អានតួអត្ថបទ
កូឡុំប៊ី

កូឡុំប៊ី៖លោក​ប្រធានាធិបតី​សម្រេច​បន្ត​បទឈប់បាញ់​រហូត​ដល់​ដំណាច់​ឆ្នាំ ២០១៦

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី លោក​ប្រធានាធិបតី​សង់តូស​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បន្ត​បទឈប់បាញ់​ដែល​ត្រូវ​អស់​សុពលភាព​នៅ​ដំណាច់​ខែ​តុលា​នេះ​រហូត​ដល់​ថ្ងៃទី៣១ ធ្នូ​ចុង​ឆ្នាំ ២០១៦។ លោក​សង់តូស​បាន​ពន្យល់​ថា លោក​ចង់​បន្ត​ព្យាយាម​រក​កិច្ចសម្របសម្រួល​មួយ​ជាមួយ​បក្សប្រឆាំង​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ចលនា​ឧទ្ទាម FARC។ តែ​លោក​សង់តូស​បាន​បញ្ជាក់​ច្បាស់ៗ​ថា ជម្រើស​ថ្ងៃទី៣១ ធ្នូ​មិនមែន​ជា​ការ​ដាក់​ឱសានវាទ ឬ​មួយ​ថ្ងៃ​ដាក់​កំហិត​ទេ។

លោក​ប្រធានាធិបតី​កូឡុំប៊ី​សង់តូស
លោក​ប្រធានាធិបតី​កូឡុំប៊ី​សង់តូស Fuente: Reuters.
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​សម្រេចចិត្ត​បន្ត​កិច្ចព្រមឈប់បាញ់​ទ្វេភាគី​រហូត​ដល់​ថ្ងៃទី៣១ ធ្នូ។ ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ទាំងអស់​គ្នា​យល់​ច្បាស់​ថា នេះ​មិន​ជា​ការ​ដាក់​ឱសានវាទ ឬ​មួយ​ជា​ការ​កំណត់​ថ្ងៃខែ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នីតិវិធី​ស្វែង​រក​ដំណោះស្រាយ​មួយ​ជាមួយ​បក្សប្រឆាំង​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ចុះ​ហត្ថលេខា​ជាមួយ​ចលនា​ឧទ្ទាម FARCនឹង​រក​បាន​នៅ​មុន​ថ្ងៃទី៣១ ធ្នូ។ ដូច​ដែល​និស្សិត​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា គេ​ត្រូវ​តែ​ស្វះស្វែង​រក​សន្តិភាព​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់ ព្រោះ​ពេល​វេលា​មិន​បាន​រង់ចាំ​យើង​ទេ។

ជនរួមជាតិ​ជា​ទីមេត្រី យើង​នឹង​សម្រេច​បាន យើង​នឹង​ទទួល​បាន​សន្តិភាព។ យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចប់​អំពើហិង្សា​ជា​ស្ថាពរ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ដំណើរ​វិល​ចូល​ស្រុកកំណើត​វិញ​របស់​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​គេច​ពី​តំបន់​ជម្លោះ។ ដូច​ដែល​ទាំង​អស់​គ្នា​បាន​ទទួល​ស្គាល់​រួច​ហើយ​ថា នៅ​ពេល​ដែល​ប្រទេស​មាន​សុខសន្តិភាព ពលរដ្ឋ​កូឡុំប៊ី​គ្រប់​រូប​ស្គាល់​ភាព​សុខសាន្ត ភាព​ចម្រុងចម្រើន ការ​អភិវឌ្ឍ និង​មាន​ការងារ​ធ្វើ។
 
យើង​ពិត​ជា​មិន​អាច​ទុក​ឲ្យ​ឱកាស​ដ៏​ប្រពៃ​មួយ​នេះ​កន្លង​ផុត​ទៅ​បាន​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ