អានតួអត្ថបទ

JO-២០១៦ បិទ​បញ្ចប់​ដោយ​ក្តី​រីករាយនិង​មោទនភាព​របស់​ប្រទេស​ម្ចាស់​ផ្ទះ

ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រីយ៉ូ រយៈ​ពេល​១៦​ថ្ងៃ ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី ២១ សីហានេះ ជាមួយ​នឹង​ការ​វាយតម្លៃ​ជា​ទូទៅ ថា​ល្អ ប្រេស៊ីល​ធ្វើ​បាន​សក្តិសម​នឹង​សមត្ថភាព​ខ្លួន។ ប៉ុន្តែ​ ប្រេស៊ីល​ខ្លួន​ឯង​មាន​មោទនភាព​បំផុត ពីព្រោះ​ប្រទេស​​ជា​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ​បាន​ទទួល​មេដាយ​មាស នៅ​ក្នុងវិញ្ញាសា​​កីឡា​បាល់ទាត់ ដែល​ជា​កីឡា​ដ៏​សំខាន់​ជាងគេ​បំផុត សម្រាប់​ក្រសែ​ភ្នែក​ពលរដ្ឋ​ប្រេស៊ីល។

បរិយាកាស​រីករាយ​របស់​ប្រេស៊ីល ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​រីយ៉ូ ២០១៦
បរិយាកាស​រីករាយ​របស់​ប្រេស៊ីល ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​រីយ៉ូ ២០១៦ AFP/Yasuyoshi Chiba
ផ្សាយពាណិជ្ជកម្ម

ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១៤ ក្នុង​ចំណាត់​ថ្នាក់​ប្រទេស​ចូលរួម​ប្រកួតកីឡា​អូឡាំពិក​ទាំង​អស់​ ក៏​មិន​ថ្វី ! សំខាន់​គឺ​ប្រេស៊ីល​ដណ្តើម​មេដាយ​មាស​ក្នុង​វិញ្ញាសាបាល់ទាត់ ! នៅ​ប្រេស៊ីល គ្មាន​មេដាយ​មាស​អូឡាំពិក​ណា​មាន​តម្លៃ​ស្មើ​នឹង​មេដាយ​មាស ដែល​បាន​មក​ពី​ការ​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ឡើយ ! បាន​ងារ​ជាជើង​ឯក​អូឡាំពិក ​ប្រេស៊ីល ​ប្រទេស​ម្ចាស់ផ្ទះបាន​​បិទ​បញ្ចប់​ការ​ប្រកួតកីឡា​អូឡាំពិក ប្រកប​ដោយ​មោទនភាពបំផុត និង​ដោយ​ក្តី​រីករាយ​គ្មាន​អ្វីប្រៀប។

នៅ​ថ្ងៃ​បង្ហើយនេះ ដូច​តាម​ទម្លាប់ មាន​ការ​ប្រកួត​រត់​ប្រណាំង​​បុរស​ចម្ងាយ​៤២​គីឡូម៉ែត្រ​ ជា​កិច្ច​ចាប់​ផ្តើម បន្ទាប់មក​នឹង​មាន​ការ​ប្រគល់​ពាន​រង្វាន់​មេដាយមាសទី ៣០៦ ​ដល់​កីឡាករ​បាល់​បោះ​ ដែល​គ្មាន​នរណា​ក្រៅ​ពី​កីឡាករ​អាមេរិក​នោះ​ឡើយ។ ​អាមេរិក​បាន​ទទួល​មេដាយ​ច្រើន​ជាង​គេ ទីពីរ​គឺ​អង់គ្លេស ឯ​ចិន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ត្រឹម​លេខ​បី ពោល​គឺ​ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​ ដែល​ចិន​មិន​ជួប​ប្រទះ​ឡើយ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក។

 ភ្លើង​ទៀន​អូឡាំពិកនឹង​​ត្រូវ​បាន​ពន្លត់ នៅ​ទីក្រុង​រីយ៉ូ ! ទង់ជាតិ​អូឡាំពិក នឹងត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​តូក្យូ ប្រទេស​អ្នក​រៀប​ចំ​ការ​ប្រកួតកីឡាអូឡាំពិក​នៅ​ឆ្នាំ​២០២០ នៅយប់​ថ្ងៃ​អាទិត្យ​ទី ២១ សីហា អម​ដោយ​បទ​ភ្លេង និង​ការ​បាញ់​កាំជ្រួច បិទ​បញ្ចប់​កម្មវិធី ​ដោយ​មិន​ភ្លេច​ទេ​ការ​ហែ​ក្បួន​លា​របស់​ក្រុម​កីឡាករ​អូឡាំពិក​មក​ពី​គ្រប់​ប្រទេស ប៉ុន្តែ​មិន​សូវ​មាន​លំដាប់​លំដោយ​ដូច​ការ​បើក​កម្មវិធីទេ។

នៅ​លើ​វេទិកា​កិត្តិយស មាន​ប្រមុខ​រដ្ឋ-​រដ្ឋាភិបាល​តែ៧​រូប​បាន​បង្ហាញ​វត្តមាន​ ក្បែរ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន។ អវត្តមាន គួរ​ឱ្យ​កត់​សម្គាល់​បំផុត គឺម្ចាស់​ផ្ទះ ! ​ប្រធានាធិបតី​ស្តីទី​ប្រេស៊ីលដែល​ត្រូវ​ហ្វូង​មហាជន​ស្រែក​ឱ្យ​កាលបើក​កម្មវិធីគ្មាន​មុខ​ទេ​។ សមាជិក​គណៈកម្មការអូឡាំពិក​ម្នាក់ ក៏​គ្មាន​វត្តមាន​ដែរ ព្រោះ​ត្រូវ​ប៉ូលិស​ចាប់​ឃុំឃាំង ក្នុង​ពន្ធនាគារ​កាលពី​បី​ថ្ងៃ​មុន ពី​បទ​ជាប់​សង្ស័យ​ក្នុង​បណ្តាញលក់​សំបុត្រ​ខុស​ច្បាប់​ដែល​ធ្វើ​ខាត​ប្រាក់​អស់​យ៉ាង​តិច​២,៨​លាន​អឺរ៉ូ។ នេះ​បើ​តាម​ប៉ូលិស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ