អានតួអត្ថបទ
សហរដ្ឋអាមេរិក

បាញ់រះ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​ស្លាប់​១៤​នាក់

ហេតុការណ៍​បាញ់រះ ​សម្លាប់​មនុស្ស​នៅ​ក្នុង​មជ្ឈមណ្ឌល​ផែនការ​គ្រួសារ ​នៃ​រដ្ឋ​ខូឡូរ៉ាដូ ​មិន​ទាន់​រំលង​ផុត​បាន​មួយ​សប្តាហ៍​ផង ​មាន​ហេតុការណ៍​បាញ់រះ​ថ្មី​មួយ​ទៀត ​នៅ​ក្រុង ​សាន់ ប៊ែកណាឌីណូ ​ រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ១៤​នាក់។ ជន​សង្ស័យ​ពីរ​នាក់ ​ត្រូវ​បាន​ប៉ូលីស​បាញ់​សម្លាប់​ នៅ​ពេល​ដែល​ពួក​គេ​ ព្យាយាម​បើក​ឡាន​រត់​គេច ​និង​បាញ់​តបត​ជាមួយ​នឹង​ប៉ូលីស។ ករណី​បាញ់រះ​សម្លាប់​មនុស្ស ​បាន​កើត​ឡើង​ជា​ញឹកញាប់ ​ នៅ​សហដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​លោក​បារ៉ាក់​អូបាមា​ អត់​ទ្រាំ​លែង​បាន​ ហើយ​ទាមទារ​ឲ្យ​សភា ​រឹត​បន្តិង​ច្បាប់ ​គ្រប់គ្រង​អាវុធ។

នាយ​ប៉ូលីស ប្រចាំ​ក្រុង សាន់ ប៊ែកណាឌីណូ ធ្វើ់សន្និុសីទ​កាសែត ប្រាប់អត្តសញ្ញាណ​ជន​ដៃដល់​​ទាំង​ពីរ
នាយ​ប៉ូលីស ប្រចាំ​ក្រុង សាន់ ប៊ែកណាឌីណូ ធ្វើ់សន្និុសីទ​កាសែត ប្រាប់អត្តសញ្ញាណ​ជន​ដៃដល់​​ទាំង​ពីរ REUTERS/Alex Gallardo
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​១៤​ នាក់​ បាន​ស្លាប់ ​និង​ ១៧​នាក់​ រង​​របួស​ធ្ងន់ ​ក្នុង​ហេតុការណ៍​បាញ់រះ​មួយ ​ក្នុងក្រុង​ សាន់ ប៊ែកណាឌីណូ ​ រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក។ ហេតុការណ៍ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ជា​ជាង​ ១១​ព្រឹក ​នៅ​ពេល​មនុស្ស​ពីរ​នាក់ ​ប្រុស​ម្នាក់​ស្រី​ម្នាក់ ​ស្លៀក​ពាក់ ​ប៉ារ៉ា ​ប្រដាប់​ដោយ​កាំភ្លើង​ Fusil d’Assaut ​បាន​ចូល​មក​បាញ់​ ទៅ​លើ​ក្រុម​មនុស្ស ​ដែល​កំពុងតែ​ជួបជុំ​គ្នា ​នៅ​ក្នុង​ការិយាល័យ​ទទួល​បន្ទុក​ជន​ពិការ។

 
រហូត​មក​ត្រឹម​ពេល​នេះ ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ អំពី​មូលហេតុ ​ដែល​បណ្តាល ​ឲ្យ​ជន​ដៃដល់​ទាំង​២ ​ធ្វើសកម្មភាព​ដ៏​ឃោរឃៅ​នេះ​ នៅ​ឡើយ​ទេ។ លោក​អនុ​ប្រធាន ​FBI​  ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​បញ្ជាក់​ថា ​គេ​មិន​ អាចទាត់​ចោល​ការ​សង្ស័យ ​លើ​មូលហេតុ​ភេរវកម្ម​ទេ។ ជន​សង្ស័យ​ទីបី​ ម្នាក់​ទៀត​​ ត្រូវ​បាន​ចាប់​ខ្លួន ​ ​ក៏​ប៉ុន្តែ​គេ​មិន​ដឹង​ថា ​កំរិត​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង ​ជន​ដៃដល់​ទាំង​ពីរ​ខាង​លើ ​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ។

ជន​ដៃដល់​ទាំង​ពីរ​ មិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ ​ ហើយ​ក៏​មិន​មាន​ឈ្មោះ ​នៅ​ក្នុង​បញ្ជី​ជនបង្ករ​គ្រោះថ្នាក់​ដែរ។ យោង​តាម​ការ​ផ្តល់​ដំណឹង​ជា​បឋម ​ជន​ដៃដល់​ទាំង​ពីរ​នាក់ ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ​ មាន​កូន​មួយ​អាយុ​៦ខែ។ ប្រុស​ឈ្មោះ ​Syed Farook ​អាយុ ​២៨​ឆ្នាំ ​និង​ស្រីឈ្មោះ​ ​Tashfeen Malik​ អាយុ​២៧​ឆ្នាំ។ ជន​ដៃដល់​ជា​ប្តី ​គឺ​ជា​បុគ្គលិក​បំរើការ​នៅ​ការិយាល័យ​សុខភាព​សាធារណៈ ​នៃ​ក្រុង​San Bernardo ​ហើយ​ដែល​មាន​វត្តមាន​នៅក្នុង​ពេល​ជួបជុំ​គ្នា​នេះដែរ។

បើ​តាម​បុគ្គលិក​ផ្សេង​ទៀត ​ដែល​ជា​សាក្សី ​បាន​បញ្ជាក់​ថា ​ជន​ដៃដល់ ​មាន​វត្តមាន​ក្នុង​ពេល​ជួប​ប្រជុំ​គ្នា ​ប៉ុន្តែ​បាន​ដើរ​ចេញ ​បន្ទាប់​ពី​បាន​បង្ហាញ​អាកប្បកិរិយា ​ខឹង​សម្បារ ​នឹង​នរណា​ម្នាក់​ ​រឺ​អ្វី​ម្យ៉ាង។ ភ្លាមៗ​ ក្រោយ​ការ​ផ្តល់​ដំណឹង​នេះ ​ក្រុម​ប៉ូលីស ​ដោយ​មាន​ការ​សហការ​ពី​ក្រុម​ FBI​ បាន​តាមដាន​ទៅ​ដល់​​ផ្ទះ​ របស់​ជន​ដៃ​ដល់​ទាំង​ពីរ ​ ហើយ​បាន​បើកឡាន​ប្រដេញ​ជាមួយ​ជន​ដៃដល់ ​រហូត​មាន​ការ​បាញ់​តប​ត​គ្នា។ ជន​ដៃ​ដល់​ប្តី​ប្រពន្ធ​ទាំង​ពីរ​ ត្រូវ​ប៉ូលីស​បាញ់​សម្លាប់ ​នៅ​តាម​ផ្លូវ​ បន្ទាប់​ពី​បាន​បាញ់​តដៃ​ជាមួយ​ប៉ូលីស។

សូម​បញ្ជាក់​ថា ​ករណី​បាញ់រះ​សម្លាប់​មនុស្ស​ មាន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ជា​ញឹកញាប់។ គិត​ពី​ដើម​ឆ្នាំ ​២០១៥​មក ​មាន​ករណី​បាញ់រះ​សម្លាប់​មនុស្ស​ជា​ក្រុម​របៀប​នេះ ​ចំនួន​ ៣៥៤​ករណី​ នៅ​សហរដ្ឋ​អាមេរិក​ ហើយសម្លាប់​មនុស្ស ​១២១៩១​នាក់។ នេះ​ក៏​ដោយសារ​តែ​ការ​ទិញដូរ ​និង​កាន់​កាប់​អាវុធ ​នៅ​សហរដ្ឋ​អាមេរិក​ ពុំ​មាន​ច្បាប់​ហាមឃាត់​តឹងរឹង​ទេ។ លោក​ បារ៉ាក់ អូបាម៉ា​ ជា​ថ្មី​ម្តង​ទៀត ​បាន​ថ្លែង​បន្ទោស​សមាជិក​សភា ​ដែល​តែងតែ​ព្យាយាម​ប៉ែង​ជើង​រដ្ឋាភិបាល​លោក ​ក្នុង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អាវុធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ