អានតួអត្ថបទ
កូឡុំប៊ី

រដ្ឋាភិបាល​កូឡុំប៊ី​និង​ក្រុមឧទ្ទាម​FARC​ ចរចា​គ្នា​ឡើងវិញ​ នៅ​ប្រទេស​គុយបា​​

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុម​ឧទ្ទាម​​ប្រដាប់​អាវុធ​បដិវត្តន៍​កូឡុំប៊ី ហៅកាត់​ថា ​FARC ​​ត្រូវ​ជួបពិភាក្សា​​គ្នា​សារ​ជាថ្មី ដើម្បី​ស្វែង​រកដំណោះស្រាយ​សន្តិភាព​។ ការចរចា​នេះ​​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​គុយបា។ ការចរចា​កន្លងមក ត្រូវ​ជាប់គាំង​ស្ទះ ដោយសារ​តែ​​ពុំ​មាន​ការ​ចុះស​ម្រុង​គ្នា​ទាក់ទង​នឹង​ការចូលរួម​របស់​ក្រុមឧទ្ទាម​ក្នុង​ឆាក​នយោបាយ​​កូឡុំប៊ី។

រដ្ឋមន្ត្រី​ការពារជាតិ​កូឡុំប៊ី Juan Carlos Pinzon (កណ្តាល) កំពុង​ពិនិត្យ​អាវុធ​ដែល​កងទ័ព​យក​បាន​ពី​ក្រុម​ឧទ្ទាមFARC កាលពី​ខែ​កក្កដា កន្លង​ទៅ។
រដ្ឋមន្ត្រី​ការពារជាតិ​កូឡុំប៊ី Juan Carlos Pinzon (កណ្តាល) កំពុង​ពិនិត្យ​អាវុធ​ដែល​កងទ័ព​យក​បាន​ពី​ក្រុម​ឧទ្ទាមFARC កាលពី​ខែ​កក្កដា កន្លង​ទៅ។ REUTERS/Filiberto Guarnizo-Defense Ministry/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

បើគិត​ទៅ មាន​រយៈ​ពេល​៩​ខែហើយ ដែល​ក្រុម​ឧទ្ទាម​ FARC បាន​ធ្វើការ​ចរ​ចា​ជាមួយ​​រដ្ឋាភិបាល​​កូឡុំប៊ី នៅ​ប្រទេស​គុយបា​ ដើម្បី​រកដំណោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​​កូឡុំប៊ី ដែល​បាន​សម្លាប់​មនុស្ស​ជាង​២សែននាក់ ក្នុង​រយៈ​ពេល​​៥០ឆ្នាំ​មកនេះ។ ការចរចា​រវាង​ភាគី​ទាំងពីរ​នៅ​ពុំទាន់​សំរេច​ចេញ​​​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​​​​​នៅឡើយ​ទេ។

ក្នុង​កិច្ច​ចរចា​កន្លងមក ​ភាគីទាំងពីរ​បាន​ព្រមព្រៀង​គ្នា​​លើចំណុច​អភិវឌ្ឍន៍​តំបន់​ជនបទ។ ប៉ុន្តែ ប្រធានបទ​បន្ទាប់​មកទៀត ស្តី​ពី​​​ការ​ចូលរួម​របស់​ក្រុមឧទ្ទាម​ក្នុង​កិច្ចការ​នយោបាយ​កូឡុំប៊ី បាន​ជាប់គាំងស្ទះ។ កាលពី​ថ្ងៃ​សុក្រ​ ក្រុមឧទ្ទាម​​បាន​ដើរចេញ​ពីតុចរចា​ ព្រោះពួកគេ​​ត្រូវការ​ពេលវេលា​ ដើម្បី​សិក្សា​​លើ​សំណូមពរ​​របស់​ប្រធានាធិបតី​ Santos ជាមុនសិន។ ប្រធានាធិបតី​កូឡុំប៊ី​ បាន​ប្រកាស​កាលពី​សប្តាហ៍​មុន ថា​ចង់​អោយ​មាន​ការបោះឆ្នោត​ប្រជាមតិ​ ប្រសិន​បើ​ភាគីចរចា​ទាំងពីរ​សំរេច​បាន​​កិច្ចព្រមព្រៀង​សន្តិភាព​ជាយថាហេតុ​ណាមួយ។ លោក Santos ចង់​អោយ​ការបោះឆ្នោត​ប្រជាមតិ​នេះ ធ្វើឡើងទន្ទឹម​គ្នា​នឹង​ការបោះឆ្នោត​​​​សភា និង​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ឆ្នាំ​២០១៤​ខាងមុខ។ ក្រុមឧទ្ទាម​​ FARC មិន​យល់ស្រប​លើ​ចំនុច​នេះ​ឡើយ។ ជាច្រើន​ខែ​មកនេះ ក្រុមឧទ្ទាម​បាន​ទាមទារ​​អោយ​លើកពេល​បោះឆ្នោតទៅពេល​ក្រោយ ដើម្បី​ចៀសវាង​បង្អាក់​ដំណើរការ​នៃការចរចា​សន្តិភាព។

កិច្ច​ព្រមព្រៀង​សន្តិភាព​​នេះ ប្រហែល​ជា​ពិបាក​នឹង​សំរេច​បាន​ភ្លាមៗណាស់។ ក្នុង​ពេល​ដែ​លក្រុម​ឧទ្ទាមកូឡុំប៊ី ​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​នោះ​ ​​ អំពើហិង្សា​នៅ​តែ​បន្ត​​មាន​ នៅ​កូឡុំប៊ី។ ទាហាន​កូឡុំប៊ី​ នៅតែ​បន្ត​ប្រតិបត្តិការ​​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​​ FARC ដដែល។ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ ក្រុម​ឧទ្ទាម​បាន​សម្លាប់​ទាហាន​​១៣នាក់ នៅ​ព្រំដែន​ជាប់ជាមួយ​ប្រទេស​វេណេស៊ុយអេឡា៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ