អានតួអត្ថបទ
សហរដ្ឋអាមេរិក

កូនប្រសារ​របស់​លោកដូណាល់ ត្រាំ ស្ថិត​ក្នុង​រ៉ាដា​ស៊ើបអង្កេត​របស់​ប៉ូលិស​FBI

ការស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​អាមេរិក​បាន​រាលដាល​ទៅដល់​កូនប្រសារ​របស់​លោក​ដូណាល់ ត្រាំ។ តាម​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកាំង ប៉ូលិស​សហព័ន្ធ​FBI កំពុង​តម្រង់ទិស​ទៅ​ស៊ើបអង្កេត​លោក​Jared Kushner កូនប្រសារ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ដូណាល់ ត្រាំ។

លោក​ដូណាល់ ត្រាំ និ​ងកូនប្រសារ លោក​Jared Kushner ​ដែល​មានតួនាទី​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី
លោក​ដូណាល់ ត្រាំ និ​ងកូនប្រសារ លោក​Jared Kushner ​ដែល​មានតួនាទី​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី © REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោក​ Jared Kushner កំពុង​អមដំណើរ​ឪពុកក្មេក គឺលោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស។ នៅ​ថ្ងៃនេះ លោក​ត្រូវ​ចូលរួម​ជាមួយ​លោក​ដូណាល់ ត្រាំ ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​មហាឧស្សាហកម្ម G៧ នៅទីក្រុង​ស៊ីស៊ីល ប្រទេស​អ៊ីតាលី។ ប៉ុន្តែ នៅក្នុង​ស្រុក​វិញ នៅ​សហរដ្ឋអាមេរិក ឈ្មោះ​របស់​ Jared Kushner ដែល​ជា​កូនប្រសារ និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​ក្លាយ​ជាទីដៅ​ស៊ើបអង្កេត​របស់​ប៉ូលិស​សហព័ន្ធ FBI។

 
តាម​កាសែត The Washington Post ហើយ​និង​ទូរទស្សន៍ NBC កូនប្រសារ​ប្រុស​របស់​លោក​ដូណាល់ ត្រាំ កំពុង​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត​របស់​FBI ដោយសារ​លោក​ធ្លាប់​មាន​ទាក់ទង​ជាមួយ​មន្រ្តី និង​អ្នកជំនួញ​រុស្ស៊ី។ តាមការចុះផ្សាយ​របស់​កាសែត នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ ពោល​គឺ​នៅមួយខែ​លោក​ដូណាល់ ត្រាំ ឈ្នះឆ្នោត​ប្រធានាធិបតី លោក​ Jared Kushner​ធ្លាប់​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាមេរិក ហើយ​និង​ប្រធាន​ធនាគារ​រដ្ឋ​រុស្ស៊ី Vnesh Econom Bank ដែល​ស្ថិតនៅក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោកអូបាម៉ា។

សូមអាន៖តើ​​រុស្ស៊ី​​អាច​មាន​ទំនាក់ទំនង​​ជាមួយ​​ក្រុម​​លោក​ដូណាល់​ ត្រាំ​​​ ដូច​​គេ​​សង្ស័យ​​ដែរ​ទេ​?​​

រហូត​មកដល់​ពេលនេះ ទាំង​ប៉ូលិស​FBI ហើយ​និង​សេតវិមាន​មិនទាន់​បាន​ចេញមុខ​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះនៅឡើយទេ ប៉ុន្តែ មេធាវី​ម្នាក់​របស់​លោក​ Jared Kushner​បាន​និយាយ​ប្រាប់​កាសែត​The Post ថា លោក​ Jared Kushner​នឹង​សហការ ចូល​ខ្លួន​ទៅ​ពន្យល់ នៅគណៈកម្មការ​សភា បើសិន​មាន​ការកោះហៅ។ តាម​ទូរទស្សន៍​NBC ដែល​បាន​ដកស្រង់​សំដី​របស់​មន្រ្តី​អាមេរិក (សុំ​មិន​បញ្ចេញឈ្មោះ) ការស៊ើបអង្កេត​ទៅលើ​ការជាប់ពាក់ព័ន្ធ​រវាង​រុស្ស៊ី ហើយ​និង​ក្រុមឃោសនា​បោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ ត្រូវ​បាន​ពង្រីក រាលដាល​ដល់​លោក​ Jared Kushner​មែន ប៉ុន្តែ មិនមែន​មានន័យថា គេ​ជាប់​សង្ស័យ​លោក Jared Kushner ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះទេ។

 

សូមអាន៖អាមេរិក៖​ហេតុអ្វី​បាន​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ​បង្ខំចិត្ត​ចុះ​ចេញ​ពី​តំណែង?

 

ករណី​របស់​ Jared Kushner គឺខុស​ពី​លោក​Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខជាតិ និង​លោក​Paul Manafort ប្រធាន​យុទ្ធនាការ​ឃោសនា​របស់​លោក​ដូណាល់ ត្រាំ ដែល​ទាំង​២​នាក់ ជាមុខសញ្ញា​សំខាន់​នៃ​ការស៊ើបអង្កេត​របស់​ប៉ូលិស​FBI ហើយ​និង​គណៈកម្មការ​សភា។ ការស៊ើបអង្កេត​ទៅលើ​ការលូកដៃ របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក និងជួយ​ឲ្យ​លោកដូណាល់ ត្រាំ​ឈ្នះឆ្នោត​ប្រធានាធិបតី បាន​ចាប់រីកមុខ​កាន់តែធំ បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ បាន​ដកតំណែង​យ៉ាងទាន់ហន់ ប្រធាន​ប៉ូលិស​FBI លោក​James Comey។ នៅ​សប្តាហ៍មុន លោកដូណាល់ ត្រាំ​បាន​និយាយ​ថា លោក​ជា​ជនរងគ្រោះ​នៃ​ការតាមប្រមាញ់​យាយធ្មប់ ក្នុង​ប្រវត្តិ​នយោបាយ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ