នុយក្លេអ៊ែរអ៊ីរ៉ង់៖លោករ៉ូហានីស្នើលោកត្រាំឲ្យចាត់វិធានការមុនគេដើម្បីបញ្ចប់វិបត្តិ
នៅក្នុងប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតីហាសាន រ៉ូហានីបានប្រកាសនាថ្ងៃអង្គារ ទី២៧ សីហាដល់រដ្ឋបាលអាមេរិកាំងឲ្យចាត់វិធានការមុនគេដោយលើកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញពីអ៊ីរ៉ង់។ ការអំពាវនាវដូចនេះរបស់លោករ៉ូហានីជាចម្លើយតបនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំដែលបានថ្លែងនាថ្ងៃជំនួបកំពូល G៧ ចុងក្រោយក្នុងប្រទេសបារាំងថា បើកាលៈទេសៈហុចឲ្យ ហើយបើលក្ខខណ្ឌគ្រប់យ៉ាងត្រូវបានបំពេញ លោកអាចជួបជាមួយមេដឹកនាំអ៊ីរ៉ង់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៤
ចម្លើយរបស់ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានីចំពោះសមភាគីអាមេរិកាំងលោកត្រាំបានធ្វើឡើងនៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍អ៊ីរ៉ង់។ នៅក្នុងសុន្ទរកថានោះ លោករ៉ូហានីបានបញ្ជាក់ច្បាស់ៗដោយបដិសេធយ៉ាងដាច់អហង្ការថា គំនិតនៃការជួបជាមួយលោកត្រាំនៅក្នុងស្ថានភាពបច្ចុប្បន្ន និងក្នុងកាលៈទេសៈសព្វថ្ងៃ គឺមិនអាចទៅរួចទេ។ តែលោករ៉ូហានីបានដាក់លក្ខខណ្ឌមួយចំនួនដើម្បីអាចឈានទៅមានជំនួបជាមួយលោកត្រាំបាន ពិសេសរដ្ឋបាលអាមេរិកាំងត្រូវដកគ្រប់ទណ្ឌកម្មអយុត្តិធម៌ និងមិនស្របច្បាប់ទាំងអស់ចេញពីអ៊ីរ៉ង់។ លោករ៉ូហានីយល់ថា កូនសោនៃការផ្លាស់ប្តូរវិជ្ជមានកំពុងស្ថិតក្នុងដៃសហរដ្ឋអាមេរិកដោយបន្ថែមថា អ៊ីរ៉ង់បានបញ្ឈប់ទង្វើដែលរដ្ឋបាលអាមេរិកាំងបារម្ភខ្លាំងជាងគេហើយ នោះគឺការផលិតគ្រាប់បែកបរិមាណូ។
« យើងស្វែងរកដំណោះស្រាយលើវិបត្តិដែលបង្កចេញនូវបញ្ហា។ តែយើងមិនបានស្វែងរកការថតរូបទុកជាអនុស្សាវរីយ៍ទេ។ បើមាននរណាម្នាក់ចង់ថតរូបជាមួយហាសាន រ៉ូហានី គឺមិនអាចទៅរួចទេ។ វាលើកលែងតែមានការដកគ្រប់ទណ្ឌកម្មអយុត្តិធម៌ និងការគោរពសិទ្ធិរបស់ពលរដ្ឋអ៊ីរ៉ង់ » នេះជាការថ្លែងរបស់លោករ៉ូហានីដែលមានបង្កប់ដោយសម្តីលែបខាយដាក់លោកត្រាំ។ តែគេមិនត្រូវភ្លេចនិយាយទេថា គឺរូបលោករ៉ូហានីដដែលនេះហើយដែលបានថ្លែងកាលពីថ្ងៃចន្ទ ទី២៦ សីហាថា លោកត្រៀមខ្លួនជួបជាមួយមនុស្សគ្រប់រូប បើជំនួបនោះហុចប្រយោជន៍ដល់ប្រទេសជាតិ។ តើជំនួបរវាងលោករ៉ូហានី និងលោកត្រាំអាចនឹងមានឬទេ?។ ចម្លើយ គឺអាស្រ័យទាំងស្រុងលើភាគីទាំងពីរ។
អ្វីដែលគេអាចនិយាយបានពេលនេះ ស្ថានការណ៍ហាក់បានធ្លាក់ចុះបន្តិចរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនារយៈពេលប៉ុន្មានខែចុងក្រោយកន្លងទៅ។ តែគេត្រូវហ៊ានទទួលស្គាល់ថា បរិយាកាសធូរស្រាលរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉ារីសពេលនេះក៏ដោយសារតែមានការខ្នះខ្នែងពីប្រមុខរដ្ឋបារាំងលោកអេម៉ានុយអែល ម៉ាក្រុងនៅក្នុងឱកាសជំនួបកំពូល G៧ រយៈពេល ៣ថ្ងៃដែលបារាំងធ្វើជាម្ចាស់ផ្ទះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ