អានតួអត្ថបទ
យេម៉ែន

នៅយេម៉ែន ចលនាឧទ្ទាមហ៊ូទីសបដិសេធលើព័ត៌មានស្តីពីការចរចាជាមួយសហរដ្ឋអាមេរិក

នៅ​ថ្ងៃ​សុក្រ ទី៦ កញ្ញា ចលនា​ឧទ្ទាមហ៊ូទីស​នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​ចេញ​មុខ​ច្រាន​ចោល​លើ​ព័ត៌មាន​ដែល​ថា ពួក​គេ​កំពុង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក។ ចម្លើយ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​ម៉ូហាម៉េដ អាល់ បាកហ៊ីទី សមាជិក​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ហ៊ូទីស។ សូម​ជម្រាប​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា រដ្ឋបាល​អាមេរិកាំង​តាម​រយៈ​មន្រ្តីការទូតជាន់ខ្ពស់​ម្នាក់​បាន​បញ្ជាក់​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ថា សហរដ្ឋអាមេរិក​កំពុង​ពិភាក្សា​ជាមួយ​ក្រុមឧទ្ទាម​ហ៊ូទីស​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ឆ្ពោះ​ទៅ​បិទបញ្ចប់​ជម្លោះ​ហែកហួរ​ផ្ទៃក្នុង​នៅ​យេម៉ែន។ នេះ​ជា​លើកទី១ ដែល​មាន​ថ្នាក់ដឹកនាំ​អាមេរិកាំង​ម្នាក់​បាន​លើក​ឡើង​ជា​សាធារណៈ​នូវ​កិច្ចចរចា​រវាង​ភាគី​អាមេរិកាំង និង​ភាគី​ឧទ្ទាមហ៊ូទីស។ ពួកហ៊ូទីស​ដែល​បាន​ជាប់​ចោទ​ជា​ក្រុមស្និទ្ធ​នឹង​ប្រទេស​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា យេម៉ែន​ដែល​បាន​ធ្លាក់​ក្នុង​សង្រ្គាមផ្ទៃក្នុង​តាំង​ពី​ឆ្នាំ ២០១៤ កំពុង​បន្ត​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស្របច្បាប់ និង​នៅ​ម្ខាង​ទៀត​គ្រប់គ្រង​ដោយ​ចលនាឧទ្ទាម​ហ៊ូទីស។ ក្រៅ​ពី​ច្រានចោល​លើ​ព័ត៌មាន​ស្តីពី​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក លោក​ម៉ូហាម៉េដ អាល់ បាកហ៊ីទី​ក៏​បាន​ចាត់​ទុក​សហរដ្ឋអាមេរិក​នៅ​ក្នុង​ក្រុម​ប្រទេស​ឈ្លានពាន​យេម៉ែន​ដែរ។

លោក David Schenker អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​ទទួល​បន្ទុក​សំណុំរឿងដើមបូព៌ា
លោក David Schenker អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​ទទួល​បន្ទុក​សំណុំរឿងដើមបូព៌ា Fayez Nureldine / AFP
ផ្សាយពាណិជ្ជកម្ម

« មិន​ដែល​មាន​ការ​ចរចា​ណា​មួយ​ជាមួយ​សហរដ្ឋអាមេរិក​ទេ។ យើង​បដិសេធ​ជា​គោលការណ៍​ក្នុង​ការ​ចរចា​ជាមួយ​អាមេរិកាំង ព្រោះ​ពួក​គេ​ជា​ក្រុម​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ប្រទេស​ឈ្លានពាន។ សង្រ្គាម​ប្រឆាំង​ប្រទេស​យេម៉ែន​ជា​សង្រ្គាម​របស់​អាមេរិកាំង ហើយ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​សុទ្ធសឹង​ជា​ក្រុម​ប្រទេស​ដែល​បម្រើ​ផលប្រយោជន៍​ឲ្យ​សហរដ្ឋអាមេរិក។

ខ្ញុំ​សូម​បញ្ជាក់​ថា គ្មាន​កិច្ចចរចា ឬ​កិច្ចសន្ទនា​ដោយ​ផ្ទាល់​ជាមួយ​សេតវិមាន​ទេ ហើយ​ទំនាក់ទំនង​ដែល​មាន​សព្វថ្ងៃ​គ្រាន់​ជា​ការ​ដោះដូរ​តាម​សំបុត្រ​ដោយ​ឆ្លង​កាត់​ប្រេសិត​ប៉ុណ្ណោះ។ រដ្ឋបាល​អាមេរិកាំង​និយាយ​កុហក​នៅ​ពេល​ដែល​ខ្លួន​បញ្ជាក់​ថា មាន​កិច្ចចរចា ឬ​កិច្ចសន្ទនា​ផ្ទាល់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ