អានតួអត្ថបទ
ប្រេងកាត-សហរដ្ឋអាមេរិក

ដូណាល់ ត្រាំ ដំឡើង​សំឡេង​ដាក់ OPEP ​ដោយ​ចោទ​ថា ធ្វើឲ្យ​ប្រេង​ឆៅ​ឡើង​ថ្លៃ

លោកដូណាល់ ត្រាំ ទើបតែបានសរសេរសារ លើទំព័រTwitter ដោយចោទថាប្រេងឆៅឡើងកាន់តែថ្លៃ គឺដោយសារតែអង្គការនៃក្រុមប្រទេសអ្នកនាំប្រេងចេញ ហៅកាត់ថា OPEP។ តម្លៃប្រេងឆៅកាន់តែឡើងនេះ បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅអាមេរិក ឡើងថ្លៃខ្លាំងដែរ។ សារចោទប្រកាន់របស់ លោកប្រធាធិបតីអាមេរិក ត្រូវបានអ្នកជំនាញខ្លះ លើកឡើងថា​ ប្រេងឆៅឡើងថ្លៃ គឺដោយសារតែ គោលនយោបាយរបស់លោកដូណាល់ ត្រាំខ្លួនឯងទេតើ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

"តម្លៃប្រេងឆៅ ខ្ពស់ខ្លាំងណាស់ គឺពិតជាអង្គការ OPEP ទៀតហើយ ដែលជាអ្នកនៅពីក្រោយរឿងនេះ។ មិនល្អសោះ!” ។ នេះគឺជាសារ ដែលលោក ដូណាល់​ត្រាំ បានសរសេរ នៅលើទំព័រ Twitter។ សាររបស់លោកដូណាល់ ត្រាំ គឺធ្វើឡើង នៅប៉ុន្មានថ្ងៃ​ មុនមានកិច្ចប្រជុំយុទ្ធសាស្ត្រ របស់ប្រទេសសមាជិកនៃអង្គការនេះ នៅឯទីក្រុងវីយែន។ គួរក់តសម្គាល់ដែរថា កាលពីខែមេសាកន្លងទៅ លោក ដូណាល់ ត្រាំ ក៏បានចោទ អង្គការ OPEP រួចម្តងដែរ ថាបានបំប៉ោងតំលៃប្រេង ឲ្យនៅខ្ពស់ ហើយធ្វើឲ្យតម្លែប្រេងឥន្ធនៈនៅអាមេរិក ឡើងទៅតាមនោះដែរ។

ជាការពិត ការចោទប្រកាន់របស់លោកដូណាល់ ត្រាំនេះ បើនិយាយមួយជ្រុង ក៏មិនជាខុសដែរ ព្រោះថា កម្មវត្ថុការងាររបស់អង្គការប្រទេសអ្នកនាំប្រេងចេញ ហៅកាត់ថា OPEP គឺធ្វើយ៉ាងណា​ជួប​សហការគ្នា កាត់បន្ថយស្តុក មិនត្រូវផលិតប្រេងឆៅឲ្យលើសពីតម្រូវការទីផ្សារ។ ធ្វើយ៉ាងនេះ គឺរក្សាតម្លៃប្រេងឆៅ ឲ្យបានខ្ពស់ កុំឲ្យធ្លាក់ចុះថោក។ តែយ៉ាងណា ក៏ដោយ លោក Matt Smith អ្នកវិភាគនៅ Clipper Data បានលើកឡើងថា វាចំលែកដែរ ដែលលោកដូណាល់ ត្រាំ ព្យាយាមទំលាក់កំហុសទៅលើអ្នកដ៍ទៃ ទាក់ទិននឹងតម្លៃប្រេងឡើងថ្លៃនេះ។ ធាតុពិត ប្រេងឆៅឡើងថ្លៃ គឺជាផលវិបាក នៃការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំនេះឯង។ ការសម្រេចរបស់លោកត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានធ្វើឲ្យទីផ្សារផលិតប្រេងរបស់អ៊ីរ៉ង់ រួមតូចខ្លាំង ធ្វើឲ្យចំនួនស្តុកក្នុងទីផ្សារមានកាន់តែតិច ហើយតម្លៃក៏ត្រូវកើនទៅតាមនោះ។

ដូចគ្នាដែរ លោក Bart Malek អ្នកជំនាញនៅ TD Securities បានលើកឡើងថា គោលនយោបាយការបរទេសរបស់លោកដូណាល់ ត្រាំ ទាក់ទិននឹងតំបន់ដើមបូព៌ា បានជះឥទ្ធិពលដោយផ្ទាល់ ទៅ​លើ​ការ​ឡើងចុះ​ ​នៃតម្លៃប្រេងឆៅ។ លោកអះអាងថា ការចោទប្រកាន់មកលើអង្គការ OPEP ថាជាអ្នកធ្វើឲ្យប្រេងឡើងថ្លៃនេះ គឺគ្រាន់តែយុទ្ធសាស្ត្រ ដើម្បីដាក់សំពាធ មកលើអង្គការនេះ ដើម្បីឲ្យប្រទេសផលិតប្រេង កាត់បន្ថយស្តុកបន្ថែមទៀត។

គួររំលឹកថា តម្លៃប្រេងបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៦ នៅត្រឹមតែ៥០ដុល្លារ ក្នុងមួយធុងបារីល។ តែពេលនេះ បានឡើងដល់៨០ដុល្លារ ក្នុងមួយធុង។ តម្លៃឡើងនេះ ដោយសារតែប្រទេសសមាជិក​OPEP បានព្រមព្រៀងគ្នា កាត់បន្ថយការផលិត។ ជាងនេះទៅទៀត ជាមួយនឹងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ របស់អាមេរិក ដែលធ្វើឲ្យអ៊ីរ៉ង់បាត់បង់ទីផ្សារនាំចេញ ហើយទន្ទឹមនឹងនោះ វ៉េណេហ្សុយអេឡា ដែលជាប្រទេសផលិតប្រេងធំមួយដែរ កំពុងតែជាប់គាំងក្នុងវិបត្តិនយោបាយ​នោះ ក៏បានចូលរួមឲ្យទីផ្សារប្រេង មានស្តុកកានតែតិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ