អានតួអត្ថបទ
កូឡុំប៊ី

រដ្ឋាភិបាល​កូឡុំប៊ី និង​ចលនា​ឧទ្ទាមហ្វាក​បាន​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​គណៈកម្មការសច្ចៈ​

រដ្ឋាភិបាល​នៃ​ប្រទេស​កូឡុំប៊ី និង​ចលនា​ឧទ្ទាមហ្វាក (FARC) បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​សច្ចៈ​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា​ដែល​តំណាង​រដ្ឋាភិបាល និង​តំណាង​ឧទ្ទាមហ្វាក​បាន​ជួប​ចរចា​គ្នា​តំាង​ពី ២ឆ្នំា​កន្លះ​មក​ហើយ។ គោលដៅ​នៃ​កិច្ចចរចា គឺ​សំដៅ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ដែល​បាន​អូសបន្លាយ​អស់​កន្លះ​សតវត្ស​កន្លង​មក ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០ម៉ឺននាក់។

ទ័ពរដ្ឋាភិបាល​កូឡុំប៊ី
ទ័ពរដ្ឋាភិបាល​កូឡុំប៊ី REUTERS/Jaime Saldarriaga.
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​សច្ចៈ​មួយ​បាន​កើត​មាន​ឡើង​ចំ​ពេល​ល្អ​ណាស់ ព្រោះ​កាល​ពី ២សប្តាហ៍​មុន ក្រុម​ឧទ្ទាមហ្វាក​បាន​ប្រកាស​ពី​ការ​កាន់​អាវុធ​ប្រយុទ្ធ​ជា​ថ្មី បន្ទាប់​ពី​កងទ័ព​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​មួយ​របស់​ខ្លួន។ ប្រជាជន​កូឡុំប៊ី​ភាគច្រើន​ថែម​ទំាង​បារម្ភ​ថា កិច្ចចរចា​ស្វែង​រក​សន្តិភាព​ដែល​ភាគី​ទំាង​ពីរ​កំពុង​បន្ត​ធ្វើ​សព្វថ្ងៃ​នឹង​ត្រូវ​ចប់​ត្រឹម​នេះ។ ដូច្នេះ អ្វី​ដែល​ភាគី​ទំាង​ពីរ​បាន​ឯកភាព​គ្នា​ពេល​នេះ គឺ​ជា​ដំណឹង​ល្អ​មួយ ពិសេស​នឹង​អាច​ជួយ​ផ្តល់​សន្ទុះ​បន្ថែម​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព។

គួរ​ជម្រាប​ជូន​ថា នេះ​ជា​លើក​ទី១​ហើយ​ដែល​ប្រទេស​កូឡុំប៊ី​បាន​សម្រេច​បង្កើត​ឲ្យ​មាន​គណៈកម្មការ​សច្ចៈ​មួយ​ក្នុង​គោលដៅ​ស្វែង​រក​ការ​ពិត​ជុំវិញ​សង្រ្គាមស៊ីវិល​ដែល​បាន​ញំាញី​ប្រទេស​អស់​រយៈពេល ៥០ឆ្នំា​កន្លង​ទៅ ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០ម៉ឺននាក់ និង​បាត់ខ្លួន​យ៉ាង​តិច ៤៥ ០០០នាក់ ព្រម​ទំាង​មាន​ប្រជាជន​ជិត ១០% នៃ​ប្រជាជន​សរុប​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​កន្លែង​ផ្សេង​ដើម្បី​គេច​ពី​សង្រ្គាម។ គណៈកម្មការ​សច្ចៈ​ដែល​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាមហ្វាក​គ្រោង​បង្កើត​នោះ គឺ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​មាន​សមាជិក​ជំនាញ​ចំនួន ១១រូប។

គណៈកម្មការ​សច្ចៈ​មាន​តួនាទី​ជា​អ្នក​ស្វែង​រក​ការ​ទទួល​ខុស​ត្រូវ​របស់​ភាគី​នីមួយៗ មាន​រដ្ឋាភិបាល ចលនាឧទ្ទាមហ្វាក និង​កម្លំាងប្រដាប់អាវុធ​ផ្សេង​ទៀត​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ហែកហួរ​គ្នា​នា​រយៈពេល ៥០ឆ្នំា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ គណៈកម្មការ​សច្ចៈ​ក៏​មាន​តួនាទី​ជា​អ្នក​វាយតម្លៃ​ពី​ផលវិបាក​កើត​ចេញ​ពី​សង្រ្គាម ពិសេស​នៅ​ក្នុង​តំបន់​ដែល​បាន​ទទួល​រងគ្រោះ​ខ្លំាង​ជាង​គេ ពិសេស​ជួយ​ជនរងគ្រោះ​ឲ្យ​ទទួល​បាន​ប្រាក់សំណង​ផ្លូវចិត្ត និង​សម្ភារៈ។ គណៈកម្មការ​សច្ចៈ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​រយៈពេល ៣ឆ្នំា និង​គ្មាន​សិទ្ធិអំណាច​ក្នុង​ការ​ប្តឹងផ្តល់ ឬ​ចាប់​បញ្ជូន​អ្នកទទួល​ខុសត្រូវ​ណា​ម្នាក់​ទៅ​កាត់ទោស​នៅ​តុលាការ​ទេ។

យ៉ាង​ណា​ក៏​ដោយ គណៈកម្មការ​សច្ចៈ​នឹង​អាច​បង្កើត​បាន លុះត្រា​ណា​តែ​ភាគី​ជម្លោះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ