អានតួអត្ថបទ
អាមេរិក

អាមេរិក៖​វិបត្តិថវិកា Shutdown បាន​បិទ​បញ្ចប់ តែ​ការ​ត ថ្លៃ​គ្នា​កំពុង​បន្ត​មាន

នៅ​សហរដ្ឋអាមេរិក ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត​លើ​ច្បាប់ថវិកា​នា​ថ្ងៃ​ចន្ទ ទី២២ មករា​ដើម្បី​បិទបញ្ចប់​វិបត្តិថវិកា Shutdown។ បន្ទាប់​ពី​ព្រឹទ្ធសភា ច្បាប់ថវិកា​ដដែល​ក៏​បាន​បោះឆ្នោត​ដោយ​ក្រុម​អ្នកតំណាងរាស្រ្ត​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ។ សូម​ជម្រាប​ជូន​ថា វិបត្តិ​ថវិកា​បាន​កើត​មាន​រយៈពេល ៣ថ្ងៃ ពោល​តាំង​ពី​ថ្ងៃ​សៅរ៍ ទី២០ មករា និង​បាន​ធ្វើ​ឲ្យ​សេវា​មួយ​ចំនួន​របស់​រដ្ឋាភិបាលសហព័ន្ធ​ផ្អាក​ដំណើរការ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កញ្ចប់​ថវិកា​ដែល​បាន​ព្រមព្រៀង​នឹង​អាច​ចាយវាយ​ត្រឹម​ថ្ងៃទី៨ កុម្ភៈ​ប៉ុណ្ណោះ។

លោក Mitch Mcconnel ប្រធាន​ក្រុម​មតិភាគច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភាអាមេរិក​ ថ្ងៃទី២២ មករា ២០១៨
លោក Mitch Mcconnel ប្រធាន​ក្រុម​មតិភាគច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភាអាមេរិក​ ថ្ងៃទី២២ មករា ២០១៨ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​ដល់​ទៅ ៣ថ្ងៃ​ទើប​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​អាច​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បិទបញ្ចប់ Shutdown បាន។ ការ​ព្រមព្រៀង​គ្នា​នេះ​មិនមែន​កើត​ចេញ​ពី​ការ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទេ តែ​កើត​ចេញ​ពី​ការ​ត ថ្លៃ ដោះដូរ និង​ការ​ដាក់​ឱសានវាទ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ Shutdown ដែល​បាន​កើត​មាន​ក្នុង​រយៈពេល ៣ថ្ងៃ​កន្លង​ទៅ ជា​វិបត្តិថវិកា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ស្ថាប័ន​រដ្ឋាភិបាលសហព័ន្ធ តែ​វិបត្តិ​មួយ​នេះ​ក៏​មាន​បង្កប់​ដោយ​រឿង​នយោបាយ​យ៉ាង​ជ្រៅ​ដែរ។ គណបក្សប្រឆាំង​មិន​ញញើត​នឹង​យក​វិបត្តិ​មួយ​នេះ​ធ្វើ​ជា​នុយ ឬ​ជា​គំនាប​នយោបាយ។

សូម​ជម្រាប​ជូន​ថា Shutdown នេះ​ធ្លាប់​បាន​កើត​មាន​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ក្នុង​ឆ្នាំ ២០១៣ និង​ដែល​បាន​អូសបន្លាយ​ដល់​ទៅ ១៦ថ្ងៃ ពោល​មិនមែន ៣ថ្ងៃ​ដូច​ពេល​នេះ​ទេ។ Shutdown ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចូល​ជា​ធរមាន​នៅ​រំលង​អធ្រាត្រ​ថ្ងៃ​សុក្រ ទី១៩ មករា ពោល ៣ថ្ងៃ​មុន​ខួប​គម្រប់ ១ឆ្នាំ​នៃ​ការ​កាន់​តំណែង​របស់​លោក​ដូណាល់ ត្រាំ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា Shutdown ជា​កាដូ​សម្រាប់​លោក​ដូណាល់ ត្រាំ។ គួរ​រម្លឹក​ជូន​បន្តិច​ថា គឺ​នៅ​ព្រឹទ្ធសភា​ដែល​ច្បាប់ថវិកា​បាន​ជាប់គាំង​ដោយ​គ្មាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់។

ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្សប្រឆាំង គឺ​គណបក្ស​ប្រជាធិបតេយ្យ​បាន​យក​រឿង​ជនអន្តោប្រវេសន៍ Dreamers ធ្វើ​ជា​នុយ​ត ថ្លៃ​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ។ ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សសាធារណរដ្ឋ​លើក​យក​រឿង​ជនអន្តោប្រវេសន៍ Dreamers ទៅ​ជជែក។ បន្ទាប់​ពី​ត ថ្លៃ​គ្នា​យ៉ាង​តឹង​សរសៃ ក អស់ ៣ថ្ងៃ​មក សមាជិក​ព្រឹទ្ធសភា​បក្សសាធារណរដ្ឋ​ក៏​យល់​ព្រម ហើយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ក៏​សុខចិត្ត​បោះឆ្នោត​លើ​កញ្ចប់ថវិកា​ថ្មី​បញ្ចប់ Shutdown។ ក៏​ប៉ុន្តែ កញ្ចប់​ថវិកា​មួយ​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាលសហព័ន្ធ​អាច​ចាយវាយ​ដល់​ត្រឹម​ថ្ងៃទី៨ កុម្ភៈ​ប៉ុណ្ណោះ។

គណបក្ស​សាធារណរដ្ឋ​មាន​ប្រៀប​លើ​គណបក្ស​ប្រជាធិបតេយ្យ

គ្មាន​អ្នក​ឈ្នះ និង​គ្មាន​អ្នក​ចាញ់ តែ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ​ហាក់​មាន​ប្រៀប​លើ​គណបក្ស​ប្រជាធិបតេយ្យ។ មាន​ប្រៀប​នៅ​ត្រង់​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សប្រជាធិបតេយ្យ​បាន​ទទួល​ត្រឹម​តែ​ពាក្យ​សន្យា​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សសាធារណរដ្ឋ។ ពាក្យ​សន្យា​ថា​នឹង​លើក​យក​សំណុំរឿង​ជនអន្តោប្រវេសន៍​ខុសច្បាប់ Dreamers ទៅ​ជជែក។ តែ​សំណួរ​ដែល​ចោទ​នោះ​នៅ​ត្រង់​ថា ចុះ​បើ​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សសាធារណរដ្ឋ​មិន​គោរព​ពាក្យ​សន្យា ឬ​មួយ​ក៏​ជជែក​ដែរ តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជុំវិញ​រឿង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ Dreamers ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី៨ កុម្ភៈ​នោះ​ទេ តើ​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្សប្រជាធិបតេយ្យ​អាច​នឹង​ធ្វើ​អ្វី​បាន។

ចម្លើយ Shutdown នឹង​កើត​មាន​ជា​ថ្មី​នៅ​ក្រោយ​ថ្ងៃទី៨ កុម្ភៈ ព្រោះ​ចូរ​កុំ​ភ្លេច​ថា កញ្ចប់​ថវិកា​ដែល​ទើប​អនុម័ត​រួម​គ្នា​គ្រាន់​ជា​កញ្ចប់ថវិកា​បណ្តោះអាសន្ន។ ទោះ​ជា​យ៉ាង​នេះ​ក្តី សេតវិមាន និង​រូប​លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​រីករាយ និង​បាន​ចាត់​ទុក​ការ​បិទ​បញ្ចប់ Shutdown ពេល​នេះ​ជា​ជោគជ័យ​មួយ​ចំពោះ​គណបក្ស​សាធារណរដ្ឋ។ ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី៨ កុម្ភៈ គឺ​មាន​រយៈពេល ១៧ថ្ងៃ​គត់​ដែល​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រញាប់​ចរចា​គ្នា​ដើម្បី​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ Dreamers ទាំង​ជិត ៧០០ ០០០នាក់។

Dreamers កំពុង​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស

Dreamers គឺ​ជា​ឈ្មោះ​ដែល​គេ​បាន​ដាក់​លើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជិត ៧០០ ០០០នាក់​នៅ​អាមេរិក និង​ដែល​ភាគច្រើន​ជា​ជនជាតិ​ម៉ិចស៊ិក។ ជនអន្តោប្រវេសន៍​ទាំង​អស់​នេះ​បាន​រត់​ទៅ​រស់នៅ​ក្នុង​ទឹកដី​អាមេរិក​តំាង​ពី​នៅ​វ័យក្មេង​ជា​​កុមារ។ រឿងរ៉ាវ​មួយ​នេះ​មិនមែន​ជា​រឿង​ថ្មី និង​បាន​បន្ត​ចោទ​ឡើង​នៅ​គ្រប់​ជំនាន់​ប្រធានាធិបតី មិន​ថា​មក​ពី​បក្ស​សាធារណរដ្ឋ ឬ​បក្ស​ប្រជាធិបតេយ្យ។ នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា លោក​អូបាម៉ា​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​មួយ​ដែល​ផ្តល់​សិទ្ធិ​ស្របច្បាប់​ឲ្យ​ពួក Dreamers និង​អនុញ្ញាត​ឲ្យ​ពួក​អាច​សិក្សារៀនសូត្រ និង​ធ្វើ​ការងារ។

កម្មវិធី​របស់​លោក​អូបាម៉ា​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ដោយ​ពលរដ្ឋ​អាមេរិក​ភាគច្រើន។ តែ​បែរ​ជា​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​លប់ចោល​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៧ ហើយ​លោក​ត្រាំ​បាន​បញ្ជូន​សំណុំរឿង​មួយ​នេះ​ទៅ​ឲ្យ​សភា​ជជែក​ដោះស្រាយ​យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៨។ បើ​គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​ពី​ពេល​នេះ​ដល់​ខែ​មីនា​ខាង​មុខ​ទេ ពួក Dreamers ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​អាមេរិក​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ។

ក្រៅ​ពី​បញ្ហា​ជនអន្តោប្រវេសន៍ Dreamers នៅ​មាន​រឿង ២ផ្សេង​ទៀត​ដែល​គណបក្ស​សាធារណរដ្ឋ​ចង់​លើក​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ទី១ ថវិកា​សម្រាប់​ចំណាយ​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដើម្បី​ទប់​លំហូរ​ជនអន្តោប្រវេសន៍ និង​ទី២ នយោបាយ​ជួបជុំ​គ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ