អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ អះអាងថាខ្លួនឯង ជាមនុស្សពូកែគ្មានពីរ មិនមែនមានរោគចិត្តដូចគេចោទទេ

២ថ្ងៃមកនេះ វិមានប្រធានាធិបតីសហរដ្ឋអាេមរិក កំពុងរង្គោះរង្គើជាខ្លាំង ក្រោយការចេញផ្សាយ​ នូវសៀវភៅ Fire and Fury ដែលបានសរសេររៀបរាប់ អំពីបុគ្គលិកលក្ខណៈ អត្តចរិក និងសមត្ថភាពរបស់លោកដូណាល់ ត្រាំ។ នៅថ្ងៃសៅរ៍ ទី៦មករា ជាការឆ្លើយតប ទៅនឹងពាក្យចចាមអារ៉ាម​ ដែលថាខ្លួនមានបញ្ហាសរសៃប្រសាទនោះ លោកដូណាល់ ត្រាំ បានចេញមុខប្រកាសថា លោកគ្មានរោគផ្លូវចិត្តអ្វីទេ ផ្ទុយទៅវិញ លោកគឺជាមនុស្សដ៏ពូកែបំផុតគ្មានគូប្រៀប។

លោក Donald Trump
លោក Donald Trump ©REUTERS/Carlos Barria/File Photo
ផ្សាយពាណិជ្ជកម្ម

ដូចសព្វមួយដង លោកដូណាល់ ត្រាំ បានប្រើប្រាស់ ទំព័រ Twitter ដើម្បីធ្វើការប្រកាសពីសំដីរបស់ខ្លួន ប្រតិកម្មតប ទៅហ្នឹងការចោទប្រកាន់ ឬរិះគន់ណាមួយ។ លើកនេះ គឺទាក់ទិននឹងពាក្យចចាមអារ៉ាម ស្តីពីបញ្ហាផ្លូវចិត្ត អត្តចរិក ព្រមទាំងសមត្ថភាពដឹកនាំប្រទេសរបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំបាន សរសេរ ឆ្លើយតបថា ពីមហាសេដ្ឋី ពីអ្នកជំនួញដ៏ជោគជ័យម្នាក់ លោកបានក្លាយជាពិធីករកម្មវិធីទូរទស្សន៍ ដ៏មានប្រជាប្រិយ។ ហើយគ្រាន់តែលោក ដាក់បេក្ខភាពឈរឈ្មោះ បោះឆ្នោតជាប្រធានាធិបតីអាមេរិកភ្លាម ក៏ជាប់ភ្លាមតែម្តង។ ជោគជ័យទាំងអស់នេះ គឺមានន័យថាលោក គឺជាមនុស្សពូកែ​ និងឆ្លាតវៃបំផុត ទាំងមានសមត្ថភាព និងទាំងមានអត្តចរិកនឹងនរ។

សំណេរទាំងប៉ុន្មានម៉ាត់នេះ គឺជាសំដីដែលលោកដូណាល់ ត្រាំ បានអួតសរសើរខ្លួនឯង ដើម្បីឆ្លើយ​តបទៅនឹង​ ពាក្យចចាមអារ៉ាម នៅក្រោយពេលដែលសៀវភៅ Fire and Fury បានចេញផ្សាយ។ ជាច្រើនខែមកហើយ ដែលមានពាក្យចចាមអារ៉ាម លេចឮពីមនុស្សដែលធ្លាប់បានស្គាល់ និងធ្លាប់ធ្វើការជាមួយលោកដូណាល់ ត្រាំ ដែលសុទ្ធតែអះអាងថា លោកដូណាល់ ត្រាំ មានចរិកដូចកូនក្មេង ឆេវឆាវ ចង់បានអ្វីត្រូវតែបានភ្លាម និងជាមនុស្សសួនតួនិយម គិតតែពីខ្លួនឯងម្នាក់គត់។ សៀវភៅ ដែលទើបតែចេញផ្សាយនេះ ក៏បានលើកឡើង អំពីសម្តីអះអាងរបស់សាក្សី​ ជាច្រើននាក់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោក Michael Wolff អ្នកនិពន្ធសៀវភៅនេះ បានអះអាងថា លោកដូណាល់ ត្រាំ ជាមនុស្សមិនចូលចិត្តអានសៀវភៅ ឬឯកសារអ្វីទេ គឺចូលចិត្តតែមើលទូរទស្សន៍។ ប្រការនេះ គឺជារៀងគួរឲ្យព្រួយបារម្ភណាស់ បើប្រធានាធិបតីអាមេរិក មួយទាំងមូល មិនអានសៀវភៅ មើលតែទូរទស្សន៍ តើបានចំណេះដឹង មានការ​យល់ឃើញ​ឯណា ដើម្បីដឹកនាំប្រទេស និងសម្រេចកិច្ចការជាតិ និងអន្តរជាតិ​បានទៅ។ អ្នកនិពន្ធសៀវភៅនេះ ដែលធ្លាប់បានជួបសំភាសន៍លោកដូណាល់ត្រាំ ជាច្រើនម៉ោងផងនោះ បាននិយាយបន្ថែមថា លោកដូណាល់ ត្រាំ មានអក្ការៈវង្វេងៗ និយាយច្រំដែល ហើយចិត្តច្រើន ដូចជាកូនក្មេងអញ្ចឹង។

គួរកត់សម្គាល់ថា សៀវភៅ Fire and Fury នេះ កំពុងធ្វើឲ្យអាណត្តិប្រធានាធិបតី របស់លោកដូណាល់ ត្រាំ ជួបគ្រោះអាសន្នដ៏ធំ។ គ្រាន់ចេញផ្សាយមិនទាន់បាន២ថ្ងៃស្រួលបួលផង សៀវភៅនេះ ត្រូវអ្នកអានតម្រង់ជួរ ដណ្តើមគ្នាទិញ ពីបណ្ណាគារ អស់រលីងពីស្តុក។ ភាពល្បីល្បាញរបស់សៀវភៅនេះ មួយផ្នែកគឺ ដោយសារ​តែ​លោកដូណាល់ ត្រាំខ្លួនឯងនេះតែម្តង ព្រោះលោកធ្លាប់ប្រើគ្រប់មធ្យោបាយ ដើម្បីហាមឃាត់សៀវភៅនេះ មិនឲ្យចេញលក់បាន។ តែទីបំផុត សៀវភៅនេះ ត្រូវបានបោះពុម្ពលក់ ហើយអ្នកអានរិតតែចង់អាន ព្រោះចង់ដឹងថា វាមានសរសេរអ្វីខ្លះទៅ បានជាលោកដូណាល់ ត្រាំ មិនចង់ឲ្យគេបោះពុម្ពវា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ