អ.ស.ប.អំពាវនាវឲ្យពិភពលោកប្រឹងប្រែងបន្ថែមទៀតក្នុងការកាត់បន្ថយកំដៅលើភពផែនដី
១ខែ មុនសន្និសីទអន្តរជាតិស្តីពីបញ្ហាអាកាសធាតុរៀបចំក្នុងទីក្រុងប៉ារីស ប្រទេសបារំាង អង្គការសហប្រជាជាតិ (អ.ស.ប.) បានកោតសរសើរពិភពលោកពីការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆំាងនឹងការឡោះងកំដៅនៅក្នុងបរិយាកាស។ តែទន្ទឹមគ្នានេះ អ.ស.ប. បានឆ្លៀតព្រមាននៅថ្ងៃសុក្រ ទី៣០ តុលាថា ប្រសិនបើគេមិនឲ្យចង់សីតុណ្ហភាពនៅក្នុងភពផែនដីកើនលើសពី ២អង្សារទេ ពិភពលោកត្រូវតែប្រឹងប្រែងឲ្យខ្លំាងជាងនេះថែមទៀត ពិសេសត្រូវតែមានគោលនយោបាយស្ម័គ្រចិត្ត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
ការអំពាវនាវរបស់អង្គការសហប្រជាជាតិរបៀបនេះត្រូវបានធ្វើឡើងនៅក្នុងរបាយការណ៍មួយចេញផ្សាយក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ របាយការណ៍បានបញ្ចាក់ថា ការប្រឹងប្រែងរបស់ពិភពលោកដែលមិនធ្លាប់មានពីមុនមកបាន និងកំពុងបន្តធ្វើយ៉ាងសកម្មនាពេលសព្វថ្ងៃ។ ការខិតខំប្រឹងប្រែងនេះនឹងអនុញ្ញាតឲ្យសីតុណ្ហភាពនៅក្នុងបរិយាកាសមានកម្រិតមិនលើសពី ២អង្សារ។ តែទន្ទឹមគ្នានេះ អង្គការពិភពលោកក៏បានព្រមានទុកជាមុនថា វិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជារឿងចំាបាច់ដែលនឹងត្រូវបន្តមាននៅឆ្នំាខាងមុខដើម្បីឲ្យសីតុណ្ហភាពក្នុងភពផែនដីស្ថិតក្រោមកម្រិត ២អង្សារ។
របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាអាកាសធាតុបានធ្លាក់មក ១ខែមុនការបើកសន្និសីទអន្តរជាតិស្តីពីបញ្ហាអាកាសធាតុដែលត្រៀមរៀបចំក្នុងទីក្រុងប៉ារីស ប្រទេសបារំាង។ លោកឡូរ៉ង់ ហ្វាប៊ីយូស រដ្ឋមន្រ្តីការបរទេសបារំាង និងជាអនាគតប្រធានរៀបចំសន្និសីទបានបញ្ជាក់ថា របាយការណ៍របស់អង្គការសហប្រជាជាតិពេលនេះបានបង្ហាញឲ្យឃើញពីការរួមចំណែករបស់ប្រទេសនីមួយៗដែលអនុញ្ញាតឲ្យពិភពលោកគេចផុតពីគ្រោះមហន្តរាយ ពោលគេចផុតពីកម្រិតសីតុណ្ហភាពចន្លោះពី ៤ ទៅ ៥អង្សារ។ តែលោកហ្វាប៊ីយូសបានរម្លឹកជាថ្មីថា បើផ្អែកតាមក្រុមអ្នកជំនាញ កិច្ចសន្យាបច្ចុប្បន្ននៅមិនទាន់អាចឲ្យសីតុណ្ហភាពធ្លាក់នៅក្រោម ២អង្សារទេ ពោលនៅបន្តស្ថិតចន្លោះពី ២,៧ ទៅ ៣អង្សារ។
យ៉ាងណាក៏ដោយ លោកស្រីគ្រីស្ទីណា ហ្វីហ្កេរ៉េស (Christina Figueres) អគ្គនាយការនៃសន្ធិសញ្ញាអាកាសធាតុរបស់អង្គការសហប្រជាជាតិបានថ្លែងថា នៅមានកិច្ចការជាច្រើនទៀតដែលពិភពលោកត្រូវប្រឹងប្រែងបន្ថែម តែបើគេអាចបញ្ចុះមកនៅត្រឹមកម្រិត ២,៧ ឬ ៣អង្សារក៏វាគ្រាន់បើជាង ៣ ឬ៤អង្សារដែរ។ គួររម្លឹកជូនឡើងវិញថា ប្រទេសដែលកំពុងចាក់ចោលឧស្ម័នពុលទៅក្នុងបរិយាកាសច្រើនជាងគេ គឺចិន អាមេរិក សហភាពអឺរ៉ុប ឥណ្ឌា និងប្រទេសរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ