នាយកអធិការនៃភ្នាក់ងារថាមពលបរមាណូអន្តរជាតិលាលែងពីតំណែង
នាយកអធិការនៃភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា អាអ៊ីអឺអា ដែល បានសុំលាលែងចេញពីតំណែងនៅថ្ងៃសុក្រទី ១១ឧសភា ២០១៨ ម្សិលមិញ។ នេះបើតាមអ្នកនាំពាក្យរបស់ភ្នាក់ងារ។ ជាការលាលែងដែលបានទទួលចំណាប់អារម្មណ៍ពិសេស ព្រោះ ភ្នាក់ងារនេះមានបន្ទុកត្រួតពិនិត្យការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងធ្លាក់មកជួនចំពេលសហរដ្ឋអាមេរិកទើបប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៩
ជាប្រមុខអធិការនៃភ្នាក់ងារថាមពលបរមាណូអន្តរជាតិតាំងពីឆ្នាំ២០១៣ លោក Tero Varjoranta ពុំបានការពន្យល់មូលហេតុនៃការលាលែងចេញពីតំណែង ដែលសម្រេចឡើងក្រោយការប្រកាសរបស់លោកដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ។ តួនាទីនេះត្រូវបានជំនួសភ្លាម តែជាបណ្តោះអាសន្នដោយនាយកការិយាល័យទទួលបន្ទុកត្រួតពិនិត្យនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យភ្នាក់ងារAIEA។
បង្កើតឡើងនៅឆ្នាំ១៩៧៥ ជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលមានសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ អាអ៊ីអឺអា មានទទួលបន្ទុកត្រួតពិនិត្យការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ឆ្នាំ២០១៥ ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុមមហាអំណាច សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់។ ប៉ុន្តែកាលពីថ្ងៃអង្គារទី ៨ ឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចជាឯកតោភាគីដើរចេញពីកិច្ចព្រមព្រៀងនោះ និងបានទាមទារជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ ថាបើទោះបីជាអាមេរិកដកខ្លួនចេញក៏ដោយ ក៏អាមេរិកចង់បន្តធ្វើអធិការកិច្ចលើមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទាំងចុះទៅត្រួតពិនិត្យដល់មូលដ្ឋានយោធា ដើម្បីបានដឹងថាតើអ៊ីរ៉ង់មិនគោរពកិច្ចព្រមព្រៀងមែនឬក៏អត់។
សម្រាប់ភ្នាក់ងារថាមពលបរមាណូ អ៊ីរ៉ង់ ស្ថិតក្រោមការត្រួតពិនិត្យ ដោយប្រព័ន្ធគួរឱ្យទុកចិត្តនៅលើពិភពលោក ក្នុងវិស័យនុយក្លេអ៊ែរ។ កាលពីថ្ងៃពុធ ភ្នាក់ងារបានអះអាងជាថ្មីថា អ៊ីរ៉ង់ពិតជាបានគោរពយ៉ាងពេញលេញ នូវគ្រប់លក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងជាមួយក្រុមប្រទេសមហាអំណាច។ ហេតុដូច្នេះហើយបានជាភាគីហត្ថលេខីផ្សេងទៀត មានអាទិ៍បារាំងអង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងចិន ព្រមទាំងអ៊ីរ៉ង់ផ្ទាល់ កំពុងសាកល្បងស្រោចស្រង់កិច្ចព្រមព្រៀងនេះ។ កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់អឺរ៉ុបតាំងពីថ្ងៃពុធមក។ នៅថ្ងៃនេះប្រមុខការទូតអ៊ីរ៉ង់កំពុងស្ថិតនៅក្រុងប៉េកាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ