អានតួអត្ថបទ

ហ្វីដែលកាស្រ្តូស្លាប់ បារាំង​ស្នើ​​ឱ្យ​លើក​ទណ្ឌកម្ម​ទាំងស្រុង​ចេញ​ពី​គុយបា

ក្រោយ​សេចក្តី​ប្រកាស​មរណភាព​របស់​លោក ហ្វីដែល កាស្ត្រូ ពិភពលោក​បាន​ផ្តើម​បញ្ចេញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់។ តាំង​ពី​ថ្នាក់​នយោបាយ​កំពូល​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ។ មេ​ដឹកនាំ​រុស្ស៊ី ចិន សុទ្ធ​តែ​បាន​លើក​សរសើរ​អំពីវីរភាព​របស់​លោក ហ្វីដែល កាស្ត្រូ។ លោក​អូបាម៉ា បាន​សម្តែងសាមគ្គីភាព​ជាមួយ​ប្រជាពលរដ្ឋ​គុយបា និង​សូម​ឱ្យ​ប្រវត្តិសាស្ត្រ​ជា​វាយ​តម្លៃ​អំពីទង្វើ​របស់​លោក​ហ្វីដែល កាស្ត្រូ។ ឯ​ចំណែក​លោក ហ្វ្រង់ស័រ​ ហូឡង់​ ប្រធានាធិបតី​​​បារាំង​វិញយល់​ថា ដល់​វេលា​ដែល​ត្រូវ​​​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពីគុយបា​ហើយ។

លោក ប្រធានាធិបតី បារាំង François Hollande  និង​លោក​ Fidel Castro ថ្ងៃទី ១១​ឧសភា ២០១៥ នៅ​ទីក្រុង​ឡាហាវ៉ាន
លោក ប្រធានាធិបតី បារាំង François Hollande និង​លោក​ Fidel Castro ថ្ងៃទី ១១​ឧសភា ២០១៥ នៅ​ទីក្រុង​ឡាហាវ៉ាន AFP PHOTO
ផ្សាយពាណិជ្ជកម្ម

“ឈ្មោះ​សមមិត្ត ហ្វីដែលកាស្ត្រូ នឹង​នៅ​ជា​អមតៈ” នេះ​ជា​ប្រសាសន៍​របស់​លោក ប្រធានធិបតី​ចិន ស៊ីជិនពីង តាម​កញ្ចក់​ទូរទស្សន៍ នៅ​ពេល​បាន​ទទួល​ដំណឹង​មរណភាព​របស់​លោកហ្វីដែល កាស្ត្រូភ្លាម។ លោក វ្លាដេមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​ថា ​លោក​ហ្វីដែល កាស្ត្រូ គួរ​តែ​ជា​និម្មិត្តរូប​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​សម័យ​ថ្មី និង​បាន​​​​ចាត់​ទុកលោក ហ្វីដែល កាស្ត្រូ ជា​មិត្ត​ដ៏​ស្មោះត្រង់​និងគ្មាន​ងាករេ​របស់រុស្ស៊ី។

ប្រមុ​ខ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល​ជា​ច្រើន សុទ្ធ​តែ​បាន​ចាត់​ទុក​មរណភាព​របស់​លោក ហ្វីដែល កាស្ត្រូ ថាជា​ការ​បាត់​បង់ឥស្សរជន​ម្នាក់ ដែល​បាន​បម្រើជាតិ​មាតុភូមិ និង​ពលរដ្ឋ។ ហ្វីដែល កាស្ត្រូ បានផ្តល់​ក្តី​សង្ឃឹម និង​ការ​អស់​សង្ឃឹម ដល់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​បដិវត្ត និង​ការ​អនុវត្ត។ នេះ​ជា​ប្រសាសន៍​លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ដែល​បន្ថែម​ទៀត​ថា​ លោកហ្វីដែល​កាស្ត្រូ ជា​តួអង្គ​មួយ​ក្នុង​សង្គ្រាម​ត្រជាក់ តែ​ក៏​ជា​តំណាង​មោទនភាព​របស់​គុយបា ដែ​ល​មិន​បណ្តោយ​ឱ្យមាន​ការ​គ្រប​ដណ្តប់មក​ពី​ខាង​ក្រៅ។

 
ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក​ប្រធានាធិបតី​បារាំង ក៏​បាន​អំពាវនាវ​ ឱ្យ​មាន​ការ​លើក​ទណ្ឌកម្ម​ទាំង​ស្រុង​ចេញ​ពី​គុយបា។ លោក ហ្វីដែល កាស្ត្រូ បាន​លាចាក​លោក​ហើយ គេ​គួរ​តែ​លើក​ទណ្ឌកម្ម​ចេញ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គុយបា បាន​ក្លាយ​ជា​ចំណែក​មួយ​នៃ​សហគមន៍​អន្តរជាតិ។ សម្រាប់​លោក​ប្រធានាធិបតី​បារាំង ទណ្ឌកម្ម គឺ​ជា​សេចក្តី​ជា​ឯកតោភាគី​ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ នាឱកាសបំពេញ​ទស្សនកិច្ច​នៅ​គុយបា ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋ​បស្ចឹម​ប្រទេស​ដំបូង​គេ ដែល​បានទទួល​ជួប​លោក ហ្វីដែល កាស្ត្រូ រយៈ​ពេល​ជិត​មួយ​ម៉ោង​នៅ​ទីក្រុង​ឡាហាវ៉ាន និង​ក៏​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​លើក​ទណ្ឌកម្ម​អាមេរិក​ចេញ​ពី​គុយបា​ដែរ។

ដោយ​ឡែក ប្រតិកម្ម​រីករាយ​បាន​ផ្ទុះ​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​គុយបា ដែល​បាន​រង​ទុក្ខពី​របប​កាស្ត្រូ​ និង​បង្ខំ​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​កំណើត បាន​សម្តែង​ការអបអរ នាំ​គ្នា​ស្រែក​ជ័យ​ឃោស « គុយបាមាន​សេរីភាព” ជយោ​សេរីភាព។ ការ​ប្រមូល​ផ្តុំតាម​ដង​ផ្លូវ​ នា​ក្រុងមីអាមី ​បាន​ផុស​ឡើង​ដោយ​គ្មាន​ណាត់​ គ្រាន់​តែ​បាន​ឮ​ដំណឹង​មរណភាព​របស់​ហ្វីដែល កាស្ត្រូភ្លាម។ មាន​ជនជាតិ​គុយបា​ប្រមាណ​ជាង​ពីរលាន​នាក់ រស់​នៅ​អាមេរិក ៧០%​រស់​នៅ​ក្នុង​រដ្ឋ​ផ្លរីដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ