អ.ស.ប.៖លោកអាន់តូនីញ៉ូ ហ្គូទែរ៉េសស្បថចូលកាន់តំណែងថ្មីជាអគ្គលេខាធិការអ.ស.ប
នៅថ្ងៃចន្ទ ទី១២ ធ្នូនេះ ៖លោកអាន់តូនីញ៉ូ ហ្គូទែរ៉េសស្បថចូលកាន់តំណែងថ្មីជាអគ្គលេខាធិការអង្គការសហប្រជាជាតិជំនួសកន្លែងលោកបាន គីមូន។ ការស្បថចូលកាន់តំណែងត្រូវធ្វើឡើងនៅមុខអ្នកតំណាងទាំង ១៩៣ប្រទេសជាសមាជិកអ.ស.ប. តែលោកហ្គូទែរ៉េសនឹងត្រូវចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៧។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
មានអាយុ ៦៧ឆ្នាំ លោកហ្គូទែររ៉េសដែលជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២នឹងក្លាយជាអគ្គលេខាធិការទី៩ របស់អង្គការសហប្រជាជាតិ បន្ទាប់ពីលោកបាន គីមូន។ ក្រៅពីជាអតីតថ្នាក់ដឹកនាំក្នុងប្រទេសកំណើត លោកហ្គូទែរ៉េសក៏ធ្លាប់កាន់តំណែងប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរយៈពេល១០ឆ្នាំដែរ។ គឺបទពិសោធន៍នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិមួយនេះហើយដែលបានធ្វើឲ្យលោកក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។
តែមានការងារជាច្រើនដែលពិភពលោកកំពុងរង់ចាំលោកហ្គូទែររ៉េស។ គ្រប់គ្នាចង់ដឹងថា តើអតីតនាយករដ្ឋមន្រ្តីព័រទុយហ្កាល់រូបនេះអាចនឹងធ្វើអ្វីលើស និងគ្រាន់បើជាងលោកបាន គីមូនដែលបានកាន់តំណែងកំពូលមួយនេះរយៈពេលពីរអាណត្តិចំនួន ១០ឆ្នាំ ពិសេសស្វែងរកសន្តិភាពសម្រាប់ពិភពលោក។ សូមជម្រាបជូនថាក្នុងរយៈពេល ១០ឆ្នាំនៃការកាន់តំណែងរបស់លោកបាន គីមូន កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សា ឬស្វែងរកសន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិហាក់ត្រូវបានក្រុមប្រឹក្សាសន្តិសុខយកជើងរាទឹកគ្រប់ពេល ពិសេសពីសមាជិកអចិន្រ្តៃយ៍ទាំង ៥ប្រទេសដែលមានសិទ្ធិវ៉េតូ។
កិច្ចការនៅចំពោះមុខ និងបន្ទាន់របស់លោកហ្គូទែររ៉េស គឺបិទបញ្ចប់អំពើហិង្សាបង្ហូរឈាមនៅក្នុងប្រទេសស៊ីរី។ ទន្ទឹមគ្នានេះ ក៏នៅមានវិបត្តិដ៏ចម្រូងចម្រាស និងស្មុគស្មាញជាច្រើនទៀតក្នុងលោកដែលបានធ្វើឲ្យប្រទេសសមាជិកពិបាកនិយាយចុះសម្រុងគ្នា។ ម្យ៉ាងទៀត លោកអគ្គលេខាធិការថ្មីក៏ត្រូវព្យាយាមសម្របសម្រួល និងអូសទាញមហាអំណាចគូប្រជែងពីរ គឺអាមេរិក និងរុស្ស៊ីឲ្យធ្វើការរួមគ្នាដើម្បីប្រយោជន៍ពិភពលោក។ តែយ៉ាងណាក៏ដោយ លោកហ្គូទែររ៉េសត្រូវរង់ចាំជំហររបស់លោកប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីដូណាល់ ត្រាំដែលនឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ មករា ពោលក្រោយលោកហ្គូទែររ៉េសចំនួន ៣សប្តាហ៍។
គួរបញ្ជាក់ជូនថា អាមេរិកជាប្រទេសដែលបានផ្តល់វិភាគទានឲ្យអង្គការសហប្រជាជាតិច្រើនជាងគេ តែលោកដូណាល់ ត្រាំធ្លាប់បានព្រមានជាលក្ខណៈទូទៅថា អាមេរិកមិនគួរជាអ្នកដែលត្រូវចំណាយច្រើនជាងគេសម្រាប់ស្ថាប័នអន្តរជាតិនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ