អានតួអត្ថបទ
អ.ស.ប

លោកអង់តូនីញ៉ូ ហ្គូទែរស៍៖​បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​ដែល​ពិភពលោក​ត្រូវ​គិតគូរ​យ៉ាង​បន្ទាន់​បំផុត

នៅ​ថ្ងៃ​អង្គារ ទី២៥ កញ្ញា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) បាន​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧៣ ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក ហ្គូទែរស៍ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ពិភពលោក​មួយ​ដែល​កំពុង​ធ្លាក់​ក្នុង​ភាព​វឹកវរ​កាន់​តែ​ខ្លាំង។ តែ​ក្នុង​ចំណោម​បញ្ហា​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ លោក ហ្គូទែរស៍ បាន​ទាញ​សញ្ញាអាសន្ន​ពី​បម្រែបម្រួល​អាកាសធាតុ​ដែល​កំពុង​មាន​សន្ទុះ​យ៉ាង​លឿន។

United Nations Secretary General Guterres delivers opening address at General Assembly in New York
United Nations Secretary General Guterres delivers opening address at General Assembly in New York Reuters
ផ្សាយពាណិជ្ជកម្ម

« ជា​ដំបូង គេ​ត្រូវ​គិតគូរ​ពី​គ្រោះថ្នាក់​ដែល​កំពុង​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ជីវិត​រស់នៅ​របស់​យើង នោះ​គឺ​ការ​ប្រែប្រួល​អាកាសធាតុ។ យើង​ទាំង​អស់​គ្នា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ហានិភ័យ​មួយ។ ប្រសិន​បើ​យើង​មិន​នាំ​គ្នា​រួសរាន់​គិតគូរ​នៅ ២ឆ្នាំ​ខាង​មុខ​ទេ យើង​នឹង​បាត់បង់​ការ​ត្រួតពិនិត្យ​លើ​ស្ថានការណ៍​មួយ​នេះ។

បម្រែបម្រួល​អាកាសធាតុ​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​លឿង​ជាង​យើង​ទៅ​ទៀត។ នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ផ្ទាំងទឹកកក​ដ៏​ក្រាស់ខ្មឹក ល្បីឈ្មោះ និង​រឹងមាំ​ជាង​គេ​នៅ​ប៉ែកខាងជើង​កោះ Groenland ក្នុង​ទឹកដី​ដាណឺម៉ាក​បាន​ចាប់​ផ្តើម​ប្រេះ​ជា​លើកទី១។ ចំណែក​បរិមាណ​ឧស្ម័នពុល​កាបូនិក​នៅ​ក្នុង​បរិយាកាស​មិន​ដែល​ធា្លប់​ឡើង​ខ្ពស់​ដូច​ពេល​នេះ​ទេ​ក្នុង​រយៈពេល ៣លានឆ្នាំ​កន្លង​ទៅ។ ចរន្ត​មួយ​នេះ​កំពុង​បន្ត​ដំណើរ​ទៅ​មុខ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ សកម្មភាព​របស់​យើង​ក្នុង​នាម​ជា​អ្នកដឹកនាំ​ពិភពលោក​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ស្ថានការណ៍។

យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្តាប់​ការ​ពន្យល់​បកស្រាយ​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​ទូទាំង​ពិភពលោក។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ក្រឡេក​មើល​ការ​ពិត​ដែល​នៅ​ចំពោះ​មុខ​យើង។ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​មាន​មហិច្ឆតា​ឲ្យ​ច្រើន​ជាង​នេះ ហើយ​បង្ហាញ​ចេញ​ពី​ភាព​បន្ទាន់​ជាង​មុន​ក្នុង​ការ​ដោះស្រាយ​បញ្ហា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ