លោកដូណាល់ត្រាំ សម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីអាកាសធាតុ
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដកខ្លួនរបស់អាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសធំៗលើលោក សុទ្ធតែសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តរបស់លោកត្រាំដូច្នេះ។ ចំណែកអតីតប្រធានាធិបតីអាមេរិក អូបាម៉ា ដែលជាអ្នកដាក់ឲ្យអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ បានហៅការសម្រេចចិត្តនេះថាជាការបដិសេធអនាគត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៦
ការដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីអាកាសធាតុ ត្រូវបានលោក ដូណាល់ ត្រាំ ពន្យល់ថា ធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់អាមេរិក។ ប្រធានាធិបតីអាមេរិកលើកឡើងថា កិច្ចព្រមព្រៀងនេះ ផ្ដោតតិចតួចណាស់ទៅលើបញ្ហាអាកាសធាតុ។ មិនត្រឹមតែប៉ុណ្ណោះ វាបានផ្ដល់ឱកាសឲ្យប្រទេសដទៃ ដូចជា ចិននិងឥណ្ឌា ទាញយកផលចំណេញពីវិស័យឧស្សាហកម្ម និងបំផ្លាញការងាររបស់ប្រជាជនអាមេរិកាំង។ និងថា លោកមិនអាចគាំទ្រកិច្ចព្រមព្រៀងដែលដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកដូច្នេះបានឡើយ។
ដ្បិតតែសម្រេចចិត្តដកអាមេរិកចេញក៏ពិតមែន ប៉ុន្តែលោកដូណាល់ត្រាំបញ្ជាក់ថា អាមេរិកនឹងពិភាក្សាស្វែងរកកិច្ចព្រមព្រៀងថ្មីណាមួយដែលមានសមភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ កុំឲ្យអាមេរិកខាតបង់តែឯង។ បើរកបានកិច្ចព្រមព្រៀងដូច្នោះ វាគឺជារឿងល្អ។ តែបើរកមិនបានទេ ក៏មិនអីដែរ។ នេះបើតាមប្រធានាធិបតីអាមេរិក។
សូមជម្រាបជូនថា ការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស បានធ្វើឲ្យអង្គការសហប្រជាជាតិ និងប្រទេសធំៗលើពិភពលោកខកចិត្តយ៉ាងខ្លាំង។ បារាំង កាណាដា អង់គ្លេស ជប៉ុន ចិន និងសហភាពអឺរ៉ុប បានសម្ដែងការខកចិត្ត និងការខឹងសម្បារ។ បណ្ដាប្រទេសទាំងនេះ បានចាត់ទុកការសម្រេចរបស់លោកត្រាំ ថាជាកំហុសដ៏ធ្ងន់ធ្ងរ។ សហភាពអឺរ៉ុប ថែមទាំងបានទាត់ចោលសំណើរបស់លោកត្រាំ ដែលចង់ស្វែងរកកិច្ចចរចាថ្មីលើបញ្ហាអាកាសធាតុនេះទៀតផង។
ដោយឡែក លោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំងវិញ លោកបានគូសបញ្ជាក់នៅក្នុងសុន្ទរកថាបន្ទាន់មួយថា បារាំងនឹងបន្តសហការជាមួយអាមេរិក លើកលែងតែក្នុងបញ្ហាការប្រែប្រួលអាកាសធាតុ។ លោកបានអំពាវនាវដល់អ្នកវិទ្យាសាស្ត្រ និងបរិស្ថាននិយម ឲ្យរួមគ្នាធ្វើឲ្យពិភពលោកប្រសើរឡើងវិញ។
ចំណែកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ នៅពេលលោកត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស លោកអូបាម៉ាថា អាមេរិកកំពុងតែចូលរួមជាមួយប្រជាជាតិមួយក្ដាប់តូច ដែលបដិសេធអនាគត។ សូមបញ្ជាក់ថា លោក អូបាម៉ា គឺជាអ្នកគាំទ្រ និងរុញច្រានឲ្យអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុក្រុងប៉ារីស ឆ្នាំ២០១៥៕
លោកអូបាម៉ានិយាយថាការផ្លាស់ប្តូរនេះមានន័យថាអាមេរិកត្រូវបាន "ការចូលរួមរបស់ប្រជាជាតិនានាដែលក្តាប់តូចបដិសេធនាពេលអនាគត»។
ប្រទេសអាល្លឺម៉ង់បាននិយាយថាអាមេរិកត្រូវបាន "បំផ្លាញ" ភពផែនដីទាំងមូលនិងជាប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker បានហៅសេចក្តីសម្រេចនេះ ខុសធ្ងន់ធ្ងរ ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ