ហិង្សានៅទីក្រុង Charlottes៖ ថៅកែក្រុមហ៊ុនអាមេរិកធំៗ ដើរចេញពីលោកដូណាល់ ត្រាំ
ប្រធានក្រុមហ៊ុនអាមេរិកាំងធំៗ នៅថ្ងៃពុធ ទី ១៦ សីហា បានលាលែងចេញពីតំណែងសមាជិករបស់គណៈកម្មការប្រឹក្សានយោបាយសេដ្ឋកិច្ច របស់ប្រធានាធិបតី ដើម្បីប្រឆាំង ជំទាស់នឹងជំហរ របស់លោកដូណាល់ ត្រាំ ដែលហាក់ការពារក្រុមស្តាំនិយមជ្រុល ដែល ប្រព្រឹត្តអំពើហិង្សា សម្លាប់មនុស្ស នៅទីក្រុងCharlottes កាលពីថ្ងៃសៅរ៍ ទី ១២ សីហា។
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដ៏លំបាក និងឯកោរ។ លោកដូណាល់ ត្រាំ មិនត្រឹមតែ យឺតយ៉ាវ ក្នុងការនិយាយថ្កោលទោស ក្រុមស្តាំនិយមជ្រុល ក្រុមការពារសាសន៍ស្បែកស តែប៉ុណ្ណោះទេ ប៉ុន្តែ លោកនៅបានបង្ហាញសមានចិត្ត គាំទ្រ ក្រុមនេះ ដែលមានសមាជិកម្នាក់ បានបើកបើកឡានបុកសម្លាប់មនុស្សទៅវិញ នៅក្នុងអំឡុងបាតុកម្ម នៅទីក្រុងCharlottes។
រលករិះគន់ប្រធានាធិបតីអាមេរិក មានជាបន្តបន្ទាប់ ទាំងនៅក្នុង និងក្រៅប្រទេស បន្ទាប់ពីលោកដូណាល់ ត្រាំ នៅថ្ងៃអង្គារបានថ្លែងចាត់ទុកបាតុករ ឆ្វេងនិយម ដែលប្រឆាំងនឹងការរើសអើង ពូជសាសន៍ ថា ជាក្រុមដែលហិង្សា និងថា ដែលទៅធ្វើបាតុកម្មក្នុងក្រុមស្តាំនិយមជ្រុល មិនមែនសុទ្ធតែជាក្រុមណាហ្សី ឬក្រុមការពារសាសន៍ស្បែកស ទាំងអស់នោះទេ។
លោកដូណាល់ ត្រាំកំពុងនៅឯកោ ព្រោះថា ជំហររបស់លោក ដែលហាក់ កាន់ជើង ក្រុមស្តាំនិយមជ្រុល ដែលជាក្រុមរើសអើងប្រកាន់ពូជសាសន៍យ៉ាងដូច្នេះ គឺគ្មាននរណាគាំទ្រ ទទួលយកបានទេ ក្រៅតែពីក្រុមស្តាំនិយមជ្រុល ដូចជាក្រុមKu Klux Klan ដែលគេចាត់ទុកជាក្រុមភេរវនិយមនៅ អាមេរិកនោះ។
រដ្ឋមន្រ្តីយុត្តិធម៌អាល្លឺម៉ង់បានវាយតម្លៃថា សំដីរបស់លោកដូណាល់ ត្រាំមិនថ្កោលទោស អំពើហិង្សារបស់ក្រុមស្តាំនិយមជ្រុល នៅទីក្រុងCharlottesគឺជារឿងដែលមិនអាចទទួលយកបាន។ សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសវិញ គំនិត ហ្វាស៊ីស និងគំនិតប្រឆាំងនឹងការរើសអើង ពូជសាសន៍ គឺជារឿងពីរ ដែលខុសគ្នា ដាច់ស្រឡះ។ ដូច្នេះ វាសំខាន់ណាស់ ដែល អ្នកទទួលខុសត្រូវជាន់ខ្ពស់ ត្រូវតែ ថ្កោលទោស គំនិតស្តាំនិយមជ្រុល ទោះនៅក្នុងទម្រង់ណាក៏ដោយ។
នៅក្នុងស្រុកអាមេរិកវិញ ជំហរ យោគយល់របស់ប្រធានាធិបតីអាមេរិក ទៅលើក្រុមស្តាំនិយមជ្រុលអាមេរិក បានរងការរិះគន់ខ្លាំងណាស់ដែរពីបក្សរបស់លោកត្រាំ។ នៅក្រោយលោកត្រាំនិយាយទម្លាក់កំហុសទៅលើ បាតុករ ទាំងពីរក្រុម និងថា នៅក្នុងស្តាំនិយម ជ្រុល ក៏មានមនុស្សល្អដែរនោះ ប្រធានរបស់បក្ស សាធារណរដ្ឋ នៅសភា លោកPaul Ryan បាននិយាយភ្លាម មិនយល់ស្របជាមួយលោកត្រាំ។
អតីតប្រធានាធិបតី ឪពុកកូន ប៊ូសវិញ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃម្សិលមិញ ថ្កោលទោស សកម្មភាពហិង្សា ស្អប់ របស់ក្រុមការពារសាសន៍ស្បែកស។ ពួកលោកចាត់ទុកថា “ការលើកតម្កើងតែសាសន៍ស្បែកស គឺជារឿងអាក្រក់ណាស់”។ សមាជិកបក្សសាធារណរដ្ឋជាច្រើន កាន់តែដកឃ្លា ដកខ្លួន ឲ្យឆ្ងាយពីលោកដូណាល់ ត្រាំ។ បើសិនជាលោកដូណាល់ ត្រាំ គ្មានប្រជាប្រិយភាព សូម្បីនៅក្នុងបក្សរបស់លោក នោះ គេឃើញថា លោកដូណាល់ ត្រាំពិបាកនឹងរកសំឡេងគាំទ្រពីបក្សសាធារណរដ្ឋ ដើម្បីបោះឆ្នោត អនុម័តច្បាប់ដែលលោក កំពុងស្នើឡើង ដូចជាច្បាប់ធ្វើកំណែទម្រង់ ពន្ធជាដើមនោះ
លោកដូណាល់ ត្រាំ ឯកោរក្នុងរង្វង់អ្នកជំនួញ
តាំងពីថ្ងៃចន្ទ ទី ១៤ សីហា ថៅកែក្រុមហ៊ុនអាមេរិកាំងធំៗ បានប្រកាសដកខ្លួនចេញពី សមាជិកភាពរបស់គណៈកម្មការសេដ្ឋកិច្ច ដែលមាននាទីផ្តល់ប្រឹក្សាផ្នែកនយោបាយសេដ្ឋកិច្ច ដល់លោកប្រធានាធិបតី។
នៅខែមករា នៅប៉ុន្មានថ្ងៃក្រោយស្បថចូលកាន់តំណែងប្រធានាធិបតី លោកដូណាល់ ត្រាំ បានបង្កើតគណៈកម្មការប្រឹក្សាពីរ ដែលធ្វើការទៅលើសេដ្ឋកិច្ច ឧស្សាហកម្ម។ សមាជិករបស់គណៈកម្មការសេដ្ឋកិច្ច ឧស្សាហកម្មនេះ មានចំនួន២៨នាក់ ដែលសុទ្ធសឹងតែជាប្រធានក្រុមហ៊ុនអាមេរិកាំងធំៗ និងជាអ្នកតំណាងសហជីព។
ប៉ុន្តែ នៅថ្ងៃចន្ទទី ១៤ សីហា នៅក្នុងហេតុផល មនសិកា ផ្ទាល់ខ្លួន ដែលប្រឆាំងនឹងការរើសអើង ប្រកាន់ ពូជសាសន៍ ប្រធានក្រុមហ៊ុនឧសថ ដ៏ធំជាងគេរបស់អាមេរិក Merckបានប្រកាសដើរចេញពីគណៈកម្មការពិគ្រោះយោបល់របស់លោកដូណាល់ ត្រាំ។ នៅថ្ងៃពុធ គឺមួយថ្ងៃក្រោយ លោកដូណាល់ ត្រាំ បង្ហាញសមានចិត្ត និយាយការពារសមាជិកក្រុមស្តាំនិយម និងទម្លាក់កំហុសទៅលើបាតុករ ដែលប្រឆាំងនឹងការរើសអើង ថៅកែក្រុមហ៊ុនអាមេរិក ៤រូបទៀត ដែលជាសមាជិក របស់គណៈកម្មការផ្តល់ប្រឹក្សាសេដ្ឋកិច្ច ក៏បានប្រកាសដើរចេញពីលោកដូណាល់ ត្រាំដែរ។
រាល់លើកដែលលោកដូណាល់ ត្រាំ ធ្វើនយោបាយដ៏ចម្រូងចម្រាស លោកតែងត្រូវក្រុមហ៊ុនឯកជនដោះដៃ ដើរចេញ ពីគណៈទីប្រឹក្សារបស់លោក។ ថៅកែក្រុមហ៊ុនUber បានលាចេញពីតំណែងទីប្រឹក្សារបស់លោកដូណាល់ ត្រាំ នៅក្រោយ លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍ ដែលធ្វើដំណើរមកពីប្រទេសអ៊ីស្លាម។ នៅខែមិថុនា កន្លងទៅ ក្រុមហ៊ុនផលិតឡាន ដើរដោយថាមពលអគ្គិសនី Tesla ហើយនិងក្រុមហ៊ុនDisneyបានយកគំរូតាម ក្រុមហ៊ុនUber ដើរចេញពីរង្វង់ទីប្រឹក្សារបស់លោកដូណាល់ត្រាំ នៅក្រោយពេលលឺលោកដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិក្រុងប៉ារីស ស្តីពីអាកាសធាតុ។
ដោយសារតែជំហរ ជ្រុលហួសហេតុរបស់លោកដូណាល់ ត្រាំ លើកនេះ ប្រធានក្រុមហ៊ុន ឯកជនអាមេរិក បានសម្រេចមូលមតិគ្នាចង់រំលាយគណៈកម្មការប្រឹក្សា នេះចោល ព្រោះថា មានសមាជិកជាច្រើន ដែលមិនយល់ស្របជាមួយ លោកដូណាល់ ត្រាំ។ ប៉ុន្តែ លោកដូណាល់ ត្រាំ វិញ ដែលចង់យកមុខមាត់ បានប្រញាប់ប្រកាសមុន រំលាយចោលគណៈកម្មការពិគ្រោះយោបល់សេដ្ឋកិច្ចទាំងពីរចោល នៅថ្ងៃពុធម្សិលមិញ។
មិនចង់មានឈ្មោះ ស្អុយ ដោយសារតែនៅក្បែរលោកដូណាល់ ត្រាំ
ជំហររបស់លោកដូណាល់ ត្រាំ ដែលមិនចេញមុខ ថ្កោលទោស ក្រុមការពារស្បែកស ដែលជាក្រុមរើសអើងពូជសាសន៍ បានធ្វើឲ្យប្រធានក្រុមហ៊ុនឯកជនអាមេរិក ទើសទាល់ចិត្តមែនទែន។ ទីមួយ គឺ ពួកគេ មានមនសិកា ស្អប់ខ្ពើមរួចទៅហើយ គំនិតរើសអើង ប្រកាន់ពូជសាសន៍។ ដូច្នេះ ពួកគេមិនអាចនៅបន្តអង្គុយ ធ្វើការ និយាយជាមួយ ប្រធានាធិបតី ដែលកាន់ជើងក្រុមដែលរើងអើង គិតតែចង់ការពារសាសន៍ស្បែកស នោះទេ។
មួយវិញទៀត ប្រធានក្រុមហ៊ុន ឬអ្នកតំណាងសហជីពទាំងនោះ នឹងអាចពន្យល់ ឬធ្វើការ យ៉ាងម៉េចជាមួយបុគ្គលិករបស់ខ្លួន ដែលលាយចម្រុះដោយមនុស្សគ្រប់ពណ៌សំបុរនោះ។ បើគេធ្វើការជាមួយ ប្រធានាធិបតីដែលការពារក្រុមរើសអើងពូជសាសន៍ គឺពួកគេប្រាកដជាត្រូវរងការរិះគន់ដូចប្រធានាធិបតីដែរមិនខាន។ នៅអាមេរិក បើសិន ក្រុមហ៊ុនមានរឿងអាស្រូវ មានកេរ្តិ៍មិនល្អ នៅក្នុងកាសែត ហើយគ្មានការគំាំទ្រពីបុគ្គលិករបស់ខ្លួន នោះ ក្រុមហ៊ុន មិនអាចនៅបន្តរស់បានយូរទេ។
ប្រធានក្រុមហ៊ុនឯកជនបានសម្រេចដើរចេញពីរង្វង់ទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ដោយប្រថុយនឹងការដាក់ទោស រិះគន់ពីលោកដូណាល់ ត្រាំ។ ជាទូទៅ ក្រុមហ៊ុនធ្វើជំនួញអាមេរិក នឹងអាចខាតបង់ នៅពេលកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រធានាធិបតី។ ប៉ុន្តែ លើកនេះ អ្វីដែលចំលែក គឺថា ទោះបីជាលោកដូណាល់ត្រាំ បានរិះគន់ ថៅកែ ក្រុមហ៊ុនដែលបានដើរចេញពីគណៈកម្មការរបស់លោក ប៉ុន្តែ ក្រុមហ៊ុនទាំងនោះ មានតម្លៃភាគហ៊ុនធ្លាក់ចុះតិចតួច តែប៉ុណ្ណោះ។ ការនេះអាចបញ្ជាក់ថា គេមិនសូវជាទុកចិត្តប៉ុន្មាន លោកដូណាល់ ត្រាំដែលផ្លាស់ប្តូរ សំដីដូចផ្លាស់ប្តូរខោអាវនោះ។ អ្នកសេដ្ឋកិច្ចជាច្រើនគិតថា ប្រធានាធិបតីដែលបាត់បង់ការគាំទ្រពីពិភពអ្នកជំនួញ យ៉ាងដូច្នេះ គឺប្រាកដជាត្រូវជួបបញ្ហាដ៏ធំមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ