អានតួអត្ថបទ
អ៊ីស្រាអែល-អាមេរិក

ពាក់ព័ន្ធនឹង​បញ្ហា​អ៊ីរ៉ង់​ ទីក្រុង​តែលអាវីវ​នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដោយខ្លួនឯង​

លោក​ Avigdor Lieberman ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីស្រាអែល​ បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ​នេះ​ឲ្យដឹងថា​ ​ ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ីរ៉ង់​ ​ ប្រទេស​អ៊ីស្រាអែល​នឹងធ្វើ​សេចក្តី​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ ក្នុងឋានៈ​ខ្លួន​ជា​ “រដ្ឋ​ឯករាជ្យ”​ ។​ ទាំងនេះ​មុននឹង​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu ​មានជំនួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា។

លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu
លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

 

“​ជាការពិតហើយ​ដែល​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហាអំណាច​ដ៏ធំ​ជាងគេ​ក្នុង​លោក​ ​ ហើយក៏​ជា​មិត្ត​ដ៏​សំខាន់​របស់​ប្រទេស​អ៊ីស្រាអែល​ ​ ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​ ទីក្រុង​តែលអាវីវ​ត្រូវ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដោយខ្លួនឯង​ ក្នុងឋានៈ​ខ្លួនជា​រដ្ឋឯករាជ្យ​ ​ ហើយទាំងនេះ​ ដើម្បី​ឲ្យ​សមស្រប​តាម​ស្ថានការណ៍​ »។​ នេះជា​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីស្រាអែល​ Avigdor Lieberman​ នាឱកាស​សម្ភាសន៍​តាមរយៈ​វិទ្យុ​សាធារណៈ​អ៊ីស្រាអែល។

សេចក្តី​ប្រកាស​ខាងលើនេះ​ ​ អ៊ីស្រាអែល​ចង់​ថ្លែងឲ្យ​ដឹងពី​ការវាយប្រហារ​ជាយថាហេតុ​ដោយ​កងកម្លាំង​យោធា​អ៊ីស្រាអែល​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។​ គួរកត់​សម្គាល់ថា​ ​ នារយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​ ​ អ៊ីស្រាអែល​បាន​ប្រើ​ធម៌ក្តៅផង​និង​ធម៌ត្រជាក់​ផង​ ​ ដើម្បី​សម្តែង​ឲ្យ​ឃើញពី​លទ្ធភាព​នៃ​ការទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

“​បើសហគមន៍​អន្តរជាតិ​គ្មាន​សមត្ថភាព​នឹង​បញ្ឈប់​ការសម្លាប់​រង្គាល​នៅ​ប្រទេស​ស៊ីរី​ ​ តើ​ពាក្យសន្យា​របស់​សហគមន៍​អន្តរជាតិ​ថា​នឹង​ធានា​សន្តិសុខ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​មាន​តម្លៃ​ដែរឬទេ?”​ ​ នេះ​ជាការ​ចោទសួរ​របស់​លោក​ Avigdor Lieberman ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីស្រាអែល​។

ចំណែកឯ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu ​វិញ​ ​ មុន​នឹង​ធ្វើ​ដំណើរ​ទៅជួប​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃសុក្រ​កន្លង​ទៅថា​ ​ “​អ៊ីស្រាអែល​នឹងរក្សា​សិទ្ធិសេរីភាព​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​អ៊ីរ៉ង់”​។

រីឯ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អឺរ៉ុប​សំខាន់ៗវិញ​ ​ បាន​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អ៊ីស្រាអែល​ ​ កុំឲ្យ​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ ​ ដោយ​ត្រូវ​ទុកឱកាស​ឲ្យ​ទណ្ឌកម្ម​អន្តរជាតិ​ដាក់​សម្ពាធ​ទៅលើ​ទីក្រុង​តេហេរ៉ង់​ ​ បង្ខំ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។

គួរបញ្ជាក់ថា​ ​ នាឱកាស​ជំនួប​នៅថ្ងៃចន្ទ​ខាងមុខនេះ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នឹងខិតខំ​បញ្ជាក់​ប្រាប់​ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu ​ពី​ការគាំទ្រ​ប្រទេស​អ៊ីស្រាអែល​ដោយ​សហរដ្ឋ​អាមេរិក​ ​ ហើយនិង​ខិតខំ​ឃាត់ឃាំង​ទីក្រុង​តែលអាវីវ​កុំឲ្យ​ធ្វើការ​វាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ