ហ្វេសប៊ុកបញ្ជាក់ពីការចែករំលែកទិន្នន័យជាមួយក្រុមហ៊ុនចិន
ក្រុមហ៊ុនហ្វេសប៊ុក បានអះអាងបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញនេះ ថាពិតជាបានព្រមព្រៀងចែករំលែកទិន្នន័យគ្នា ជាមួយក្រុមហ៊ុនគ្រាក់ៗចិន យ៉ាងហោចណាស់ក៏បួនក្រុមហ៊ុនដែរ មានជាអាទិ៍ក្រុមហ៊ុនLonovo ក្រុមហ៊ុន Huawei។ Huawei ជាក្រុមហ៊ុនទូរស័ព្ទ លំដាប់ទីបីពិភពលោក ដែលស្ថិតក្រោមការតាមដានរបស់ភ្នាក់ងារចារកិច្ចអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
ក្រុមហ៊ុនហ្វេសប៊ុក បានព្រមព្រៀងចែករំលែកទិន្នន័យអ្នកប្រើប្រាស់ ជាមួយក្រុមហ៊ុនសរុបចំនួនជាង៦០ នៅទូទាំងពិភពលោក ក្នុងនោះ មានយ៉ាងហោចបួន ជាក្រុមហ៊ុនយក្សរបស់ចិន ៖ ពោលគឺ ក្រុមហ៊ុន Huawei ក្រុមហ៊ុនផលិតកុំព្យូទ័រLenovo ក្រុមហ៊ុនផលិតទូរស័ព្ទ OPPO និងTCL។
សម្រាប់ហ្វេសប៊ុក ការចែករំលែកទិន្នន័យបែបនេះ ដើម្បីក្រុមហ៊ុនទូរស័ព្ទចល័តចិនអាចបង្កើតកម្មវិធីឱ្យភាពស៊ីចង្វាក់គ្នាជាមួយសេវាប្រព័ន្ធសង្គម មិនមែនដើម្បីឱ្យក្រុមហ៊ុនទាំងនោះចូលទៅមើលទិន្នន័យអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមពីម្ចាស់ ដូចការព្រួយបារម្ភរបស់សភាអាមេរិកឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ហ្វេសប៊ុកកាលពីម្សិលមិញ ដោយសន្យាថា នឹងបិទបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរស័ព្ទចិនHuawei នៅសប្តាហ៍ក្រោយ និងជាមួយក្រុមហ៊ុនដៃគូបីផ្សេងរបស់ក្រុមហ៊ុនចិន។
ប៉ុន្តែការចែករំលែកទិន្នន័យហ្វេសប៊ុកនេះ បានបង្កបង្កើតឱ្យមានការព្រួយបារម្ភ កាន់តែខ្លាំង បន្ថែមការព្រួយបារម្ភរបស់ក្រុមព្រឹទ្ធសភាអាមេរិក តាំងពីឆ្នាំ២០១២មក។ ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានយ៉ាងហ្មត់ចត់បំផុតពីសំណាក់ភ្នាក់ងារចារកិច្ចអាមេរិក។ សម្រាប់អ្នកទទួលខុសត្រូវអាមេរិក ក្រុមហ៊ុនយក្សចិនHuawei បានសម្រួលឱ្យមានសកម្មភាពចារកិច្ចបរទេស និងគំរាមកំហែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិកណាស់។
កាលពីថ្ងៃអង្គារម្សិលមិញ គណៈកម្មការពាណិជ្ជកម្មនៃព្រឹទ្ធសភាអាមេរិក បានស្នើសុំឱ្យលោក Mark Zuckerberg អគ្គនាយកហ្វេសប៊ុក ពន្យល់បំភ្លឺអំពីការចែករំលែកទិន្នន័យឱ្យក្រុមហ៊ុនផ្សេងៗ ដល់ទៅជាង៦០ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនប្រព័ន្ធសង្គមទើបបានសន្យា កាលពីពេលថ្មីៗនេះសោះ ថាប្តូរទម្លាប់ និងការពារទិន្នន័យអ្នកប្រើប្រាស់ ក្រោយការផ្ទុះរឿងអាស្រូវធ្លាយទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកជាង៥០លាននាក់ទៅក្រុមហ៊ុនCambridge Analytica៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ