ បណ្តាល​មកពី​ក្រសួង​យុត្តិធម៌​រុស្ស៊ី​មិនចុះ​ឈ្មោះ បក្ស​ប្រឆាំង​ក្នុង​បញ្ជី​ខ្លួន។

ចំណែក​លោកស្រី Catherine Ashton ដែល​ជា​ឧត្តម​តំណាង​របស់​សហភាពអឺរ៉ុប ខាង នយោបាយ​ក្រៅ​ប្រទេស ថ្លែង​ថា ការ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ពុំ​ព្រមចុះ​ឈ្មោះ​បក្សប្រឆាំង ក្នុង​បញ្ជីខ្លួន គឺ​ស ឲ្យ​ឃើញ​ថា នៅរុស្ស៊ី នៅមាន​ជាក់លាក់​មែន ឧបសគ្គ​ដែល​រាំងរា​ដល់ ការអភិវឌ្ឍន៍ “ប្រព័ន្ធ​នយោបាយ​ពហុបក្ស“  ដែល​បំបិទ​លទ្ធភាព សម្រាប់​ធ្វើការ​ប្រជែងគ្នា រវាង គណបក្ស​នយោបាយ​និន្នាការ​ប្លែកៗ និង​ដែល​ពង្រួញ​ឲ្យ​ខើចទៅ ជម្រើស ដែល​ត្រូវស្ថិត នៅពីមុខ​បណ្តាជន​ម្ចាស់ឆ្នោត។

បក្ស​ប្រឆាំង​ថ្មី ឈ្មោះ PARNAS បាន​ត្រូវបង្កើត​ឡើង កាលពីខែ​ធ្នូ ឆ្នាំទៅមិញ។ វាដឹកនាំ​ដោយ​ពួក​អ្នកនយោបាយ មាន​ទំនោ​ស្តាំ បស្ចិមលោក​និយម ពោលគឺ អតីត​នាយករដ្ឋមន្ត្រីKasyanov អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​អតីត​អភិបាល​ខេត្ត Niemtsov ដែល​ល្បី​ខាង​ទាមទារ ពី​លោក​នាយករដ្ឋមន្ត្រី Poutine ឲ្យ​លាចេញ​ពី​តំណែង​ទៅ ក្រោមពាក្យ​ស្លោក​ថា “ប្រទេស​រុស្ស៊ី​ឥត​ត្រូវការ​ឲ្យ​មាន​ឈ្មោះ Poutine ដឹកនាំ​ឡើយ“។

លោកសហប្រធាន​ទាំងពីរ​នាក់ នៃ​បក្ស​ប្រឆាំង​ថ្មី​នោះ សុទ្ធតែ​ចោទ​លោក Poutine ថា ជា​អ្នកស្ថិតនៅ​ពីក្រោយ ការសម្រេចចិត្ត​របស់​ក្រសួង​យុត្តិធម៌ ពីព្រោះ តាមសំដី​គេ គេចេះ​បំពេញ រួចទៅហើយ តាម​ការទាមទារនៃ “ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ” នៅរុស្ស៊ី ដែលចែង​ថា ដើម្បី​ក្លាយជា​គណបក្ស​នយោបាយ​ទៅកើត វាត្រូវ​មាន​សមាជិក យ៉ាងហោច​ណាស់ ៤៥.០០០នាក់ និង​មាន​សាខា ដំណើរការ​ប្រចាំ នៅតាម​ខេត្ត កុំឲ្យ​តិចជាង ចំនួន​ពាក់កណ្តាល នៃ​ខេត្ត​ទាំង៨៣ របស់​ប្រទេស​រុស្ស៊ី បាន​ន័យ​ថា កុំឲ្យ​តិច​ជាង ចំនួន ៤២ខេត្ត។ រីឯ បក្សប្រឆាំង របស់គេ ឈ្មោះ PARNAS មាន​សមាជិក ដល់ទៅ ៤៦.១៥៨នាក់ និង​មាន​សាខា ប្រចាំ​នៅតាម ៥៣​ខេត្ត​ឯណោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ