អានតួអត្ថបទ

អូបាម៉ា​លុប​ចោល​គម្រោង​សាង​សង់​បំពង់បង្ហូរ​ប្រេង​​ជាមួយ​កាណាដា​ដើម្បី​អាកាសធាតុ

ជា​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ល្ងាច​មិញ​លោក ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ចេញ​មុខ​អារ​កាត់​សេចក្តី ច្រាន​ចោល​គម្រោង​សាងសង់​ បំពង់​បង្ហូរ​ប្រេង​ Keystone XL ដ៏​ធំ​បំផុត​មួយជាមួយ​កាណាដា។ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឱ្យ​កាណាដា​មិន​សប្បាយ​ចិត្ត​ ប៉ុន្តែបាន​ស​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ចេតនា​ពិត​របស់​អាមេរិក​ថា​ជា​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ប្តូរ​ផ្លាស់​អាកាសធាតុ។

សកម្មជន​មួយ​ក្រុម​តូច​អបអរ​សេចក្តី​សម្រេចចិត្ត​របស់​លោក​អូបាម៉ា​លុប​ចោល​គម្រោង Keystone XL​
សកម្មជន​មួយ​ក្រុម​តូច​អបអរ​សេចក្តី​សម្រេចចិត្ត​របស់​លោក​អូបាម៉ា​លុប​ចោល​គម្រោង Keystone XL​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

“ត្រូវ​តែ​បញ្ចេញ​សកម្មភាព​ភ្លាម ! នៅ​ថ្ងៃ​នេះ មិន​ចាំ​ស្អែក​ទេ !” អនុម័ត​លើ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង​នេះ​នឹង​ធ្វើ​ឱ្យ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិកស្តី​អាកាសធាតុ​ត្រូវ​​ចុះ​ខ្សោយ​។ នេះ​ជា​ការ​អះអាង​របស់​​លោក​អូបាម៉ា នៅ​ល្ងាច​មិញ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា គម្រោង​នេះ ប៉ះពាល់​តិច​តួច​ណាស់ ដល់​សេដ្ឋកិច្ច​អាមេរិក មិន​បាន​បញ្ចុះ​តម្លៃ​ប្រេង​នៅក្នុង​ប្រទេស ហើយ​ការ​ដឹក​ប្រេង​ឆៅ​ ប្រេង​កខ្វក់​ឆ្លង​កាត់​ប្រទេសមិន​បាន​ពង្រឹង​សុវត្ថិភាព​ថាមពល​អាមេរិក​ទេ។​

គម្រោង​​សាងសង់​បំពង់បង្ហូរ​ប្រេង​ពីខេត្ត​អាល់បែរតា​​ភាគ​ខាង​លិច​កាណាដាទៅកាន់​រដ្ឋ​ណេប្រាស្កា​អាមេរិក ​ប្រវែង​សរុប​១៩០០​គីឡូម៉ែត្រ (១៤០០គីឡូម៉ែត្រ​នៅ​សហរដ្ឋ​អាមេរិក) ដើម្បី​អាច​ភ្ជាប់​ទៅ​ដល់​រោងចក្រ​ចម្រាញ់​ប្រេង​អាមេរិក​នៅ​ឈូង​សមុទ្ទ​ម៉ិចស៊ិក ត្រូវ​បាន​ក្រុមហ៊ុន​កាណាដា​​ស្នើ​សុំ តាំង​ពី​ជាង​៦​ឆ្នាំ​មុន។ ប៉ុន្តែ​ទើប​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក អារ​កាត់​សេចក្តី​ ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​របស់​អ្នក​សារធារណរដ្ឋ ក្នុង​ខណៈ​ដែល​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ ក្រុង​ប៉ារីស នឹង​ត្រូវ​ចាប់​ផ្តើម នៅ​រវាង​បី​សប្តាហ៍​ទៀត​ខាង​មុខ។ សន្និសីទ​ដែល​មាន​កម្មវត្ថុ​សម្រេច​ឱ្យ​បាន​កិច្ចព្រមព្រៀង​កំណត់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ទប់​ស្កាត់​កុំ​ឱ្យ​ឡើង​កំដៅ​នៃ​ភព​ផែនដី និង​ដែល​លោក​អូបាម៉ា​ផ្ទាល់​ត្រូវ​ចូល​រួម​​ជា​លើក​ទី​មួយ។

 
ជា​មួយ​នឹង​ការ​ផ្តល់​ចម្លើយ​អវិជ្ជមាន​នេះ ​លោក​អូបាម៉ា បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ទី​មួយ ដែល​ហ៊ានច្រាន​ចោល​គម្រោង​​មួយ​ ដោយ​មូលហេតុ​អqកាសធាតុ។ អ្នក​ការពារ​បរិស្ថាន និង​អ្នក​ប្រជាធិបតេយ្យ​ ​ស្វាគមន៍​យ៉ាង​ខ្លាំង​សេចក្តី​សម្រេច​ចិត្ត​នេះ ព្រោះ​ការ​ទាញ​ប្រេង​ឆៅ​ពី​តំបន់​វាល​ខ្សាច់​ស៊ី​ថាមពល​ខ្លាំងណាស់។ ​ខាង​ភាគី​កាណាដា លោក​នាយក​រដ្ឋមន្ត្រី​ថ្មីបាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​​ការ​លុប​គម្រោង​នេះ ប៉ុន្តែ​យល់​ថា​ទំនាក់ទំនង​អាមេរិក-កាណាដា មិន​មែនកំណត់​ត្រឹម​គម្រោង​មួយ​ទេ។ ប្រមុខ​រដ្ឋាភិបាល​កាណាដា​ថ្មី​នេះ​មាន​ជំហរ​ទន់​ភ្លន់​ជាង​នាយក​រដ្ឋមន្ត្រី​ចាស់ ដែល​ការពារ​គម្រោង​សាងសង់​បំពង់​ប្រេង​និង​ការ​ទាញ​ប្រេង​ឆៅ​នៅ​ខេត្ត​អាល់បែរតា​យ៉ាង​មុតមាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ