អានតួអត្ថបទ
ស៊ីរី-សហរដ្ឋអាមេរិក

សង្រ្គាមស៊ីរី៖ ​ស្របពេល​ដែល​ការ​ចរចា​ជាប់​គាំង អាមេរិក​បញ្ជូន​កងកុម្ម៉ង់ដូ​​ទៅ​​ស៊ីរី

សង្រ្គាម​នៅ​ស៊ីរី​ នៅ​តែ​ជា​ចំណុច​ក្តៅ​បំផុត​ នៃ​នយោបាយ​ការបរទេស​អន្តរជាតិ ​ ព្រោះ​វា​បាន​ធ្វើឲ្យ​ តំបន់​ដើម​បូព៌ា​ទាំងមូល​ រង្គោះរង្គើរ។ កិច្ច​ចរចា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​វីយែន​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​បិទ​បញ្ចប់​ទៅ​ ដោយ​មិន​បាន​លទ្ធផល​អ្វី ​ដោយសារ​តែ​ភាគី​ទាំង​អស់​និយាយ​មិន​ចុះ​សម្រុង​គ្នា ​ទាក់ទិន​នឹង​អនាគត ​របស់​ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន ​លោក បាស្ហា អាល់អាសាដ។ ស្រប​ពេល​គ្នា​នេះ​ សហរដ្ឋ​អាមេរិក ​ទើប​បាន​ប្រកាស​ផងដែរ ​ ថា​នឹង​បញ្ជូន ​កម្លាំង​ពិសេស ​ទៅ​ស៊ីរី​ ដើម្បី​ជួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ​ដែល​នេះ​គឺ​ជា​ ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ របស់​អាមេរិក​ ព្រោះ​កន្លង​មក ​លោក​អូបាម៉ា ​បាន​និយាយ​ហើយ​ និយាយ​ទៀត​ថា ​ អាមេរិក ​មិន​បញ្ជូន​ទ័ព​ថ្មើរជើង ​ទៅ​ស៊ីរី​ជា​ដាច់ខាត។

លោកអូបាម៉ា សម្រេចបញ្ជូន​ទ័ពថ្មើរជើង ៥០នាក់​ លើកដំបូង​នៅ​ស៊ីរី ថ្ងៃទី ៣០ តុលា ២០១៥
លោកអូបាម៉ា សម្រេចបញ្ជូន​ទ័ពថ្មើរជើង ៥០នាក់​ លើកដំបូង​នៅ​ស៊ីរី ថ្ងៃទី ៣០ តុលា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​នៅ​វីយែន ​ជា​ជោគជ័យ​ជំហាន​ដំបូង​ ថ្វីត្បិត​តែ​គ្មាន​លទ្ធផល៖

វាជា​លើក​ទីមួយ​ហើយ ​ដែល​មាន​ការ​ចរចា ​ទ្រង់ទ្រាយ​ធំ ​និង​ជា​ផ្លូវការ​ ដើម្បី​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី។ ដូច​យើង​ដឹង​ស្រាប់​ថា ​សង្រ្គាម​នៅ​ស៊ីរី ​ បាន​អូស​បន្លាយ​៥ឆ្នាំ​មក​ហើយ ​ហើយ​អ្វី​ដែល​គេ​ព្រួយ​បារម្ភ​ខ្លាំង​នោះ ​ ​គឺ​ថា ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​កំពុង​តែ​ឆក់​ឱកាស​នេះ ​ដើម្បី​ពង្រីក​កម្លាំង ​និង​ដែនដី​របស់​ពួកវា ​ ដែល​នេះ​ជា​ការ​គម្រាម​កំហែង​ធំ​ណាស់​ សម្រាប់​តំបន់​ដើម​បូព៌ា ​និង​ពិភពលោក​យើង​ទាំង​មូល។

ការ​ប្រជុំ​នៅ​ទីក្រុង​វីយែន ​ប្រទេស​អូទ្រីស ​ កាល​ពី​ម្សិលមិញ ​ បាន​ប្រព្រឹត្តិ​ទៅ ​រយៈ​ពេល​៨​ម៉ោង​ឯណោះ ​ប៉ុន្តែ​មិន​បាន​បិទ​បញ្ចប់​ទៅ ​ដោយ​មាន​លទ្ធផល​អ្វី​ជាក់​លាក់​ទេ។ ក៏​ប៉ុន្តែ​ នេះ​ជា​ជំហាន​ដំបូង ​ ដែល​យើង​អាច​ចាត់ទុក​ថា ​ ជា​ជោគជ័យ​មួយ​ដែរ ​ ដោយសារ​កិច្ច​ប្រជុំ​នេះ ​បាន​ប្រមូល​ ប្រទេស​ទាំង​អស់​ ១៧ ​ ដែល​មាន​ចំណែក​ដឹងឮ ​និង​ជាប់​ពាក់ព័ន្ធ ​នឹង​វាសនា​របស់​ស៊ីរី ​ហើយ​ក្នុង​នោះ​ ក៏​ជា​លើក​ដំបូង​ដែរ ​ ដែល​អាមេរិក ​ បាន​អនុញ្ញាតិ ​ឲ្យ​មាន​វត្តមាន​ ​របស់​អ៊ីរ៉ង់​ នៅ​ក្នុង​តុ​ចរចា។ ការ​ប្រមូល​គ្នា ​មក​និយាយ​ចរចា​ ត្រង់ទៅ​ត្រង់​មក ​បែប​នេះ ​វា​ជា​ជោគជ័យ ​ ជា​បឋម​ហើយ។

ទុកបាស្ឆា អាល់អាសាដ រឺមិនទុក?
ត្រឡប់​មក​និយាយ​អំពី​មូលហេតុ​ ដែល​ភាគី​ទាំង​អស់​ នៅ​មិន​ទាន់​ចុះ​សម្រុង​នឹង​គ្នា ​ គឺ​ពាក់ព័ន្ធ​សំខាន់​ ​ទៅ​លើ​វាសនា ​និង​តួនាទី ​របស់​ប្រធានាធិបតី​ស៊ីរី​បច្ចុប្បន្ន ​គឺ​លោក​ បាស្ឆា អាល់អាសាដ។ ក្រុម​ប្រទេស​លោក​ខាង​លិច​ ដែល​ដឹកនាំ​ដោយ​បារាំង ​និង​អាមេរិក ​រួម​ជាមួយ​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ផង​ បាន​ទាមទារ​ថា ​ ត្រូវ​បញ្ចប់​អំណាច​របស់​បាស្ឆា អាល់អាសាដ ​ហើយ​រៀបចំ​កសាង​ស៊ីរី​សា​ជាថ្មី។ បារាំង​ អាមេរិក ​ បាន​ទាំង​សំណូមពរ​ឲ្យ​ដាក់ ​ជា​កាលបរិច្ឆេទ​ច្បាស់​លាស់ ​ជា​ដំណាក់កាល ​ដើម្បី​បញ្ចប់​អំណាច​ របស់​បាស្ឆា អាល់អាសាដ។ ក៏​ប៉ុន្តែ​ សំណើរ​នេះ​ ត្រូវ​បាន​អ៊ីរ៉ង់ ​និង​រុស្ស៊ី ​ទាត់​ចោល​ទាំង​ស្រុង។

យ៉ាងណា ​ក៏​ដោយ​ភាគី​ទាំង​អស់ ​មាន​ទំនោរ​ដូច​គ្នា​មួយ ​គឺ​រក្សា​បូរណភាព ​និង​ឯកភាព​ជាតិ​ស៊ីរី​តែមួយ ​មិន​ឲ្យ​ពុះច្រៀក​ស៊ីរី​ ជា​ចំណែក​ ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ហើយ​មួយ​ទៀត​ បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា ​​ជាក់លាក់​​ក៏​ដោយ ​ក៏​ភាគី​ធំៗ ​មាន​អាមេរិក ​បារាំង​ រុស្ស៊ី ​និង​អ៊ីរ៉ង់​ ទំនង​ជា​ស្រប​គ្នា ​ក្នុង​ការ​សម្រេច​ ប្រគល់​តួនាទី ​ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ចាត់​ឲ្យ​មាន​ការ​ទម្លាក់​អាវុធ​ពី​គ្រប់​ភាគី ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ទូទៅ​មួយ​នៅ​ស៊ីរី ​ ហើយ​និង​ ធ្វើ​ការ​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​ថ្មី។

ទាក់ទិន​នឹង​ការ​បោះឆ្នោត​នេះ​ឯង ​ ដែល​ភាគី​ទាំង​អស់​នៅ​និយាយ​គ្នា​មិន​ត្រូវ ​ ព្រោះ​បារាំង ​អង់គ្លេស ​និង​អាមេរិក ​មិន​ព្រម​ឲ្យ​បាស្ឆា​ អាល់អាសាដ​ ត្រលប់​ចូល​ឆាក​នយោបាយ​ ជា​ដាច់​ខាត ​ប៉ុន្តែ​អ៊ីរ៉ង់ ​និង​រុស្ស៊ី​ ​ដែល​កាន់​ជើង​អាសាដ​ បាន​ទាមទារ​ថា ​ទុកឲ្យ​ប្រជាជន​ស៊ីរី​ គេ​ជា​អ្នក​សម្រច​ចិត្ត។ យ៉ាង​ណា​ក៏​ដោយ​ ប្រធានាធិបតី​ ម្នាក់​ដែល​មិន​ញញើត ​នឹង​ទម្លាក់​គ្រាប់បែក​ សម្លាប់​ប្រជាជន​ខ្លួន​ឯង ​ដើម្បី​រក្សា​អំណាច ​ គេ​មិន​គួរ​ទុក​ឲ្យនៅ ​កាន់​តំណែង​ តទៅ​ទៀត​ទេ។

លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស​អាមេរិក កំពុង​និយាយ​ទៅកាន់ លោក​ ស៊ែកហ្គៃ ឡារូវ  រដ្ឋមន្ត្រី​ការបរទេស​រុស្សី ក្នុងពេល​ប្រជុំ​នៅទី​ក្រុង​វីយែន ថ្ងៃ​ទី ៣០ តុលា ២០១៥
លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស​អាមេរិក កំពុង​និយាយ​ទៅកាន់ លោក​ ស៊ែកហ្គៃ ឡារូវ រដ្ឋមន្ត្រី​ការបរទេស​រុស្សី ក្នុងពេល​ប្រជុំ​នៅទី​ក្រុង​វីយែន ថ្ងៃ​ទី ៣០ តុលា ២០១៥ REUTERS/Leonhard Foeger

អាមេរិក​ប្តូរ​យុទ្ធសាស្ត្រ ​បញ្ជូន​កម្លាំង​ពិសេស​៥០នាក់​ ទៅ​ជួយ​ក្រុម​ឧទ្ទាមស៊ីរី៖
យើង​អាច​ចាត់​ទុក​ថា ​វា​ជា​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ របស់​អាមេរិក​ក៏​ថា​បាន។ ដូច​យើង​ដឹង​ស្រាប់​ថា ​អាមេរិក បាក់ស្បាត​បន្ទាប់​ពី​បរាជ័យ ​នៅ​អាហ្វហ្គានីស្ថាន​ នឹង​នៅ​អ៊ីរ៉ាក់ ​ស្លាប់​ទាហាន​រាប់​ពាន់​អ្នក។ អញ្ចឹង​ហើយ ​បាន​​ជា​នៅ​ឆ្នាំ​២០១៤ ​លោក​អូបាម៉ា ​បាន​សម្រេច​ថា​ អាមេរិក​ នឹង​ធ្វើ​ប្រតិបត្តិការ​កម្ទេច​ពួក​ជីហាដ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​ តែ​ពី​លើ​អាកាស​តែ​ប៉ុណ្ណោះ ​ព្រោះថា​បើ​បញ្ជូន​កម្លាំង​កង​ទ័ព​ជើង​គោក ​ទៅ​ដោយ​ផ្ទាល់ ​គឺ​ចំណាយ​ច្រើន ​ ហើយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ក៏​ប៉ុន្តែ​ កន្លង​មក​នេះ ​អាមេរិក​ នៅ​តែ​មាន​កង​កម្លាំង​ពិសេស ​បន្តិច​បន្តួច​ ប្រចាំ​នៅ​អ៊ីរ៉ាក់​ គ្រាន់​តែ​ថា ​កង​កម្លាំង​នេះ ​អត់មាន​តួនាទី​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​ទេ ​ គឺ​មាន​បេសកកម្ម​ គ្រាន់តែ​ ជួយ​សម្រប​សម្រួល ​ធ្វើការ​ចាត់ចែង​បែងចែក​ជំនួយ ​ព្រម​ទាំង​ជួយ​ហ្វឹកហាត់​ជាដើម។

ការ​សម្រេច​បញ្ជូន​កម្លាំង ​ទៅ​ស៊ីរី​នា​ពេល​នេះ ​វា​ថ្មី​មែន ​ប៉ុន្តែ​វា​មិនមែន​ជា​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ​អ្វី​​ធំដុំ​ទេ។ កម្លាំង​ពិសេស ​ដែល​អាមេរិក​នឹង​បញ្ជូន​ទៅ ​នៅ​ខែ​ក្រោយ​នេះ ​មាន​ចំនួន​ តែ​៥០​នាក់​តែ​ប៉ុណ្ណោះ ​ហើយ​តួនាទី​ របស់​កម្លាំង​ពិសេស​នេះ ​ មិនមែន​ទៅ​ប្រយុទ្ធ​ទេ ​គឺ​ទៅ​ដើម្បី​ជួយ​សម្រប​សម្រួល ​ដល់​ក្រុម​ឧទ្ទាម​ស៊ីរី ​ ដែល​កំពុង​ប្រយុទ្ធ​ ជាមួយ​ទាហាន​រដ្ឋាភិបាល​អាសាដ​ផង​ និង​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម​ផង។ ការ​ជួយ​សម្រប​សម្រួល​នេះ ​ គឺ​មាន​ជា​អាទិ៍ ​ ដូចជា​ជួយ​ចាត់ចែង ​ធ្វើ​ការ​បែងចែក ​ជំនួយ​ស្បៀង​ សម្ភារៈ ​និង​អាវុធ ​ ដែល​កងទ័ព​អាមេរិក​បាន​ទំលាក់​តាម​យន្តហោះ ​ ហើយ​ធ្វើ​យ៉ាងណា ​បែងចែក ​ និង​ប្រើប្រាស់​ជំនួយ​ទាំង​អស់​នេះ ​ ឲ្យ​ចំ​ទិស​ដៅ ​និង​មាន​ប្រសិទ្ធិភាព។

លោក ​Josh Earnest ​អ្នក​នាំពាក្យ​សេតវិមាន ​បាន​បញ្ជាក់​ហើយ​ថា ​ បើ​អាមេរិក​ចង់​បញ្ជូន​ទ័ព​ទៅ​ប្រយុទ្ធ​នៅ​លើដី​ស៊ីរី​ គេ​ប្រាកដ​ជា​បញ្ជូន​ទៅ ​រាប់​រយ​រាប់​ពាន់​នាក់​ មិនមែន​៥០​នាក់​អញ្ចឹង​ទេ។ លោក​បន្ត​ថា ​ កងទ័ព​អាមេរិក​ដឹង​យ៉ាង​ច្បាស់ ​ថា ​សមរភូមិ​ស៊ីរី​ និង​អ៊ីរ៉ាក់​ មាន​គ្រោះថា្នក់​ណាស់ ​ ហើយ​កម្លាំង​ពិសេស​៥០​នាក់​នេះ ​ គឺ​ទៅ​ដើម្បី​ជួយ​ហ្វឹកហាត់​ និង​ផ្តល់​ប្រឹក្សា​យុទ្ធសាស្ត្រ​ដល់​ក្រុម​កម្លាំង​ឧទ្ទាម​តែ​ប៉ុណ្ណោះ ​មិនមែន​ទៅ​ធ្វើការ​ប្រយុទ្ធ​ នៅ​សមរភូមិ​ដោយ​ផ្ទាល់​ទេ។ ដោយ​ឡែក ​អាមេរិក ​កំពុង​ពិចារណា​ផង​ដែរ ​ អំពី ​ការ​បន្ថែម​កម្លាំង​ពិសេស​របៀប​នេះ​ នៅ​អ៊ីរ៉ាក់​ដែរ។ ហើយ​ចំណែក ការ​ធ្វើ​ប្រតិបតិ្តការ​តាម​ផ្លូវ​អាកាស​វិញ ​អាមេរិក​ នៅ​តែ​បន្តធ្វើ ​ហើយ​ទើប​បាន​សម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង ​ប្រភេទ F-15 និង  ​A-10 ​ទៅ​មូលដ្ឋាន​នៅ​តួកគី​បន្ថែម​ទៀត។

អាមេរិក​ចង់ស្តារ​មុខ​មាត់ ​ តែ​គ្មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់៖
បើ​និយាយ​ទៅ​ ការ​សម្រេច​បញ្ជូន​កម្លាំង​ពិសេស​៥០​នាក់​នេះ ​ ធ្វើ​ឡើង​ក្នុង​ន័យ​នយោបាយ ​ជា​ជាង​យុទ្ធសាស្ត្រ​យោធា។ ព្រោះ​ថា ​៥០​ នាក់​វា​តិច​ណាស់ ​មិន​ដឹង​ជា​ធ្វើ​អ្វី​កើត​ទេ។ ហេតុអ្វី​បាន​ជា​ថា​នេះ​ជា​ទិសដៅ​នយោបាយ ​ដោយសារ​តែ​អាមេរិក​ ខ្លាច​បាក់មុខ។ បញ្ជូន​ទ័ព​ពិសេស​ទៅ ​ នា​ពេល​នេះ ​ ដើម្បី​បង្ហាញ​ថា​គេ​ខំ​ប្រឹងប្រែង​ណាស់​ដែរ​ មិន​មែន​មាន​តែ​រុស្ស៊ី​នោះ​ទេ។ កន្លង​មក​ប៉ុន្មាន​ឆ្នាំ​នេះ ​រដ្ឋាភិបាល​លោក​អូបាម៉ា ​មិន​សូវ​ជា​ស្វះស្វែង ​ រឿង​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​នៅ​ខាង​ក្រៅ​ទេ។ ការ​ដែល​ធ្វើ​កន្លង​មក​នេះ ​ គឺ​តិច​តួច​ណាស់ ​ហើយ​ធ្វើ​គ្រាន់តែ​បង្រ្គប់​កិច្ច​តែ​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ ​ផល​វិជ្ជាមាន​ខាង​យុទ្ធសាស្ត្រ​យោធា ​ក៏​មាន​ខ្លះ​ដែរ​ មិន​អត់​ទេ។ ការ​ដែល​បញ្ជូន​កម្លាំង​អាមេរិក​ ឲ្យ​ទៅ​នៅ​ក្នុង​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​កណ្តាល​និយម​នេះ ​មាន​ន័យ​ថា ​រុស្ស៊ី​ត្រូវ​តែ​ពិចារណា ​ឲ្យ​ច្បាស់ ​មុន​នឹង​ទម្លាក់​គ្រាប់​បែក ​ពី​លើ​ក្រុម​ឧទ្ទាម។ ព្រោះថា​បើ​ទម្លាក់​មិន​ប្រយ័ត្ន ​ស្លាប់​ទាហាន​អាមេរិក ​ដែល​នៅ​ទីនោះ​ នោះ​ប្រាដក​ជា​មាន​រឿង​ជា​មិន​ខាន។

តាមពិតទៅ ​វា​ចង់​យឺត​ពេល​ទៅ​ហើយ​ ដែល​អាមេរិក​ចង់​ស្តារ​មុខមាត់ ​និង​ស្ថានការណ៍​នៅ​ស៊ីរី ​ ហើយ​ដល់​បញ្ជូន​កម្លាំង​ទៅ ​គឺ​ទៅ​តែ​មួយ​តំបរស្វា ​អញ្ចឹង ​ គឺ​ថា​មិន​រសើប​ទេ។ កាល​ពី​ដើម​ខែ​តុលា​នេះ​ ​ អាមេរិក​ ប្រកាស​ថា​កាត់​បន្ថយ​ជំនួយ ​ក្នុង​កម្មវិធី​បង្វឹក​ហាត់​ក្រុម​ឧទ្ទាម​កណ្តាល​និយម​នៅ​ស៊ីរី ​ ដោយសារ​តែ​ក្រុម​នេះ ​នៅ​តែ​​វាយ​មិន​ឈ្នះ​គេ​ដដែល។ ហើយ​ដល់​ឥឡូវ​ប្រកាស​ថា ​បញ្ជូន​កម្លាំង​៥០​នាក់ ​ទៅ​ជួយ ​ក្រុម​ឧទ្ទាម។ សរុប​មក​យើង​ឃើញ​ថា ​ដូច​ដែល​សមាជិក​ព្រឹទ្ធសភា​ ខាង​គណបក្ស​សាធារណរដ្ឋ​អាមេរិក​គេ​រិះគន់ ​ គឺ​ថា​រដ្ឋា​ភិបាល​លោក​អូបាម៉ា ​អត់​មាន​យុទ្ធសាស្ត្រ​អី្វ​មួយ​ ​ច្បាស់​លាស់​ទាល់​តែ​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ