អានតួអត្ថបទ
សហរដ្ឋអាមេរិក

បាញ់រះ​នៅ​Las Vegas៖ ​នគរបាល​មិន​ជឿ​ថា​ ឃាតករ ​គឺ​ជា​បណ្តាញ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម

សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ ការ​ភ័យខ្លាច ​និង​ក្រៀម​ក្រំ​បំផុត ​ បន្ទាប់​ពី​ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស ​នៅ​ទីក្រុង​ Las Vegas ​កាល​ពី​យប់​ថ្ងៃ​ទី​១ ​តុលា។ ឃាតករ​ម្នាក់ ​បាន​បាញ់​រះ​ ពី​លើ​បន្ទប់​សណ្ឋាគារ ​សំដៅ​សម្លាប់​អ្នក​ចូលរួម​មើល​ការ​ប្រគុំ​តន្ត្រី​ហាលវាល ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥៩​នាក់​ស្លាប់ ​និង​ជាង​៥០០​នាក់​រង​របួស។ ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ចេញមុខ​ប្រកាស​ថា ​ឃាតករ​គឺជា​បណ្តាញ​បក្ស​ពួក​របស់​ខ្លួន។ តែ​យ៉ាងណា​ អាជ្ញាធរ​នរគបាល​អាមេរិក ​អះអាង​ថា ​គេ​ពុំមាន​អ្វី​មក​បញ្ជាក់​ថា ​នេះ​ជា​អំពើ​ភេរវកម្ម​អ៊ីស្លាម​ទេ។

Stephen Craig Paddock.
Stephen Craig Paddock. DR.
ផ្សាយពាណិជ្ជកម្ម

នេះគឺ​ជា​អំពើ​ឃាតកម្ម​បាញ់​រះ ​ដ៏​សាហាវ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។ ភ្លាមៗ ​ក្រោយ​ហេតុការណ៍ ​សំណួរ​បាន​ចោទ​សួរ​ថា ​តើ​ឃាតករ​នោះ​ជា​នរណា ​មាន​បំណង​អ្វី ​ហើយ​ថា​តើ​នេះ​ ជា​អំពើ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​ដែរ​ឬ​ទេ?

ឃាតករ​ឈ្មោះ ​Stephen​ Craig Paddock ​ភេទ​ប្រុស​អាយុ ​៦៤​ឆ្នាំ។ ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ចេញ​មុខ​មក​ប្រកាស​ថា ​ឃាតករ ​គឺ​ជា​មនុស្ស​របស់​បណ្តាញ​ខ្លួន។ តែអ្វី​ដែល​ចំលែក​បំផុត​ នៅ​ក្នុង​ការ​ប្រកាស​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ ​ ហើយ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​អាមេរិក​ មាន​ការ​ងឿង​ឆ្ងល់​ គឺ​ក្រុម​នេះ​ឆ្លៀត​បញ្ជាក់​បន្ថែម​ថា ​ ឃាតករ​នេះ ​ទើបតែ​បាន​ងាក​ទៅ​ចូល​សាសនា​អ៊ីស្លាម ​ត្រឹមតែ​ប៉ុន្មាន​ខែ ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ ​បើតាម​ប្រភព​ ពី​នគរបាល​ Las Vegas ​មក​ត្រឹម​ពេល​នេះ ​គេ​នៅ​មិនទាន់​រក​ឃើញ​អ្វី​មួយ ​មក​សំអាង​ថា ​ជន​នេះ ​មាន​ទំនោរ​ទៅ​រក​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម​ទេ។ ដូច្នេះ​អាជ្ញាធរ ​សង្ស័យថា​ ការ​ប្រកាស​ទទួល​ស្គាល់​របស់​ក្រុម​ជីហាត​ វា​អាច​គ្រាន់​តែ​ជាការ​ឆក់​ឱកាស ​ចង់​បាន​ឈ្មោះ​ល្បី​តែ​ប៉ុណ្ណោះ។

មេ​បញ្ជាការ​នគរបាល ​Las Vegas ​បានអះ​អាងថា ​គាត់​មិន​ជឿ​ថា​ជន​​នេះ​ ជា​បណ្តាញ​ភេវកម្ម​អ៊ីស្លាម​ទេ​។ តែ​លោក​ជឿថា​ជននេះ ​ជា​មនុស្ស​រោគចិត្ត ​ហើយ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ប៉ុណ្ណោះ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​អ្វី​ដែល​គេ​ប្រាកដ​នោះ​ គឺ​ឃាតករ​ បាន​ត្រៀមរៀប​ចំ​ផែនការ​របស់​ខ្លួន​ បាន​យ៉ាង​ល្អិតល្អន់។ ជននេះ ​បាន​ជួល​បន្ទប់​ដ៏​ធំ​មួយ​ នៅ​សណ្ឋាគារ​Mandalay Bay​ ដែល​មាន​បង្អួច​បែរ​ទៅ​ជ្រុង​ពីរ​ផ្សេងគ្នា ​ ចំពី​លើ​ទីលាន ​ដែល​មាន​ការ​ប្រគុំ​តន្ត្រី។ ឃាតករ ​បាន​ចាប់​ផ្តើម​បាញ់​រះ ​នៅ​វេលា​ម៉ោង​ប្រម៉ាណ​ជា​ ១០​យប់។ បន្ទាប់​មក​ឃាតករ ​បាន​បាញ់​សម្លាប់​ខ្លួនឯង ​មុន​នឹង​សមត្ថកិច្ច​ឡើង​ទៅ​ដល់។

នៅក្នុង​បន្ទប់​សណ្ឋាគារ ​គេ​បាន​រកឃើញ ​កាំភ្លើង​ទំនើប​១៦​ដើម ​ដែល​ភាគច្រើន​ជា​ប្រភេទ​កំភ្លើង​Assaut ​Automatique។ នៅក្នុង​រថយន្ត​របស់​ឃាតករ​នេះ ​គេ​បាន​រក​ឃើញ​ម្សៅ ​នីត្រា អាម៉ូនីញ៉ូម ​ ដែល​ម្សៅ​ប្រភេទ​នេះ ​អាច​យក​ទៅ​កែច្នៃ​ ធ្វើ​ជា​គ្រាប់​បែក​ផ្ទុះ​បាន។ ចំណែក ​នៅ​ផ្ទះទាំង២ ​របស់​ជន​នេះវិញ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ គឺ​មិន​ខុស​ពី​ឃ្លាំង​ស្តុក​អាវុធ​ឡើយ។

ប្រភព​ពី​នគរបាល​ដដែល ​បញ្ជាក់​ថា ​ជន​នេះ​ជា​អ្នក​ចូល​និវត្តន៍ ​ធ្លាប់​ធ្វើការ​ជា​អ្នក​ជំនាញ​គណនេយ្យ។ ឃាតករ​ មាន​បណ្ណ​បើកបរ​យន្តហោះ ​និង​បណ្ណ​អនុញ្ញាត​ឲ្យ​កាន់​អាវុធ​ប្រមញ្ញ​សត្វ ​ដែល​ចេញ​ដោយ​រដ្ឋ​Alaska។ ជននេះ ​ពុំមាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ ​របស់​នគរបាល​ឡើយ។ ប្អូន​ប្រុស​របស់​ឃាតករ ​បាន​ឲ្យ​ដឹង​ថា ​បងប្រុស​របស់​ខ្លួន​ មិន​ទំនង​ជា​មនុស្ស​ងប់ងុល​នឹង​សាសនា​អ្វី​ទេ។ តែបង​ប្រុស​ខ្លួន​ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​សប្បាយ​ហ៊ឺហា ​ដើរចាយ ​និង​លេង​ល្បែង​ស៊ីសង ​តាម​កាស៊ីណូ​ជាដើម។

យ៉ាង​ណាមិញ​ អំពើ​ឃាតកម្ម​បាញ់រះ ​ដ៏​សាហាវ​នេះ​ បាន​ធ្វើឲ្យ​សាធារណៈ​មតិ​អាមេរិក ​កំពុង​ពិចារណា​ឡើងវិញ​ អំពី​សិទ្ធិ​កាន់កាប់​អាវុធ ​នៅតាម​រដ្ឋ​មួយ​ចំនួន ​ក្នុង​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ