លោកអាស្តុន កាទ័រ៖ប្រទេសអាស៊ីងាករកអាមេរិកឲ្យជួយទប់ចិន
លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកអាស្តុន កាទ័រផ្តើមទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនចាប់ពីថ្ងៃអាទិត្យ ទី១០ មេសានេះ។ នៅមួយថ្ងៃមុនចេញដំណើរ លោកអាស្តុន កាទ័របានបញ្ជាក់ថា ដោយសារតែជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង មានប្រទេសអាស៊ីកាន់តែច្រើន ពិសេសប្រទេសដែលមានជម្លោះផ្ទាល់នឹងចិនបានរត់មកពឹងអាមេរិកឲ្យជួយតាមរយៈការពង្រឹងទំនាក់ទំនងយោធា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៧
ដោយមិននិយាយចំឈ្មោះប្រទេសអាស៊ីណាមួយ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកអាស្តុន កាទ័រគ្រាន់តែបានគូសបញ្ជាក់ថា មានប្រទេសអាស៊ីសឹងតែទាំងអស់បានសំណូមពរឲ្យអាមេរិកជួយគិតគូរបន្ថែមទៀតក្នុងបញ្ហាសន្តិសុខជាលក្ខណៈទ្វេភាគី ឬមួយជាពហុភាគី។ ការលើកឡើងរបស់លោកអាស្តុន កាទ័រយ៉ាងដូចនេះបានធ្វើឡើង ចំពេលដែលចិនបាន និងកំពុងទាមទារកាន់កាប់ផ្តាច់មុខនូវទីប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូងប្រឈមនឹងបណ្តាប្រទេសអាស៊ីផ្សេងទៀតក្នុងតំបន់ ពិសេសហ្វីលីពីន និងវៀតណាម។ ចិនបានបង្ហាញសាច់ដុំរបស់ខ្លួនតាមរយៈការសាងសង់កោះសិប្បនិម្មិតដែលបំពាក់ដោយកំពុងផែ ព្រលានយន្តហោះ និងការដាក់ពង្រាយគ្រឿងសព្វាវុធ។
យុទ្ធសាស្រ្តរបស់ចិនរបៀបនេះត្រូវបានអាមេរិកបរិហារដោយបានស្នើចិនឲ្យដោះស្រាយជម្លោះជាមួយប្រទេសពាក់ព័ន្ធដោយសន្តិវិធី។ តែចិនមិនដែលខ្វល់ខ្វាយ ព្រមទាំងព្រមានអាមេរិកកុំឲ្យលូកដៃជ្រៅពេកនៅក្នុងបញ្ហានេះ។ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកអាស្តុន កាទ័របានអះអាងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហាក់ដូចជាលែងលាក់កំបាំងពីក្តីបារម្ភរបស់ខ្លួន និងបានចេញមុខបរិហារចិនជាសាធារណៈ និងជាលក្ខណៈឯកជននៅក្នុងកិច្ចប្រជុំតំបន់ ក៏ដូចជានៅក្នុងកិច្ចប្រជុំអន្តរជាតិធំៗ។
យោងតាមលោកកាទ័រ មានថ្នាក់ដឹកនាំកំពូលក្នុងប្រទេសអាស៊ីខ្លះបានទៅពឹងអាមេរិកឲ្យជួយការពារខ្លួនប្រឈមទប់នឹងចិន ព្រមទាំងស្នើអាមេរិកឲ្យចេញមុខការពារច្បាប់អន្តរជាតិ និងគោលការណ៍ច្បាប់មួយចំនួននៅក្នុងតំបន់។ លោកកាទ័របានរម្លឹកជាថ្មីថា ភាពតានតឹងក្នុងតំបន់ និងក្តីបារម្ភរបស់ប្រទេសអាស៊ីបានជំរុញឲ្យអាមេរិកបង្កើនបន្ថែមទៀតនូវសមត្ថភាពយោធារបស់ខ្លួន។
ថ្មីៗនេះ អាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងដើម្បីជាសញ្ញាចង់ប្រាប់ចិនថា សមុទ្រចិនខាងត្បូងជាដែនទឹកអន្តរជាតិដែលគ្មានប្រទេសណាមួយអាចយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ