អានតួអត្ថបទ
វ៉េណេស៊ុយអេឡា-អាមេរិក

អាមេរិក​រុញច្រាន​ចោល​ការចោទ​ប្រកាន់​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា

កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២០ កញ្ញា ទីក្រុង​វ៉ាស៊ីន​​បាន​ចេញមុខ​បកស្រាយ​ថា ខ្លួន​មិន​បាន​បដិសេធ​មិន​ឲ្យ​យន្តហោះ​ដឹក​លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ហោះឆ្លងកាត់​ដែន​អាកាស​របស់ខ្លួននោះទេ។ កាលពី​ថ្ងៃព្រហស្បតិ៍ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​នីកូឡា ម៉ាឌូរ៉ូ​បាន​ចោទប្រកាន់​អាមេរិក​ថា បាន​ចេញ​សម្រេច​ហាម មិន​ឲ្យ​យន្តហោះ​របស់លោក​ប្រើដែនអាកាសអាមេរិក។

Marie Harfអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក
Marie Harfអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក ©
ផ្សាយពាណិជ្ជកម្ម

 

ជាសង្រ្គាម​ពាក្យ​សំដី និង​ទម្លាក់​ការទទួលខុសត្រូវ​លើ​គ្នា​ទៅវិញ ទៅមក។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ដែល​មាន​គំនិត​អរិភាព​ជាមួយ​អាមេរិក តាំងពី​យូរហើយ បាន​ចោទប្រកាន់​​ទីក្រុង​វ៉ាស៊ីនតោន​ថា បានសម្រេច​​បិទដែន​អាកាស​មិន​ឲ្យ​យន្តហោះ​របស់​លោក​ហោះឆ្លងកាត់ សំដៅ​ទីក្រុង​ប៉េកាំង​បាន។ នៅប៉េកាំង ជាទី​ដែល​លោក​នឹង​ជួប​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ដើម្បី​និយាយ​ពីការពង្រឹង​សហប្រតិបត្តិការ ជាយុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំងពីរ។

ប៉ុន្តែ មួយថ្ងៃ​ក្រោយ​ការចោទប្រកាន់​របស់​វ៉េណេស៊ុយអេឡា ទីក្រុង​វ៉ាស៊ីនតោន​បាន​រុញច្រាន​ចោល​ការចោទប្រកាន់។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក សហរដ្ឋអាមេរិក​បាន​ផ្តល់​ការអនុញ្ញាតិ​ដល់​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​ឲ្យ​ប្រើប្រាស់​ដែនអាកាស​អាមេរិក។ ជាមួយគ្នានេះ អ្នកនាំពាក្យ​អាមេរិក​ខាងលើ បាន​លេបខាយ​បន្ថែមថា អាមេរិក​យល់ព្រម​បើក​ភ្លើងខៀវ បើទោះបី​ជា​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​មិន​បាន​គោរព​តាម​បទដ្ឋាន​ក៏ដោយ ពោល អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ដាក់​ពាក្យ​សុំ នៅ​តែ​មួយ​ថ្ងៃ​មុន​ការហោះហើរ នៅពេល​ដែល​ច្បាប់​ទាមទារ​ឲ្យ​ដាក់សុំ​ឲ្យ​បាន​មុន​៣​ថ្ងៃ។ លើស​ពីនោះទៀត ការសុំអនុញ្ញាត​របស់​វ៉េណេស៊ុយអេឡា​មិន​មែន​សម្រាប់​យន្តហោះ​ប្រធានាធិបតី​ទេ ឬ​ការទូតទេ ប៉ុន្តែ ជា​យន្តហោះ​សាមញ្ញ​មួយ​ប៉ុណ្ណោះ។

ជារួម ទីក្រុង​វ៉ាស៊ីនតោន​បាន​ជូន​ដំណឹង​ទៅ​ទីក្រុង​ការ៉ាកាស រួចហើយ កាលពី​ថ្ងៃ​សុក្រ​ ដែល​ថា យន្តហោះ​ដឹក​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​នឹង​អាច​ហោះឆ្លងកាត់​ដែន​អាកាស​អាមេរិក។

កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​វ៉េណេស៊ុយអេឡា​បាន​ប្រកាស​ប្រាប់​អ្នកយកព័ត៌មាន​ថា អាមេរិក​បាន​បដិសេធ​មិនឲ្យ​យន្តហោះ​ដឹក​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ប្រើប្រាស់​ដែនអាកាស​អាមេរិក។ ទាំង​លោកប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​ផ្ទាល់​បាន​ចាត់ទុក​ការសម្រេច​របស់​អាមេរិក ថា ជា​ការជេរប្រមាថ។ ជាការសងសឹកវិញ ទីក្រុង​ការ៉ាកាស​បាន​ព្រមាន​ថា នឹង​ធ្វើ​សង្រ្គាម​ការទូត​ជាមួយ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ