អានតួអត្ថបទ

ដំណើរ​ទស្សនកិច្ច​មិន​ធ្លាប់​មាន​​​របស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ ​នៅ​សហរដ្ឋ​អាមេរិក

បន្ទាប់​ពីទស្សនកិច្ច​បួន​ថ្ងៃ​នៅ​គុយបា ក្នុង​អត្ថន័យ​ផ្សះផ្សា ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​៦​ថ្ងៃ​របស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ ទំនង​ជា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង។ ម្សិលមិញ​ សម្តេច​ប៉ាប​បាន​ជួប​ពិភាក្សា​ជាមួយ​លោកប្រធានាធិបតី​អាមេរិក​ បារ៉ាក់​អូបាម៉ា នៅ​សេតវិមាន។ ថ្ងៃ​ព្រហស្បតិ៍នេះ​ ជា​ថ្ងៃ​នយោបាយ​​បំផុត​សម្រាប់ដំណើរ​​ទស្សនកិច្ចលើក​ដំបូង​បង្អស់​​របស់​សម្តេច​នៅ​លើ​ទឹក​ដី​សហរដ្ឋ​ ដោយ​សម្តេច​ប៉ាប​ ត្រូវ​ថ្លែង​សុន្ទរកថា​ ជា​ប្រវត្តិសាស្ត្រ​នៅ​មុខ​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក។ ថ្វី​បើ​ពលរដ្ឋ​អាមេរិក​ពីរ​​ភាគ​បី​គោរព​ស្រឡាញ់​សម្តេច​ប៉ាប​មែន ប៉ុន្តែ​ទស្សនៈច្បាស់​លាស់​ ​ផ្នែក​សង្គម ​ផ្នែក​អាកាសធាតុ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកអភិរក្ស​និយម​ ក្រុមអ្នក​សាធារណរដ្ឋ​ និង​ក្រុម​អ្នក​សេដ្ឋកិច្ច​សេរី​និយម​មិន​ពេញ​ចិត្ត​ទេ។

ប្រធានាធិបតី​អាមេរិក​អូបាម៉ា ទទួល​សម្តេច​ប៉ាប​ហ្វ្រង់ស័រ​ នៅ​សេតវិមាន​ថ្ងៃពុធ​ទី ២៣​កញ្ញា ២០១៥
ប្រធានាធិបតី​អាមេរិក​អូបាម៉ា ទទួល​សម្តេច​ប៉ាប​ហ្វ្រង់ស័រ​ នៅ​សេតវិមាន​ថ្ងៃពុធ​ទី ២៣​កញ្ញា ២០១៥ REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក ​និងភរិយា ​ព្រមទាំងកូន​ស្រី​ទាំង​ពីរ គ្រួសារ​លោក ចូ ដៃឌិន ​អនុ​ប្រធានាធិបតី​  បាន​នាំ​គ្នា​ធ្វើ​គារកិច្ច​​ទទួល​សម្តេច​ប៉ាប​ដល់​ដណ្តើរ​យន្តហោះ។ ​​សហរដ្ឋ​អាមេរិក​ បាន​ទទួល​ស្វាគមន៍​សម្តេច​ប៉ាប​យ៉ាង​កក់​ក្តៅ ! បើ​ទោះ​បី​ជា​អាមេរិក​​មិន​មែន​ជា​ប្រទេស​កាតូលិក​ក៏​ដោយ។

 
ពលរដ្ឋ​អាមេរិក​​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ប្រូតេស្តង់។ ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ផ្ទាល់  ក៏ជា​ប្រូតេស្តង់។ ប៉ុន្តែ​សម្តេច​ប៉ាប​ ហ្វ្រង់ស័រ មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ ! ​មាន​ពលរដ្ឋ​អាមេរិក ដល់​ទៅ ៧០% ​ និង​គ្រិស្តសាសនិកជន ដល់​ទៅ​៨៦% គោរព​ស្រឡាញ់​ព្រះអង្គ​។ អ្នក​កាន់​សាសនា​កាតូលិក​ តំណាង​ឱ្យ​ជាង​២១%​ប៉ុណ្ណោះ។ ​ជាងនេះ​ទៅ​ទៀត ចំនួន​គ្រិស្តសាសនិកជន បាន​ធ្លាក់​ចុះ​ជា​លំដាប់ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​សហរដ្ឋ​អាមេរិក(បាត់​អស់​ប្រមាណ​ពី​១​ទៅ​បី​លាន​នាក់)។

មិនមែន​ជា​ប្រទេសកាតូលិក ប៉ុន្តែអ្នក​​​​កាតូលិក​មាន​កម្លាំង​នយោបាយ​​ខ្ពស់​ នៅ​លំដាប់​ទីពីរ បន្ទាប់​ពី​ប្រូតេស្តង់​​ នៅ​ក្នុង​​សភា​ ដោយ​មាន​តំណាង​ជាប់​ឆ្នោត​ដល់​ទៅ ១៦៤​​អាសនៈ ពោល​គឺ​ស្មើ​នឹង​៣០% ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​​​កម្លាំង​អ្នក​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យបាន។ គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាងនេះ​ទៅ​ទៀត គឺ​ក្នុង​ចំណោម​ចៅក្រម​របស់​តុលាការ​កំពូល​អាមេរិក​ទាំង​៩​នាក់ មាន​៦​ជា​អ្នក​កាន់​សាសនា​កាតូលិក បីនាក់​ទៀត​ជា​ជ្វីហ្វ។ លោក​អនុប្រធានាធិបតី​អាមេរិក ចូបៃឌិន និង​ « Speaker » របស់​បក្ស​សាធារណរដ្ឋ​​នៅ​សភា ក៏​ជា​គ្រិស្តសាសនិកជនដែរ។

និន្នាការ​នយោបាយ​អ្នកកាតូលិក

បើ​មើល​តួលេខ​នេះ​ កាតូលិក​មាន​កម្លាំង អាច​ប្រឈម​នឹង​ការ​តស៊ូមតិនយោបាយ​ និង​ការ​វិវឌ្ឍន៍​ក្នុង​សង្គម​អាមេរិក​ដោយ​គ្មាន​ការលំបាក​អ្វី​ទេ។ ប៉ុន្តែក្នុង​​នយោបាយ​​វា​ដូច្នេះទេ ! ក្រុម​អ្នក​កាន់​សាសនា​កាតូលិក បែង​ខ្ញែក​គ្នា​ខ្លាំង​ណាស់ មិន​ដូច​ក្រុម​ប្រូតេស្តង់ឡើយ។ អ្នក​ប្រូតេស្តង់អាមេរិក​មាន​សណ្តាប់​ធ្នាប់​ជាង  និង​បែងចែក​យ៉ាង​ច្បាស់​លាស់ ខាង​វិហារ​ស្បែក​ស​ជា​អ្នក​អភិរក្ស​គាំទ្រ​បក្ស​សាធារណរដ្ឋ និង​ខាង​ប្រូតេស្តង់​ខ្មៅ ដួល​ទៅ​ខាង​បក្ស​សាធារណរដ្ឋ។
ឯ​ក្រុម​អ្ន​ក​កាន់​សាសនា​កាតូលិក​ គឺ​ផ្អៀង​ផ្អង​ប្តូរ​បក្ស​ ទៅ​តាម​បេក្ខជន​ប្រធានាធិបតី​។ ប្រពៃណី​ពី​មុន អ្នកកាតូលិក​ច្រើន​តែ​ជា​អ្នក​ប្រជាធិបតេយ្យ តែ​កាតូលិក​ជំនាន់​ក្រោយៗ​មួយ​ភាគ​បាន​ងាក​ទៅ​ជិតដិត​នឹង​អ្នក​អភិរក្សនិយម លើ​បញ្ហា​សេដ្ឋកិច្ច ឬ​បញ្ហា​បរិស្ថាន។

បរិស្ថាន អន្តោប្រវេសន៍ ប្រធានបទ​ក្តៅ​នៃ​សុន្ទរកថារបស់​សម្តេច​ប៉ាប​នៅ​សភា​អាមេរិក

សម្តេច​ប៉ាប មិន​បាន​រង់ចាំ​ដល់​ពេល​ឡើង​ថ្លែង​សុន្ទរកថា​ សម្រាប់​បញ្ជាក់​ជំហរ​ព្រះអង្គ លើ​ប្រធានបទ​ផ្សេងៗដែល​អ្នក​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​អាមេរិក មិនចុះ​សម្រុង​នឹង​គ្នា​ទេ។ តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​ផ្តើម​ទស្សនកិច្ច​ភ្លាម និង​ក្នុង​ពេល​ថ្លែង​ជា​សាធារណៈ​នៅ​សេតវិមាន​ ម្សិលមិញ សម្តេច​ប៉ាប បាន​រំលឹក​ អំពី​ភាព​ចាំបាច់​​ក្នុង​ការ​គិត​គូរ​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍ និង​វិបត្តិ​អាកាសធាតុ ដោយ​ស្នើ​សុំ​ឱ្យ​វិហារ​កាតូលិក​អាមេរិក​ចូល​រួម​ចំណែក​ឱ្យ​បាន​កាន់​តែ​ច្រើន​និង​ខ្លាំង​។

ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​មួយ​ក្នុង​នាម​ជា​សម្តេច​សង្ឃ​កាតូលិក និង​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​សម្តេច លើ​ទឹកដី​អាមេរិក សម្តេច​ប៉ាប​ហ្វ្រង់ស័រ មាន​​បំណង​លើក​ទឹក​ចិត្ត​រដ្ឋបាល​អូបាម៉ា ចំពោះ​នយោបាយ​​ជាមួយ​គុយបា និង​ពិសេស​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ របស់​លោក​ប្រធានាធិបតី​​អាមេរិក ក្នុង​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​បំពុល​​​បរិស្ថាន ។ សម្រាប់​សម្តេច​ប៉ាប ការ​ប្រែប្រួល​អាកាសធាតុ មិន​មែន​បង្ក​ផលវិបាក​ដល់​ត្រឹម​សត្វ​ខ្លាឃ្មុំ​ស នៅ​តំបន់​ប៉ូល​ទេ តែ​វា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ក្រីក្រ។ អ្នកក្រីក្រ​រងគ្រោះ​ខ្លាំង​ព្រោះ​គ្មាន​មធ្យោបាយ​ទប់ទល់​នឹង​បំលាស់​ប្តូរ​អាកាសធាតុ​។ ដូច្នេះ​គេ​ត្រូវ​តែ​បញ្ចេញ​សកម្មភាព​ភ្លាម​ជា​បន្ទាន់។ តែ​ក្រុម​អ្នក​សាធារណរដ្ឋ​អាច​ស្តាប់​មិន​ចូល​ត្រចៀក​ ព្រោះ​យល់​ថា​សម្តេច​ប៉ាប​ ជា​អ្នក​សង្គម​ជ្រុល​ និង​មិន​ទុក​ចិត្ត​លើ​ការ​បញ្ចេញ​សកម្មភាព​ដើម្បី​បរិស្ថាន។

សម្តេច​ប៉ាប​បាន​តាំង​ខ្លួន​ជា​កូន​អន្តោប្រវេសន៍​ ស្វាគមន៍​ការ​ស្ថាបនា​ប្រទេស​ដោយ​ទទួលយក​គ្រួសារ​មក​ពីគ្រប់​ជ្រុង​នៃ​ភព​ផែនដី។ ជា​សង្ឃដីកា ដែល​អាច​នឹង​ធ្វើ​សភា​អាមេរិក​ពុះ​កញ្ជ្រោល​ខ្លាំង ​ព្រោះថា​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចង់​ផ្តល់​សញ្ជាតិ​ដល់​អ្នក​អត់​ក្រដាស​ស្នាមនៅ​អាមេរិក ឯ​ក្រុម​អ្នក​សាធារណរដ្ឋ​ចង់​បិទ​ព្រំប្រទល់​ ហើយ​បញ្ជូន​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ទៅ​ភូមិ​កំណើត​ដើម​វិញ។ ទាក់ទង​នឹង​ប្រធានបទ​សង្គម ដូច​ជា​សីលធម៌​ផ្លូវ​ភេទ​ គ្រូសារ ក្រុម​អ្នក​ប្រជាធិបតេយ្យ​អាច​មិន​ពេញ​ចិត្ត។

ប៉ុន្តែ​ភាព​ចម្រូង​ចម្រាស​និង​ទស្សនៈ​មិន​ចុះ​សម្រុង​គ្នា​នេះ គ្មាន​ផល​រំខាន​អ្វី​ឡើយ សូម្បី​តែ​ប្រធាន​ក្រុម​អភិរក្ស​នៅសភា ដែល​ជា​អ្នក​អញ្ជើញ​សម្តេច​ប៉ាប ក៏​មាន​ជំហរ​ផ្ទុយ​នឹង​សម្តេច​ប៉ាប​ហ្វ្រង់ស័រ​ដែរ​ក្នុង​ប្រធានបទ​អន្តោប្រវេសន៍​ ! គ្រប់​សមាជិក​សភា​និង​ព្រឹទ្ធសភា​អាមេរិក ចូល​រួម​ស្តាប់​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេច​ប៉ាប​នេះ ដោយសឹង​តែ​​គ្មាន​អាក់​ខាន​ម្នាក់​ឡើយ។ សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា ដែល​អាមេរិក​តែង​ផ្តល់​កិត្តិយស​ដល់​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ជា​មិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ