អានតួអត្ថបទ

ប៉ាណាម៉ា និង​ការ​ទម្លាយ​រឿង​អាស្រូវ​គេចពន្ធ

បណ្តាញផ្សព្វផ្សាយ​ល្បីៗ​នៅ​ទូទាំង​ពិភពលោក​​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត ស្តីពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គេចពន្ធ​ដ៏​សំខាន់​មួយ​នៅ​​ប៉ាណាម៉ា។ ​របាយការណ៍​បាន​លាត​ត្រដាង​ឈ្មោះ ​​​ឥស្សរជន​ល្បីៗនៅ​ទូទាំង​ពិភពលោក ​ជាច្រើនរូប ខ្លះជា​អតីត​ប្រមុខ​រដ្ឋ​-ប្រមុខ​រដ្ឋាភិបាល ខ្លះ​​កំពុង​កាន់​អំណាច ​ មាន​ជាអាទិ៍​ លោក​ពូទីន និង​លោក​ស៊ី​ ជីនពីង នាយក​រដ្ឋមន្ត្រី​អ៊ីស្លង់ អ៊ុយក្រែន... និង​ខ្លះ​ជា​ទៀត​ជា​មហាសេដ្ឋី​នានា​​ សិល្បករ (ឈិនឡុង) និង​កីឡាករ (កីឡាករបាល់ទាត់​​ Messi) ជាដើម។ល។ នេះ​ជាការ​​ទម្លាយ​រឿង​សម្ងាត់​ដ៏​ធំបំផុត​ ដែល​​ពិភពអ្នក​សារព័ត៌មាន​សម្រេច​ប្រមូល​បាន​សំណុំ​ឯកសារ​ដល់​ទៅ​ ១១,៥​លាន​ ទម្ងន់​២,៦Tétraocterts បាន​មក​ពី​ការិយាល័យ​ Mossack Fonseca របស់​ប៉ាណាម៉ា ដែល​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​បរទេស។

ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គេច​ពន្ធ​ប៉ាណាម៉ា
ឥស្សរជន​សំខាន់ៗ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គេច​ពន្ធ​ប៉ាណាម៉ា Reprodução lemonde.fr
ផ្សាយពាណិជ្ជកម្ម

គេ​ធ្លាប់​បាន​ដឹង​ និង​បាន​ឮ​កន្លង​មក រឿង​អាស្រូវ​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​គេច​ពន្ធ​ ទាក់​ទង​នឹង​ធនាគារ​មួយ ឬ​របស់ប្រទេស​មួយ ប៉ុន្តែ​នៅ​លើ​ក​នេះ និង​តាំង​ពី​ថ្ងៃអាទិត្យ​មក​ បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន​ល្បីៗ​នៅ​លើ​និង​ទូទាំង​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ដ៏​ធំ​មួយ​មិនធ្លាប់​មាន ស្តី​ពី​រឿង​អាស្រូវ​ គេច​ពន្ធ​នៅ​ប៉ាណាម៉ា ប្រទេស​តូច​មួយ នៅ​ចំ​កណ្តាល​ទ្វីប​​អាមេរិក ប៉ះពាល់​និងពាក់ព័ន្ធ​ដល់​ឥស្សរជន​​​នយោបាយ​កំពូលៗ ជា​ច្រើន​រូប ដូច​ជា នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ ស្តេច​សាល់ម៉ាន របស់​អារ៉ាប៊ីសាអូឌីត ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆេនកូ ប្រធានាធិបតី​អាហ្សង់ទីន ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​កំពុង​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ (...) ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន និង​ក្រុមគ្រួសារ​ នាយករដ្ឋមន្ត្រី​អ៊ីស្លង់ និង​ភរិយា ក៏​មាន​ជាប់​ឈ្មោះ​ក្នុង​ប្រព័ន្ធ​គេចពន្ធ​​ប៉ាណាម៉ា​នេះ​ដែរ។ នៅ​មាន​ឥស្សរជន​នយោបាយ​ ក្នុង​ប្រទេស​ដទៃ​ទៀត ជា​ច្រើន​នាក់​ផ្សេង​  ​ក៏​មាន​ជាប់​ឈ្មោះក្នុង​បញ្ជី​​ដែរ រាប់​ទាំង​កម្ពុជា​ផង !

ក្រៅ​អំពី​ឥស្សរជន​នយោបាយ នៅ​មាន​ក្រុម​មហាសេដ្ឋី ថៅកែ​ក្រុមហ៊ុន​ធំៗ សិល្បករ​ល្បីៗ មាន​ជាអាទិ៍​ លោក ឈិនឡុង ... កីឡាករ​ថ្នាក់​អន្តរជាតិ ដូចជា​កីឡាករ​បាល់ទាត់ មេស៊ី ឬ​ក៏​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប លោក មីស្ហែល ផ្លាទីនី ដែល​ត្រូវ​ព្យួរ​ពីការងារ​ព្រោះជាប់​ចោទ​ពុក​រលួយ ក៏​បានទៅ​ពឹង​ពាក់​​ប្រើ​ប្រព័ន្ធ​គេចពន្ធ​នៅ​ប៉ាណាម៉ា​នេះ​ដែរ។

ការ​អង្កេត​របស់​អ្នកកាសែត

សំណុំរឿង​ប៉ាណាម៉ា គឺ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​អ្នក​កាសែត ៣៧០​នាក់ មក​ពី​​១០៧​ការិយាល័យ​និពន្ធខុស​គ្នា​​ និង​មក​ពី​៧៧​ប្រទេស​ផ្សេងៗគ្នា លើ​ភពផែនដី ​​ រយៈ​ពេល​មួយ​ឆ្នាំ។ ហើយតាំង​ពី​ថ្ងៃ​អាទិត្យ​ទី ៣ មេសា​មក ក្រុម​អ្នក​កាសែតនេះ​ បាននាំ​គ្នា​ទម្លាយ​​រឿង​ស្រូវ​គេច​ពន្ធ ​ដោយ​ចេញ​ផ្សាយ​របាយការណ៍​​ស៊ើប​អង្កេត​​របស់​ខ្លួន ផ្សព្វផ្សាយឱ្យ​ដឹង​ជា​សាធារណៈ​ បើ​ទោះ​បី​ជា​អ្នក​ខ្លះ​អាច​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ។​

​របាយការណ៍​នេះ ដែល​ជាឯកសារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ខ្លះ​ជា​សារ​អ៊ីមែល ជា​កំណត់​ត្រា ជាទូរលេខ ជាតារាង​ទិន្នន័យ ។ល។ និង​។ល។ ​សរុប​ចំនួន ១១,៥​លាន​ឯកសារ ប្រមូល​បាន​មក​ពី​ការិយាល័យសារជីវកម្មពាណិជ្ជកម្ម​អន្តរជាតិរបស់​ប៉ាណាម៉ា ឈ្មោះ​ថា Mossack Fonseca ដែល​មាន​ឯកទេស​ចាត់​ចែង​ចុះ​ឈ្មោះ និង​គ្រប់គ្រង​ការ​ដំឡើង​ក្រុមហ៊ុន​ សហគ្រាស​បរទេស​ នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា។

 

ស្លាកសញ្ញា​ការិយាល័យ​Mossack Fonseca របស់​ប៉ាណាម៉ា
ស្លាកសញ្ញា​ការិយាល័យ​Mossack Fonseca របស់​ប៉ាណាម៉ា REUTERS/Carlos Jasso

Mossack Fonseca ?

​សារជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​ប៉ាណាម៉ា​ ឬ​ ការិយាល័យ Mossack Fonseca បង្កើត​ឡើង​​នៅ​ឆ្នាំ​ ១៩៧៧ ពេល​ប៉ាណាម៉ា​ស្ថិត​ក្រោម​របប​ផ្តាច់​ការ​ ដែល​ចង់​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​  តាម​រយៈ​ការ​​បង្កើត​​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុដ៏​​ខ្លាំងក្លាមួយ​ដែល​ធានា​រក្សា​ការ​សម្ងាត់​ធនាគារ​ និង​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​បរទេស​ទេ។ នយោបាយ​​នេះ​បាន​ធ្វើ​ឱ្យ​​ប៉ាណាម៉ា​បាន​ក្លាយ​ជា​ប្រទេស​ដ៏​ទាក់ទាញ​បំផុត​ ! ក្រុមហ៊ុន​បរទេស​​នាំ​គ្នា​​ទៅ​បណ្តាក់​ទុន ទិញ​ភាគហ៊ុន​។ ទោះ​បី​ជា​មាន​គំនាប​ពី​ការ​ទូត​ពី​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២០ ឱ្យ​ទម្លាយ​ការ​សម្ងាត់​ធនាគារ​យ៉ាងណា​ក៏​ដោយ ក៏​ប៉ាណាម៉ា មិន​បាន​ធ្វើ​ដឹង​ និង​ប្រឹងការពារ​តែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន។

ការិយាល័យ Mossack Fonseca ដឹកនាំ​ដោយ​​​បុរស​ខ្លាំង​ពីរនាក់ ម្នាក់ គឺ​ Jurgen Mossack ជនជាតិ​ប៉ាណាម៉ា ដើម​កំណើត​អាល្លឺម៉ង់ មាន​ជំនាញ​ជា​អ្នក​ច្បាប់​ និង​ម្នាក់​ទៀតឈ្មោះ Fonseca Mora ​ជា​មនុស្ស​ស្និទ្ធ​នឹង​អ្នក​នយោបាយ​ប៉ាណាម៉ា និងជា​ទី​ប្រឹក្សា​របស់​ប្រធានាធិបតី​ប៉ាណាម៉ា​ផង។ ដំបូង​ឡើយ ការិយាល័យនេះត្រូវ​ជាប់​សង្ស័យ​ ថា​បាន​ជួយ​អ្នក​ទទួល​ខុស​ប្រេស៊ីល បង្វែរ​លុយ​ ក្រោយ​ពី​មាន​ផ្ទុះ​រឿង​​ពុក​រលួយ​ក្នុង​ក្រុមហ៊ុនរដ្ឋ​ប៉េត្រូប្រាសប្រេស៊ីល។

ប្រព័ន្ធ​គេច​ពន្ធ​ដោយការ​ខ្ចី​ឈ្មោះ

រចនា​សម្ព័ន្ធ​នៃ​សារជីវកម្ម​ពាណិជ្ជកម្ម​ ឬ​ការិយាល័យ​ Mossack Fonseca ដែល​ទទួល​ចុះ​ឈ្មោះ​និងគ្រប់គ្រង​​ក្រុម​ហ៊ុន​បរទេស​ឱ្យ​រក​ស៊ី​នៅ​ប៉ាណាម៉ា ចំនួន ២១៤០០០ មិន​មែន​សុទ្ធ​តែ​ខុស​ច្បាប់ ឬ មាន​ការ​លាក់​បំ​បាំង​ទេ។ តែ​ប៉ាណាម៉ា ​មាន​ប្រព័ន្ធ​​ខ្ចី​ឈ្មោះ​ប្រើ ដើម្បី​បើក​ក្រុមហ៊ុន ដែល​អាច​​ជួយ​លាក់​ទ្រព្យ​សម្បត្តិ ​និង​លាក់​អត្តសញ្ញាណរបស់​គេ​បាន។ ប្រព័ន្ធ​នេះ​បាន​ធ្វើ​ឱ្យ​លុយ​ស្អាត​ត្រូវ​ជួប​ជាមួយលុយ​កខ្វក់ លុយ​ពុក​រលួយ​ លុយ​បាន​មក​ពី​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ ... អ្នក​មាន​ តារា ត្រូវ​ច្របូកច្របល់​ជាមួយ​បណ្តាញ​ម៉ាផ្វា និង​ប្រមុខ​ដឹកនាំ​ប្រទេស​ពុករលួយ។

​ប្រើ​ក្រុមហ៊ុន​មួយ​ដើម្បី​ជួយ​ការ​ពារក្រុមហ៊ុន​បរទេស​មួយទៀត ​ជួយ​សម្រួល​ឱ្យ​ក្រុមហ៊ុន​​មាន​ភាគហ៊ុនហិរញ្ញវត្ថុ​​សកម្ម​នៅ​លើ​ទីផ្សារ ប៉ុន្តែ​គ្មាន​សកម្មភាព​ពាណិជ្ជកម្ម​ជាក់​ស្តែងទេ យូរៗ​ទៅ​លុយ​ទាំង​នោះ​នឹង​ត្រូវ​បាត់ ឬ​បង្វែង​​ដាន ... ភ្នាក់ងារ​ពន្ធដារ​និង​ច្បាប់ ពិត​ជា​ពិបាក​យល់ ពិបាក​ចាប់​បាន។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ