អានតួអត្ថបទ
សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអូឌីត

ព្រះរាជបុត្រ​​ស្នងរាជ្យ​​​​​​អារ៉ាប៊ីសាអូឌីត​​​​​យាង​​​ទៅ​​​បំពេញ​​​​ទស្សនកិច្ច​​​​នៅ​​​​សហរដ្ឋអាមេរិក​​​​​

ព្រះរាជបុត្រ​​ស្នងរាជ្យ​​​នៃ​​រាជាណាចក្រ​​អារ៉ាប៊ីសាអួឌីត​​ ព្រះអង្គម្ចាស់ ​Mohammed ben Salmane ​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​​បាន​​​យាង​​ចាក​ចេញ​​ពី​​ប្រទេស​​ដើម្បី​​ឆ្ពោះ​​ទៅ​កាន់​​សហរដ្ឋអាមេរិក។​ នៅ​​ទីនោះ​​ព្រះអង្គម្ចាស់ Mohammed ben Salmane ​នឹង​​ត្រូវ​​ជួប​​ប្រាស្រ័យ​​ជាមួយ​​លោក​ Donald Trump​ ​​នៅ​​ក្នុង​​”ទស្សនកិច្ច​​ការងារ​​មួយ​”​ ​ដែល​​នឹង​​ត្រូវ​​ចាប់​ផ្តើម​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ខាង​មុខ។​​ 

ដូណាល់ ត្រាំ និង​រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត នៅ​សេតវិមានថ្ងៃទី ១៤​មីនា ២០១៧
ដូណាល់ ត្រាំ និង​រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត នៅ​សេតវិមានថ្ងៃទី ១៤​មីនា ២០១៧ ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ព្រះរាជបុត្រ​ស្នងរាជ​របស់​អារ៉ាប៊ីសាអូឌីត  Mohammed ben Salmane  ដែល​​មាន​​​ព្រះជន្ម​ ៣១​​ព្រះ​វស្សា ក៏​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក៏​ព្រមទាំង ជា​​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​បំផុត​​មួយ​រូប​របស់​អារ៉ាប៊ីសាអ៊ូឌីត​​ដែល​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក Donald Trump ចាប់តាំង​ពី​លោក Trump បានចូល​កាន់​មុខ​តំណែងប្រធានាធិបតី​បន្ត​ពី​​លោក Barack Obama តាំង​ពី​ខែ​មករា​មក។​

យោងតាម​ប្រភព​ព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអូឌីត​ SPA  ព្រះអង្គម្ចាស់​ Mohammed ben Salmane  ​នឹង​ត្រូវ​ជួបពិភាក្សា​ជាមួយលោក​ Trump នៅថ្ងៃព្រហស្បតិ៍​ខាងមុខ​និង​ក្រុម​អ្នក​ទទួល​ខុសត្រូវ​អាមេរិក​ជាច្រើនរូបទៀត​​ ដើម្បី​ពិភាក្សាគ្នា​នៅ​លើ​បញ្ហា​រឹតចំណង​ទំនាក់​ទំនង​ទ្វេ​​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​​​និង​​បញ្ហា​​ផលប្រយោជន៍​រួម​នៅ​​ក្នុង​តំបន់។​

គួរបញ្ជាក់ថា​តាម​លំដាប់​ថ្នាក់​ ព្រះអង្គម្ចាស់ ​ Mohammed ben Salmane គឺ ជា​បុត្រ​ស្នង​រាជ​ទី​ពីរ​និង​ក៏​ជា​អ្នក​កំណែ​ទម្រង់​ដ៏​ល្បីល្បាញ​មួយ​រូប​នៃ​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។​

ដោយ​ហេតុ​ថា ព្រះអង្គម្ចាស់​រូប​នេះ បាន​តាក់​តែង​ឡើង​​​កំណែ​ទម្រង់​នយោបាយ​សេដ្ឋកិច្ចថ្មី​​ដ៏​ធំធេង​មួយ​ក្រោម​ឈ្មោះថា​”​ទស្សនវិស័យ​ឆ្នាំ​២០៣០” ក្នុងគោលដៅ​​ដើម្បី​គិតគូរ​រិះរក​​ប្រាក់​ចំណូល​​តាម​​​វិធី​​ថ្មីៗ​​ផ្សេង​ទៀត​និងក៏​​​ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​ខ្លួនតែ​នៅ​លើ​ប្រេង។​​ប្រេង អារ៉ាប៊ីសាអូឌីត ដែល​កន្លងមក បាន​ធ្លាក់​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង​និង​ជម្រុញ​ឲ្យ​ប្រទេស​​នេះ ជួប​នឹងវិបត្តិ​​ឧនភាព​ថវិការ​រហូត​ដល់​ការអនុម័ត​ការ​រឹតបន្តឹង​ថវិកា។

នៅលើទំនាក់ទំនង​រវាង​អារ៉ាប៊ីសាអូឌីត​និង​ហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​តាំង​តែ​ពី​ជាង​៧​ទស្សវត្សរ៍​មក​ហើយ​ មាន​លក្ខណៈ​កាន់​តែ​យ៉ាប់យឺន​ខ្លាំ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អូបាម៉ា​ជាអាទិ៍​នៅ​លើ​សំណុំរឿង​ស៊ីរី ដែល​ទីក្រុង​វ៉ាស៊ីនតោន បាន​បដិសេធ​ពុំ​ចូល​រួម​អន្តរាគម​យោធា​នៅ​ក្នុង​ទ្រង់ទ្រាយធំ។​

ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ថ្លែង​ថា លោកមាន​ទំនុកទុក​ចិត្ត​ច្រើន​នៅ​លើ​រដ្ឋបាល​របស់​លោក​ Donald Trump  នៅ​​​​​ក្នុងការ​ចូល​រួម​បាន​ច្រើន​ជាង​មុន​នៅ​ក្នុង​តំបន់​ជាពិសេស​ដើម្បី​ទប់​បង្ក្រាប​ប្រទេស​អ៊ីរ៉ង់។ ​ពីព្រោះ​អារ៉ាប៊ីសាអូឌីត ​តែងតែ​ចោទ​ថា អ៊ីរ៉ង់​ បាន​​លូកដៃ​ចូល​ជ្រៀតជ្រែត​នៅ​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​បណ្តាប្រទេស​អារ៉ាប ដូច​​ជា​​នៅ​ប្រទេស​យេមែន​ជា​ដើម​​ដោយ​តេអេរ៉ង់ បាន​គាំទ្រ​ពួក​ឧទ្ទាម ​Houthis និកាយ Chiites នៅ​​ក្នុង​ការ​​ប្រឆាំងទល់នឹង​រដ្ឋាភិបាល​យេមែន​ស្របច្បាប់​ដែល​សហគមន៍អន្តរជាតិទទួល​ស្គាល់៕​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ