អានតួអត្ថបទ
អាមេរិក

ប្រធានាធិបតី​ ​អូបាម៉ា​ បង្ហាញ​គំរោង​ត្រួត​ពិនិត្យ​អាវុធ

នៅ​ថ្ងៃ​ពុធ​​ម្សិលមិញ នៅ​សភា​អាមេរិក ប្រធានាធិបតី​ អូបាម៉ា បាន​បង្ហាញ​នូវ​​​គំរោង​ត្រួត​ពិនិត្យ​​អាវុធ​មួយ​ ជា​មធ្យោបាយ​​​ទប់ទល់​នឹង​​ គ្រោះ​ថ្នាក់​​នៃ​ការ​បាញ់​សំលាប់​​ដោយ​​​កាំភ្លើង​ផ្សេងៗ ដែល​តែង​តែ​កើត​ឡើង ជា​អចិន្ត្រៃយ៍ នៅ​សហរដ្ឋ​អាមេរិក។ លោក​ អូបាម៉ា បាន​ចុះ​ហត្ថលេខា លើ​វិធានការ​ច្បាប់​​​ចំនួន​ ២៣ ហើយ​បាន​​​ជំរុញ​អោយ​សភា ខិត​ខំ​ធ្វើ​យ៉ាង​ណា អោយ​ច្បាប់​​​ត្រួតត្រា​អាវុធ​ មាន​ការ​វិវត្តន៍​​​ទៅ​មុខ​ បាន​ឆាប់​រហ័ស។​​​គំរោង​របស់​ប្រធានាធិបតី​អាមេរិក ​ធ្វើ​​ឡើង ​តែ​មួយ​ខែ​ប៉ុណ្ណោះ​ ​ក្រោយ​​​​ពី​មាន​​សោកនាដកម្ម​ ដោយ​ការ​សំលាប់​រង្គាល លើ​​សិស្ស និង​គ្រូ​បង្រៀន​ នៅ​សាលា​បឋម​សិក្សា​​​ Newtown ​ក្នុង​រដ្ឋ​ Connecticut កាលពី​​​ពាក់​កណ្តាល ខែ​ ធ្នូ​ កន្លង​មក ដែល​ធ្វើ​អោយ​មនុស្ស​​ ២៦ ​នាក់ ​បាត់​បង់​ជីវិត ក្នុង​នោះ​កូន​សិស្ស​ ២០​នាក់។

ប្រធានាធិបតី​អាមេរិក​ ស្នើ​​​អោយ​មាន​​ការ​​ត្រួត​​​ពិនិត្យ​​​អតីតកាល​​របស់អ្នក​ដែល​​​ទិញ​​កាំ​ភ្លើង​​​ ប្រើប្រាស់
ប្រធានាធិបតី​អាមេរិក​ ស្នើ​​​អោយ​មាន​​ការ​​ត្រួត​​​ពិនិត្យ​​​អតីតកាល​​របស់អ្នក​ដែល​​​ទិញ​​កាំ​ភ្លើង​​​ ប្រើប្រាស់ REUTERS/Jim Watson/Pool
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ​ ប្រធានាធិបតី​អាមេរិក​ បាន​ស្នើអោយ​​សភា បង្កើត​ឡើង​វិញ​ នូវ​ច្បាប់​​​ហាម​ឃាត់​ មិន​អោយ​មាន​ការ​ប្រើ​ប្រាស់​អាវុធ និង​​​អោយ​មាន​ការ​​ត្រួត​មើល​ ​​នូវ​​ប្រវត្តិ​អតីតកាល​​របស់អ្នក​ដែល​​​ទិញ​​កាំ​ភ្លើង​​​ ប្រើប្រាស់។

ប្រធានាធិបតី​អាមេរិក​ បាន​ប្រាប់​ថា លោក​នឹង​ប្រកាស​អោយ​​ប្រើ​​​វិធានការ​ច្បាប់ ចំនួន​២៣ ដែល​សំរេច​ឡើង​ ដោយ​ក្រិត​ប្រធានាធិបតី។ ​វិធានការ​ច្បាប់​ទាំង​នេះ អនុញ្ញាត​អោយ​មាន​ការ​ត្រួត​ពិនិត្យ​​រាល់​បុគ្គល​ដែល​មាន​​កាំភ្លើង​ប្រើប្រាស់ ពង្រឹង​​​​​ប្រព័ន្ធ​សន្តិសុខ​​ទាក់ទង​នឹង​អាវុធ​ ជួយ​ដល់​​សាលារៀន​នានា អោយ​​ត្រៀម​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ។ ខ្លឹម​សារ​សំខាន់​លើស​ពីនេះ គឺ​ការ​ត្រួត​ពិនិត្យ​អាវុធ​ ធ្វើ​យ៉ាង​ណា​កុំអោយ​​​​​​​​ធ្លាក់​ដល់​ដៃ​ឧ​ក្រិដ្ឋ​​ជន។ លោក​ អូបាម៉ា ក៏​មាន​គំរោង​បង្កើន​ថវិកា ជួយ​ដល់​ជន​​ដែល​មាន​បញ្ហា​ផ្លូវ​​ចិត្ត​ផង​ដែរ។

ប៉ុន្តែ ​​វិធានការ​ដែល​សំខាន់​ជាង​គេ ដែល​សភា​នឹង​សំរេច​នោះ​ គឺ​ការ​ហាម​ឃាត់​​ប្រើ​ប្រាស់​កាំភ្លើង​វែង បង់​កាំភ្លើង​ដែល​មាន​គ្រាប់​ច្រើន និង​ការ​ត្រួត​ពិនិត្យ​រាល់​អ្នក​​ដែល​ទិញ​អាវុធ​ប្រើប្រាស់ ព្រោះ​ថា​​អ្នក​ទិញ​អាវុធ​ ៤០ភាគរយ ទៅ​ទិញ​​​​កាំភ្លើង​ប្រើ​ តាម​​កន្លែង​ធ្វើ​អាវុធ​ឯកជន​​ផ្សេងៗ និង​នៅ​តាម​ផ្សារ​ខ្លះ​ដែល​មិន​បាន​ទាមទារ សួរ​​​ព័ត៌មាន​ទាក់​ទង​នឹង​ប្រវត្តិ​អតីត​កាល ​របស់​ពួក​គេ។​​​

គេ​រំពឹង​មើល​ថា ការ​ខិតខំ​របស់​ប្រធានាធិបតី​អាមេរិក ប្រហែល​ជា​ពិបាក​នឹង​​ទទួល​បាន​ ជោគ​ជ័យ​ណាស់​ ដោយ​សារ​តែ​តំណាង​រាស្ត្រ​​មួយ​ចំនួន នៅ​មាន​ភាព​រួញរា​ នៅ​ចំពោះ​​មុខ​វិធាន​ការ​ច្បាប់​​នេះ​ នៅ​ឡើយ។ ទោះ​យ៉ាង​ណា​ក្តី លោក អូបាម៉ា បាន​សុំ​អោយ​ប្រជាជន​អាមេរិក ដាក់​សម្ពាធ​ ទៅ​លើ​​តំណាងរាស្ត្ររបស់​​ពួក​គេ ដើម្បី​​អោយ​មាន​ការ​អនុម័ត​​​នូវ​គំរោង​នេះ​ឡើង។

“​ប្រសិន​បើ​ ​​ការ​កាត់​បន្ថយហិង្សា​​​​បង្ក​ឡើង​ ​ដោយ​កាំ​ភ្លើង​ ជា​ការ​ភ្នាល់​​មាន​លក្ខណៈ​​​ពិបាក​ស្មុគ្រស្មាញ ការ​ការពារ​កូន​ចៅ​យើង ​អោយ​រួច​ផុត​ពី​​គ្រោះ​ថ្នាក់​​ មិន​​ត្រូវ​ក្លាយ​​​​ជា​ប្រធានបទ ​ដែល​ធ្វើ​អោយ​មាន​ការ​ខ្វែង​​​គំនិត​គ្នា​នោះ​ទេ” នេះ​​ជា​សំដី​​​​សង្កត់​បន្ថែម​របស់​ ប្រធានាធិបតី​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ