អ៊ីស្រាអែលវាយហ្កាហ្សាជាថ្មី ខណៈមានដំណឹងបញ្ច្រាសគ្នាពីបទឈប់បាញ់
គឺជាការវាយប្រហារដ៏ខ្លាំងក្លា មិនធ្លាប់មានទេ គិតចាប់តាំងពីឆ្នាំ២០១៤មក។ នៅយប់ថ្ងៃអង្គារឆ្លងមកថ្ងៃពុធនេះ យោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការផ្លូវអាកាសវាយលើទីតាំងយោធារបស់ចលនាហាម៉ាសប្រមាណ៣០កន្លែងក្នុងតំបន់ហ្កាហ្សា។ ស្នូរគ្រាប់កាំភ្លើងហាក់បានស្ងប់ស្ងាត់ទៅវិញបន្តិចនៅព្រឹកនេះ ក្នុងខណៈដែលមានលេចឮព័ត៌មានបញ្ច្រាសគ្នាជុំវិញការចុះបទឈប់បាញ់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
អ្នកទទួលខុសត្រូវចលនាហាម៉ាស បានធ្វើសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ដ៏កម្រមួយ នៅព្រឹកថ្ងៃពុធនេះ ថាក្រុមចលនាជីហាដអ៊ីស្លាម ដែលជាចលនាប៉ាឡេស្ទីនមួយក្រុមទៀតនៅតំបន់ហ្កាហ្សា បានព្រមព្រៀងទទួលយកបទឈប់បាញ់ជាមួយអ៊ីស្រាអែលតាមរយៈអន្តរការីអេហ្ស៊ីបហើយ។
ប៉ុន្តែខាងអ៊ីស្រាអែល រដ្ឋមន្ត្រីម្នាក់បានច្រានចោលព័ត៌មាននេះទៅវិញ។ ហើយបើទោះបីជាមានលេចឮព័ត៌មានចុះបទឈប់បាញ់តាំងពីរសៀលថ្ងៃអង្គារមកក្តី ក៏យោធាវិញ បានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស និងផ្លោងកាំភ្លើងធំ ទៅលើទីតាំងយោធា ទីតាំងជាចំណតដ្រូន ទីតាំងផលិតរ៉ុកកែត ព្រមទាំងទីតាំងជារចនាសម្ព័ន្ធយោធា របស់ចលនាហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងទៅលើទីតាំងរបស់ពួកជីហាតអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស និងជាចលនាសំខាន់ទីពីរប្រចាំតំបន់។
ជាសរុបយោធាអ៊ីស្រាអែល បានដៅលើទីតាំងចំនួនប្រមាណជា២៥ទីតាំង ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលអ៊ីស្រាអែលហៅថាជាទង្វើបង្កហេតុមុនរបស់ពួកប្រដាប់អាវុធហាម៉ាស និងជីហាតអ៊ីស្លាម ដែលបានបាញ់រ៉ុកកែតនិងកាំភ្លើងត្បាល់ រហូតធ្វើឱ្យទាហានអ៊ីស្រាអែលបី នាក់រងរបួស។
ខ្ទប់ជាប់ម្ខាងដោយរបងយោធាអ៊ីស្រាអែល ម្ខាងដោយអេហ្ស៊ីប និងសមុទ្ទមេឌីទែរ៉ាណេ តំបន់ហ្កាហ្សា បានរងការវាយប្រហារជាថ្មី យ៉ាងសន្ធាប់ខ្លាំងមិនធ្លាប់មានគិតចាប់តាំងពី អ៊ីស្រាអែលនិងហាម៉ាស ចុះបទឈប់បាញ់នឹងគ្នានៅឆ្នាំ២០១៤មក។ តាំងពី ២០០៨មក អ៊ីស្រាអែល ធ្លាប់ធ្វើសង្គ្រាមក្នុងតំបន់ហ្កាសហ្សាចំនួនបីដងមកហើយ ! ទាំងអ៊ីស្រាអែល និងហាម៉ាសដែលចុះខ្សោយជាលំដាប់ យល់អំពីគ្រោះថ្នាក់នៃសង្គ្រាម ប៉ុន្តែការគំនាបអ៊ីស្រាអែល និងអេហ្ស៊ីប វិបត្តិសេដ្ឋកិច្ច និងភាពទ័លច្រកនយោបាយ បានរុញច្រានប៉ាឡេស្ទីនឱ្យងាយធ្លាក់ក្នុងស្ថានភាពផ្ទុះកំហឹង។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល បានបរិហារការបាញ់រ៉ុកកែតរបស់ចលនាហាម៉ាសប៉ាឡេស្ទីនកាលពីម្សិលមិញ និងបានស្នើសុំឱ្យមានជំនួបប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់នៅល្ងាចនេះ ដើម្បីចេញសេចក្តីសម្រេចថ្កោលទោសថ្នាក់ដឹកនាំប៉ាឡេស្ទីន ចំពោះទង្វើនៅតំបន់ហ្កាហ្សា។ បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ គ្រាប់រ៉ុកកែតប៉ាឡេស្ទីនបាញ់ចេញហ្កាហ្សា ធ្លាក់ប៉ះចំលើទីតាំងស៊ីវិល ក្នុងមួយជាសួនកុមារ។
កាលពីថ្ងៃទី ១៤ឧសភា មានជនប៉ាឡេស្ទីនជាង១រយនាក់បានត្រូវសម្លាប់ដោយទាហានអ៊ីស្រាអែល ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការរើទូតអាមេរិកទៅក្រុងហ្ស៊េរ៉ុយសាឡិម។ កូវែនសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បានរៀបចំគម្រោងសេចក្តីសម្រេចដើម្បីចាត់វិធានការធានាសន្តិសុខនិងការពារជនស៊ីវិលប៉ាឡេស្ទីន។ ប៉ុន្តែការបញ្ជូនបេសកជនការពារអន្តរជាតិ ទំនងជាត្រូវលុបចោលទៅវិញ បើចង់ឃើញគម្រោងសេចក្តីសម្រេចត្រូវបានអនុម័ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ