អានតួអត្ថបទ

អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្រោយ​ការវាយប្រហារ​ក្នុង​រដ្ឋ​តិចសាស​និង​បន្ត​គំរាម​អាមេរិក

អង្គការរដ្ឋអ៊ីស្លាម បាន​អះអាង​នៅ​លើ​រលក​វិទ្យុ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា អំពើ​ភេរវកម្ម​នៅក្នុង​រដ្ឋ តិចសាស​កាលពី​ថ្ងៃ​អាទិត្យ​គឺ​ជា​ទង្វើ​របស់​ក្រុម​ជីហាត​របស់​ពួកគេ។ នេះ​ជា​ការថ្លែង​ជាផ្លូវការ​លើក​ដំបូង​បង្អស់​របស់​អង្គការ​រដ្ឋអ៊ីស្លាម ចំពោះ​ការវាយប្រហារ​នៅបច្ចឹមប្រទេស ប្រឆាំង​ទៅ​នឹង​ចលនា​ដែល​ពួកគេ​ចាត់ទុក​ថា ជា​ការស្អប់ខ្ពើម​នឹង​អ្នក​កាន់​សាសនា​អ៊ីស្លាម។

ភ្នាក់ងារ​អង្កេត​ FBI កំពុង​វិភាគ​កន្លែង​កើត​ហេតុ ក្រោយ​ការ​វាយប្រហារ​នៅ​រដ្ឋ​តិចសាស
ភ្នាក់ងារ​អង្កេត​ FBI កំពុង​វិភាគ​កន្លែង​កើត​ហេតុ ក្រោយ​ការ​វាយប្រហារ​នៅ​រដ្ឋ​តិចសាស Ben Torres/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារកាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​បាន​កើត​ឡើង​នៅក្នុង​ជាយ​ក្រុង​នៃ​ទីក្រុង Dallas ជាកន្លែង ដែល​ការប្រារព្ធ​ការប្រកួត​គូរ​រូប​ត្លុក​របស់ Mohamet តំណាង​ឲ្យ​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម​ដែល​រៀបចំ​ដោយ សមាគម​មួយ​មាន​ឈ្មោះ​ថា ការផ្តួចផ្តើម​នៃ​កិច្ចការពារ​សេរីភាព​អាមេរិក ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចាត់ទុក​ថា​ជា​ចលនា​នៃ​ការស្អប់ខ្ពើម​នឹង​អ្នក​កាន់​សាសនា​អ៊ីស្លាម។

 
អង្គការរដ្ឋអ៊ីស្លាម​បានប្រកាស​នៅ​លើ​រលក​វិទ្យុ​ផ្លូវការ​របស់​ខ្លួន​ថា ជា​ទង្វើ​នៃ​ទាហាន​ពីរ​រូប​របស់​ទាយាទ​ព្រះ​ដែល​បាន​ដឹកនាំ​ការវាយប្រហារ​ទៅលើ​ហ្វូង​អ្នក​ចូលរួម​តាំង​ពិពណ៌​រូប​ត្លុក។ ភ្លាមៗ​នោះ​បុរស ជា​ទាហាន​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ទាំងពីរ​នាក់​នោះ​ត្រូវបាន​នគរបាល​ម្នាក់​បាន​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​បន្ទាប់ពី​ពួកគេ​ទាំងពីរ​បាន​ព្យាយាម​បាញ់រះ​លើ​ហ្វូង​អ្នក​ចូលរួម​នាឱកាស​មិន​បាន​សម្រេច ក្រៅតែ​ពី​ធ្វើ​ឲ្យ​អ្នក​សន្តិសុខ​ម្នាក់​មាន​របួស​ស្រាល​ប៉ុណ្ណោះ។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​​ពត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​អ៊ីស្លាម​និយម​ជ្រុល​ទាំងពីរ​នាក់ នោះ​មាន​ម្នាក់​ឈ្មោះ Elton Simpson អាយុ ៣១ ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ Nadir Soofi អាយុ ៣៤ឆ្នាំ គេ​ទាំងពីរ​ស្នាក់​នៅ​រួម​គ្នា​ក្នុង​ផ្ទះ​ល្វែង​មួយ​នៅ​ទីក្រុង Phoenix រដ្ឋ Arizona (ភាគនិរតី) នេះ​បើ​យោង​តាម​កាសែត Los Angeles Times។

នេះជាលើកដំបូង​ហើយ​ដែល​ក្រុម​ជ្រុល​និយម​អង្គការ​រដ្ឋអ៊ីស្លាម​និកាយ​ស៊ុននីត បាន​ឡើង​មក​ថ្លែង​ជា​ផ្លូវការ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ព្រៃផ្សៃ ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​លោក​ខាង​លិច​មួយ​នេះ។ គួររំលឹកថា​អង្គការរដ្ឋអ៊ីស្លាម​ក៏​ធ្លាប់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ផង​ដែរ។

លើសពីនេះ​ នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យុ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បាន​គំរាម​បន្ត​ធ្វើការ​វាយប្រហារ​កាន់​តែ​សាហាវ​បន្ថែម​ទៀត​លើ​សហរដ្ឋ​អាមេរិក ដោយ​ថ្លែង​ថា៖ « យើង​ចង់​និយាយ​ទៅ​កាន់​អាមេរិក​ថា៖ អ្វី​ដែល​កំពុង​តែ​រៀបចំ​នឹង​មាន​ទំហំ​កាន់​តែ​ធំ​ធេង និង​កាន់តែ​ល្វីង​ជូរចត់។ អ្នក​នឹង​ឃើញ​អំពើ​ដ៏​អាក្រក់ៗ ដែល​នឹង​ដឹកនាំ​ធ្វើ​ដោយ​ទាហាន​នៃ​អង្គការ​រដ្ឋអ៊ីស្លាម»។

គួររំលឹកផងដែរថា​សហរដ្ឋ​អាមេរិក​បាន​ដឹកនាំ​កងទ័ព​សម្ព័ន្ធមិត្ត​បើក​ការ​វាយ​ប្រហារ​ទំលាក់​គ្រាប់បែក លើ​ទីតាំង​សំខាន់ៗ​គ្រប់គ្រង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់​ចាប់តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ។ វា​គឺ​ជា​សង្រ្គាម​ដែល​អាច​មាន​រយៈពេល​វែង​បន្ត​ទៅ​មុខ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ