អានតួអត្ថបទ

ឃាតកម្ម​លើអ្នក​កាសែត​នៅ​Virginie បំផុស​ជា​ថ្មី​ការ​តស៊ូ​មតិស្តីពី​​ច្បាប់​គ្រប់គ្រង​អាវុធអាមេរិក

ការ​បាញ់​សម្លាប់ ដោយ​មូល​ហេតុ​សង​សឹង គំនុំ​ ឬ​ការ​ប្រកាន់​ពូជសាសន៍ នៅ​រដ្ឋ​Virginie ដែល​អ្នកកាសែត​ស្ត្រី​ម្នាក់ និង​អ្នក​ថត​រូប​​ម្នាក់​បាន​ស្លាប់​ ទាំងកំពុង​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ ពី​សំណាក់​អតីត​បុគ្គលិក​ទូរទស្សន៍​នោះ​ផ្ទាល់​តែ​ម្តង បាន​ឆ្លុះ​បញ្ចាំង​ជា​ថ្មី​ឱ្យ​ឃើញ​អំពី​បន្ទាន់​នៃ​ការ​ត្រួត​ពិនិត្យ​​ចរាចរណ៍​អាវុធ នៅ​សហរដ្ឋអាមេរិក។ ជា​ប្រធានបទ​ចាស់ មាន​ការ​តស៊ូ​មតិ​ជា​ញយ​ដង មាន​បន្ត​ស្លាប់​ជា​ហូរហែ តែ​មិន​ដែល​បាន​សម្រេច​​បង្កើត​ជា​ច្បាប់​តឹង​រ៉ឹង​បាន​សោះ។

អ្នក​កាសែត​ Alison Parker និង​អ្នក​ថត​ Adam Ward ដែលខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ពេល​កំពុង​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍
អ្នក​កាសែត​ Alison Parker និង​អ្នក​ថត​ Adam Ward ដែលខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ពេល​កំពុង​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ AFP PHOTO/WDBJ7
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​បង្អង់ ជាមួយ​នឹង​ការ​​ថ្លែង​​​រំលែក​ទុក្ខ​ចំពោះ​ឃាត​កម្ម​លើ​អ្នក​កាសែត​ទាំង​ពីរ​ កាលពី​ម្សិលមិញ ក្នុង​បទ​សម្ភាសន៍​មួយ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់អូបាម៉ា បាន​អំពាវនាវ​ឱ្យ​សភា​ ពង្រឹង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​នៅ​សហរដ្ឋ។ ​លោក​អូបាម៉ា បាន​សង្កត់​ធ្ងន់​ថា ចំនួន​មនុស្ស​ស្លាប់ ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ​​និង​​បាញ់​កាំភ្លើង​ នៅ​ក្នុង​ទឹក​ដី​អាមេរិក ច្រើន​ជាង​ចំនួន​ជន​រងគ្រោះ​ក្នុង​អំពើ​ភេរវនិយម​ទៅ​ទៀត។

សម្រាប់​លោកស្រី ហ៊ីលឡារី គ្លីនតុន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​ជា​បេក្ខជន​​ប្រធានាធិបតី​អាមេរិក​ ដែល​កំពុង​ចេញ​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ​ Oawa ជា​ឥស្សរជន​នយោបាយ​ទី​មួយ ដែល​បាន​ស្នើ​សុំ​ចាត់​វិធានការ​ ដើម្បី​បញ្ឈប់​សកម្មភាព​ហិង្សា​បណ្តាល​មក​ពី​ការ​ប្រើ​អាវុធ។

 
“យើង​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ចរាចរណ៍អាវុធ​នៅ​អាមេរិក ! ខ្ញុំ​នឹង​វាយ​លុក​លើ​ប្រធានបទ​នេះ​ ! មានមនុស្ស​ច្រើន​នាក់​បាន​ដឹង​ស្គាល់​បញ្ហា​នេះ ​ប៉ុន្តែ​រារែក​មិន​ហ៊ាន​លូក​ដៃ​ ព្រោះ​ជា​សំណុំ​រឿង​ដ៏​លំបាក។ ជា​ប្រធានបទ​ដែល​មាន​លក្ខណៈ​នយោបាយ​ខ្លាំង​ និង​ស្មុគស្មាញ​បំផុត​នៅ​សហរដ្ឋ​អាមេរិក”។ នេះ​ជា​ប្រសាសន៍​អះអាង​របស់​លោកស្រី គ្លីនតុន។

អភិបាល​រដ្ឋ​ Virginie លោក Terry McAuliffe ក៏​បាន​ទទូច​ឱ្យ​អាមេរិក​បោះបង់​ចោលដំណើរ​​ចរាចរណ៍​អាវុធ​យ៉ាង​ទូលំទូលាយនៅ​ក្នុង​ប្រទេស ប៉ុន្តែVirginie របស់​លោក ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ធូរ​រលុងខ្លាំង​ផ្នែក​ត្រួត​ពិនិត្យ​អាវុធ។ ក្រុម​អ្នក​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​អាវុធ បានឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ មាន​ជីវិត​មនុស្ស​៨៩​នាក់​បាន​ស្លាប់​ ព្រោះ​គ្រាប់​សំណរ​កាំភ្លើង​ ហើយ​៤០%​នៃការ​ទិញ​ដូរ​​អាវុធ ប្រព្រឹត្ត​ទៅ​គ្មាន​ការ​ផ្ទៀង​ផ្ទាត់​ប្រវត្តិ​អ្នក​ទិញ​ជា​មុន​ទេ ដូច​មាន​ចែង​ក្នុង​ច្បាប់​ទេ៕​​

 

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អ្នក​កាសែត​ពីរ​នាក់​ ដែល​កំពុង​ផ្សាយ​​​​បន្ត​ផ្ទាល់ក្នុង​ទូរទស្សន៍​WDBJ

អ្នកសារព័ត៌មាន ២នាក់ របស់​ស្ថានីយ៍​ទូរទស្សន៍ WDBJ នៅ​ក្នុង​រដ្ឋ Virginia សហរដ្ឋ​អាមេរិក ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ Bryce Williams បាញ់​សម្លាប់ ខណៈ​កំពុង​រាយការណ៍​ព័ត៌មាន​ផ្សាយ​ផ្ទាល់​ឲ្យ​ទូរទស្សន៍ នៅ​ផ្សារ​ទំនើប Bridgewater Plaza ជិត​តំបន់ Moneta។ រូបភាព​បាញ់​សម្លាប់​អ្នក​កាសែត​ទាំងពីរ ត្រូវ​បាន​គេ​មើលឃើញ​ដោយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ និង​តាម​ Online មុន​បង្ហោះ​ដោយ​ខ្មាន់​កាំភ្លើង Bryce Williams ដែលជា​កូនកាត់​អាមេរិក​ស្បែក​ និង ជា​អតីត​អ្នក​សារព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍ WDBJនោះដែរ។ ជន​រងគ្រោះ​ទាំងពីរ​នាក់  ម្នាក់​ឈ្មោះ Alison Parker ភេទស្រី អាយុ ២៤ឆ្នាំ ជា​អ្នក​រាយការណ៍​ព័ត៌មាន និង​ម្នាក់​ទៀត​ឈ្មោះ Adam Ward ភេទ​ប្រុស វ័យ​២៧​ឆ្នាំ​ជា​អ្នក​កាន់​កាមេរ៉ា។
បើ​តាម​ឯកសារ​​២៣​ទំព័រ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ទី​ភ្នាក់ងារ​សារព័ត៌មាន ABC news បាន​បង្ហាញ​ថា មូលហេតុ​ដែល​លោក Bryce Williams បាញ់​សម្លាប់​អ្នក​កាសែត​ទាំងពីរ​នេះ គឺ​ជា​ការសងសឹក​ទៅ​នឹង​ភាព​អយុត្តិធម៌​នៃ​ការរើសអើស​ពូជសាសន៍។ Bryce Williams ទើប​ត្រូវ​បាន​បណ្តេញ​ពី​ការងារ​កាលពី​ពីរ​ឆ្នាំ ដោយ​យក​នាង​ Alison Parker មក​ជំនួស​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ