អានតួអត្ថបទ
ប្រេស៊ីល-អាល្លឺម៉ង់

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រេស៊ីល​ដែល​កំពុង​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​ប្រេស៊ីល​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា។ លោកស្រី​មែរកិល និង​រដ្ឋមន្រ្តី​អាល្លឺម៉ង់​​ចំនួន ៦រូប​បាន​រួម​ប្រជុំ​ការងារ​ជាមួយ​សមភាគី​ប្រេស៊ីល​ដែល​ដឹកនំា​ដោយ​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសសេហ្វ។ ប្រធានបទ​នៃ​កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​លើ​វិនិយោគទុន​របស់​រោងចក្រ សហគ្រាស​អាល្លឺម៉ង់​ក្នុង​ប្រទេស​ប្រេស៊ីល ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​នៅ​ក្នុង​បរិយាកាស។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ប្រេស៊ីល​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រេស៊ីល​កំពុង​ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ពួករលួយ និង​វិបត្តិ​សេដ្ឋកិច្ច។

លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់អង់ហ្កឺឡា មែរកិល (រូបស្តំា) និង​លោកស្រីប្រធានាធិបតីប្រេស៊ីលឌីលម៉ា រូសសេហ្វ
លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់អង់ហ្កឺឡា មែរកិល (រូបស្តំា) និង​លោកស្រីប្រធានាធិបតីប្រេស៊ីលឌីលម៉ា រូសសេហ្វ REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

គឺ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ជា​អ្នក​ដែល​បាន​ធ្វើ​សំណើ​ទៅ​កាន់​លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​ឌីលម៉ា រូសសេហ្វ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​ការងារ​អន្តរក្រសួង​រវាង​អាល្លឺម៉ង់ និង​ប្រេស៊ីល​ពេល​នេះ។ គឺ​ជា​កិច្ចប្រជុំ​ពិសេស​មួយ​ដែល​ប្រទេស​អាល្លឺម៉ង់​បាន​រៀបចំ​សម្រាប់​តែ ៩ប្រទេស​ក្នុង​លោក​ប៉ុណ្ណោះ និង​ដែល​លោកស្រី​ឌីលម៉ា រូសសេហ្វ​បាន​យល់ព្រម​ដោយ​គ្មាន​ការ​រារែក។ តែ​អ្វី​ដែល​គួរ​បញ្ជាក់​នោះ​គឺ​ថា កិច្ចប្រជុំ​ការងារ​ពិសេស​រវាង​អាល្លឺម៉ង់ និង​ប្រេស៊ីល​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រេស៊ីល​កំពុង​ផ្ទុះ​ឡើង​នូវ​រឿងអាស្រូវ​ពុក​រលួយ និង​វិបត្តិ​សេដ្ឋកិច្ច។

ជាក់ស្តែង​នា​ចុង​សប្តាហ៍​កន្លង​ទៅ មាន​ប្រជាជន​ប្រេស៊ីល​រាប់សិប​ម៉ឺន​នាក់​បាន​ដង្ហែ​ក្បួនបាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​ឌីលម៉ា រូសសេហ្វ​ចុះ​ចេញ​ពី​តំណែង​ដោយសារ​តែ​រឿង​ពុករលួយ។ ដូច្នេះ​ឃើញ​ថា វត្តមាន​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ទឹកដី​ប្រេស៊ីល​ពេល​នេះ ពិត​ជា​និមិត្តរូប​​នៃ​ការ​គំាទ្រ​យ៉ាង​សំខាន់​ចំពោះ​លោកស្រី​ឌីលម៉ា រូសសេហ្វ ពិសេស​ចំ​ពេល​ដែល​ប្រជាប្រិយភាព​របស់​លោកស្រី​បាន​ធ្លាក់​ដល់​បាត។ តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា លោកស្រី​ឌីលម៉ា រូសសេហ្វ​ទទួល​បាន​គំាទ្រ​ពី​ប្រជាជន​តែ ៨% ប៉ុណ្ណោះ ពោល​ជា​ប្រធានាធិបតី​ប្រេស៊ីល​ម្នាក់​ដែល​កំពុង​មាន​អប្រជាប្រិយភាព​ជាង​គេ គិត​តំាង​ពី​ក្រោយ​ការ​បញ្ចប់​របបផ្តាច់ការ​យោធា។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ក្រសួង​ការបរទេស​ប្រេស៊ីល​បាន​ឆ្លៀត​និយាយ​ដាក់​ផ្លែផ្កា​ដោយ​លើកដំកើង​រដ្ឋាភិបាល​របស់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ថា បើ​ប្រជាជន​អាល្លឺម៉ង់​គ្មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន​ទេ ម្ល៉េះ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នឹង​មិន​ដឹកនំា​គណៈប្រតិភូ​មក​ទស្សនកិច្ច​នៅ​ប្រេស៊ីល​ទេ។ គួរ​ជម្រាប​ជូន​ថា ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ប្រេស៊ីល គឺ​ដើម្បី​លើក​ដំកើង​បន្ថែម​នូវ​រូបភាព​ប្រទេស​អាល្លឺម៉ង់​ក្នុង​នាម​ជា​មហាអំណាច​ពិភពលោក​ផ្នែក​ផលិតកម្ម​បច្ចេកវិទ្យា និង​អភិវឌ្ឍន៍​យូរអង្វែង។

បច្ចុប្បន្ន គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​សៅ ប៉ូឡូ​មួយ​នៃ​ប្រទេស​ប្រេស៊ីល មាន​វត្តមាន​រោងចក្រ សហគ្រាស​អាល្លឺម៉ង់​ដល់​ទៅ ១ ៤០០ និង​បាន​ជួយ​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ប្រេស៊ីល​ចំនួន​ជាង ២៥០ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ