អានតួអត្ថបទ
អាល្លឺម៉ង់-រុស្ស៊ី

អាល្លឺម៉ង់​លុប​ចោល​​គម្រោង​យោធា​១០០​លាន​ជាមួយ​រុស្ស៊ី

រដ្ឋាភិបាល​អាល្លឺម៉ង់​ បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ទី ៤ សីហា​នេះ កប់​ចោល​គម្រោង​យោធា​មួយ​ជា​មួយ​ក្រុមហ៊ុន​​​ជាតិ​រុស្ស៊ី Rheinmetall ដើម្បី​បញ្ជាក់​ពី​ជំហរ​ដាច់​ខាត​របស់​អាល្លឺម៉ង់​ចង់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ក្នុង​វិបត្តិ​អ៊ុយក្រែន។ ម្យ៉ាង​វិញ​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​លុប​ចោល​​ផែនការ​យោធា​​ជាមួយ​រុស្ស៊ី​ដូច្នេះ អាល្លឺម៉ង់ សង្ឃឹម​ថា​សមាជិក​សហភាព​អឺរ៉ុប​ យក​គំរូ​តាម​ ដោយ​ហាមឃាត់​ ឬ​ឈប់​លក់​ និង​ប្រគល់​អាវុធ​​ទៅ​រុស្ស៊ី​ ទោះបី​ជា​បាន​ព្រមព្រៀង​គ្នា​ពី​មុន​យ៉ាង​ណា​ក៏​ដោយ។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine ជួប​សាក​សួរ​ពល​ទាហាន​
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine ជួប​សាក​សួរ​ពល​ទាហាន​ REUTERS/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឮ​ចុះ​ផ្សាយ​តាម​កាសែត គឺនៅ​ថ្ងៃ​ចន្ទនេះ​តែ​ម្តង​ដែល​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​​​បញ្ជាក់​ព័ត៌មាន​ថា​រដ្ឋាភិបាលបាន​ដក​សេចក្តី​អនុញ្ញាត​លែង​ឱ្យ​មាន​គម្រោង​យោធា​ជាមួយ​រុស្ស៊ី។ គម្រោង​​​​បង្កើត​មជ្ឈមណ្ឌល​​ ដែល​​មាន​បំពាក់​សម្ភារៈ​បរិក្ខារ​ទំនើបៗ សម្រាប់​បំពាក់បំប៉ន​កង​កម្លាំង​ទាហាន​រុស្ស៊ី ប្រមាណ​បី​ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំៗ គ្រោង​នឹង​បើក​ទ្វារ​ទទួល​សិស្ស​ទាហាន នៅ​វិស្សមកាល​ឆ្នាំ​នេះ ប៉ុន្តែដោយ​ហេតុ​តែ​វិបត្តិ​អ៊ុយក្រែន​ លោក Gabriel រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​បង្អាក់​​​ដំណើរ​ការ​គម្រោង​យោធានេះ ជា​រហូត​មក​​ តាំង​ពី​ខែ​មីនា​ ដោយរង់​ចាំ​ ទាល់​តែ​មាន​សេចក្តី​សម្រេចចិត្តថ្មី។ ​

 
បញ្ជា​ថ្មី គឺ​លុប​ចោល​តែ​ម្តង ! ហេតុផល​នៃ​ការ​លុប​ចោល​គម្រោងយោធា​ ទំហំ​ប្រមាណ​១០០​លាន​អឺរ៉ូ​នេះ ក៏​ព្រោះ​តែ​អាល្លឺម៉ង់​យល់​ថា​ស្ថានភាព​បច្ចុប្បន្ន​ អាល្លឺម៉ង់​មិន​អាច​ការពារ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​បាន​ ប្រសិន​បើ​ប្រគល់​ទៅ​ឱ្យ​ម៉ូស្គូ។ បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ ចំណែកដែល​ប្រគល់​ទៅ​ឱ្យ​រួច​ហើយ មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ទេ ហើយ​ខាង​ភាគី​រុស្ស៊ី​ ដែល​មិន​អាច​ទាក់ទង​បាននៅ​ថ្ងៃ​នេះ អាច​នឹង​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផង។

ជាមួយ​នឹង​ការ​ហាមឃាត់​​មិន​ឱ្យ​មាន​កិច្ច​សន្យា​យោធា​ជាមួយ​រុស្ស៊ី​បែប​នេះ មក​ពី​ប៊ែរឡាំង​ ចង់​បង្ហាញ​ពី​ជំហរ​ដាច់​ខាត​របស់​អាល្លឺម៉ង់​ ដែល​ធ្វើ​ខ្លាំង​ជាង​របប​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប កាលពី​សប្តាហ៍​មុន​ទៅទៀត។ អាល្លឺម៉ង់​ពិត​ជាចង់​​បិទ​ផ្លូវមិន​ឱ្យ​អឺរ៉ុប​ធ្វើ​ការ​នាំ​ចេញ​គ្រឿង​សព្វាវុធ​ទៅ​រុស្ស៊ី​ទេ ប៉ុន្តែ​មិន​សំដៅ​លើ​ករណី​​កិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​​ទេ។ នេះ​មាន​ន័យ​ថា​បើ​ទោះ​បី​ជា​អាល្លឺម៉ង់​ រិះគន់​និងបន្ទោស​បារាំង​ជា​ញឹក​ញយ​ក៏​ដោយ ក៏​បារាំង​នៅ​តែ​ជ្រើសរើស​ប្រគល់​នាវា​ចម្បាំង​ផ្ទុក​យន្តហោះ​មីស្រ្តាល់​ទៅ​ឱ្យ​រុស្ស៊ី តាម​ការ​គ្រោង​ទុក​ដដែល ព្រោះ​ពុំ​នោះ​ទេ បារាំង​នឹង​ត្រូវ​រង​​ពិន័យ​ពីរុស្ស៊ី​ ក្នុង​ទំហំ​ទឹក​ប្រាក់​​​ដល់ទៅ​១ពាន់​លាន​អឺរ៉ូ។

ចំណែក​ខាងអាល្លឺម៉ង់ ក៏​​មិន​បិទ​ផ្លូវ​ខ្លួន​ឯង​ទាំងស្រុង​ដែរ​ អាល្លឺម៉ង​សង្ឃឹម​ថា​នឹង​អាច​វិល​មក​រក​គម្រោង​យោធា​ជាមួយ​រុស្ស៊ី​នេះវិញ ប្រសិន​បើ​ស្ថានការណ៍​ប្រសើរ​ឡើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ