សហរដ្ឋអាមេរិកសម្ពោធសារមន្ទីរជាតិស្បែកខ្មៅចំពេលមានហិង្សាសហគមន៍
សារមន្ទីរជាតិ ស្តីអំពីប្រវត្តិសាស្ត្រនិងវប្បធម៌អាមេរិកស្បែកខ្មៅ ដែលមានទីតាំងនៅក្នុងក្រុង វ៉ាស៊ីនតោន ត្រូវបើកទ្វារទទួលសាធារណជន ចាប់ពីថ្ងៃសៅរ៍ទី២៤ កញ្ញា នេះតទៅ។ គេត្រូវការចំណាយពេលដល់ទៅ១៣ឆ្នាំ ទម្រាំអាចបង្កើតសារមន្ទីរបែបប្រវត្តិសាស្ត្រឱ្យចេញជារូបរាងបាននៅថ្ងៃនេះ ចំពេលដែលប្រធានាធិបតីអាមេរិកស្បែកខ្មៅ បារ៉ាក់ អូបាម៉ា ត្រូវបញ្ចប់អាណត្តិ ។ តែព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅខណៈដែលសហរដ្ឋអាមេរិកកំពុងឆ្លងកាត់ចលាចលហិង្សានៃការទាមទារសិទ្ធិរបស់ពលរដ្ឋស្បែកខ្មៅប្រឆាំងការបង្ក្រាបរើសអើងរបស់ប៉ូលិស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លាតសន្ធឹងក្នុងផ្ទៃក្រឡា ៣៧០០០ម៉ែត្រការ៉េ សារមន្ទីរជាតិមួយនេះ សូមឧទ្ទិសទាំងស្រុងដល់ប្រវត្តិរបស់ជនជាតិអាមេរិកស្បែកខ្មៅ តាំងពីកាលជាង១០០ឆ្នាំមុន។ សារមន្ទីរនេះ គឺជាលទ្ធផលនៃការតស៊ូជាងមួយសតវត្សរ៍របស់យុទ្ធជនស្បែកខ្មៅ ដែលអត់ទ្រាំនឹងការរើសអើងលែងបាន ក៏បានបង្កើតជាគណៈកម្មការពលរដ្ឋស្បែកខ្មៅឡើងនៅឆ្នាំ១៩១៥ ដើម្បីជាតំណាងថាពលរដ្ឋស្បែកខ្មៅជាចំណែកមួយនៃប្រវត្តិសាស្ត្រអាមេរិក។ ជាសរុប សារមន្ទីរមានវត្ថុជាង ៣៤០០០ ក្នុងនោះជិតពាក់កណ្តាលជាអំណោយសប្បុរសដាក់តាំង ឆ្លាស់គ្នា ក្នុងប្រធានបទចំនួន១២។
ជាស្នាដៃរបស់ស្ថាបត្យករជាតិតង់ហ្សានី លោក ដាវីត អាដចាយ៉េ សារមន្ទីរជាតិស្តីអំពីប្រវត្តិសាស្ត្រនិងវប្បធម៌អាមេរិកស្បែកខ្មៅ ចែកចេញជាពីរចំណែក សម្រាប់ពន្យល់អំពីដំណើរប្រវត្តិសាស្ត្រអាមេរិក ពីសម័យទាសករ រហូតដល់ថ្ងៃបានទទួលសេរីភាព។
ផ្នែកក្រោមដី បីជាន់ មានតាំងបង្ហាញតាមលំដាប់ពេលវេលា អំពីប្រវត្តិខ្មៅងងឹត ដែលជនស្បែកខ្មៅជាទាសករ។ នៅជាន់លើដីបួនជាន់ ឧទ្ទិសដល់វប្បធម៌និងសង្គមរបស់ពលរដ្ឋស្បែកខ្មៅ។ សំណង់ស្ថាបត្យកម្មបានយកពន្លឺថ្ងៃជានិម្មិតរូបនៃសេរីភាពរបស់ជនស្បែកខ្មៅ ពីមួយជាន់ ទៅមួយជាន់ កាន់តែមានពន្លឺខ្លាំងឡើង។ ហេតុដូច្នេះហើយបានជាគេឃើញ ការតាំងពិព័រណ៍ ជោគជ័យរបស់ពលរដ្ឋអាមេរិកស្បែកខ្មៅ ក្នុងផ្នែកកីឡា ឧស្សាហកម្ម តន្រ្តី ភាពយន្ត ព្រមទាំងរូបសំណាកឥស្សរជនល្បីស្ថិតនៅជាន់លើបំផុត។
សារមន្ទីរក៏បានផ្តល់តម្លៃដល់ការប្រយុទ្ធតស៊ូរបស់ជនស្បែកខ្មៅ ដើម្បីទាមទារសិទ្ធិពលរដ្ឋ ដូចជាការតស៊ូរបស់គ្រូគង្វៀលគ្រិស្តសាសនា Martin Luther King ចលនាBlack Power។ ដើម្បីភ្ជាប់ជាមួយបច្ចុប្បន្នភាព សារមន្ទីរបានបង្ហាញអំពើចលនា Black Lives Matter ដែលជាអ្នកបកអាក្រាតអំពើហិង្សារបស់ប៉ូលិសមកលើពលរដ្ឋស្បែកខ្មៅ។
លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកមានស្បែកខ្មៅដំបូងគេបង្អស់ ត្រូវអញ្ជើញមកថ្លែងសុន្ទរកថាបើកសម្ពោធសារមន្ទីរ នៅថ្ងៃសៅរ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ