អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

រុស្ស៊ី​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​អាមេរិក ក្រោយ​ព្រឹទ្ធសភាចេញ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ម៉ូស្គូ

ព្រឹទ្ធសភា​អាមេរិក​បាន​យល់ព្រមព្រៀង​គ្នា​ ជាឯកច្ឆន្ទ កាលពី​យប់​ថ្ងៃ​សៅរ៍ទី ១៣​ធ្នូ ដើម្បី​បង្កើន​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ី និង​ផ្តល់​អាវុធ​ដល់​កងទ័ព​អ៊ុយក្រែន។ នៅមួយ​ថ្ងៃ​មុន​ជំនួបរវាង​​ប្រមុខការបរទេស​អាមេរិក និង​រុស្ស៊ី នៅទីក្រុង​រ៉ូម នៅថ្ងៃ​អាទិត្យនេះ ក្រេមឡាំង​បាន​ព្រមាន​រួចហើយថា នឹង​ចាត់​វិធានការ​​ប្រឆាំងសងសឹក នឹង​អាមេរិក​ដែល​បាន​បោះឆ្នោត​បន្ថែម​ទណ្ឌកម្ម​​ទៅលើ​រុស្ស៊ី។ 

វិមាន​សភា​អាមេរិក​​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន
វិមាន​សភា​អាមេរិក​​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

សភា​ទាំងពីរ​ជាន់ថ្នាក់​របស់​អាមេរិក​កំពុង​ដើរ​នយោបាយ​ ដាក់​សម្ពាធ​ទៅលើ​រដ្ឋបាល​លោក​អូបាម៉ា។ កាលពី​យប់​ថ្ងៃ​សៅរ៍ ព្រឹទ្ធសភា​អាមេរិក​បាន​គាំទ្រ​ជំហរ​របស់​សភា​អ្នកតំណាងរាស្ត្រ​ ដោយ​បាន​បោះឆ្នោត គាំទ្រ​លើ​អត្ថបទ​មួយ​ដែល​ចែង​ពីការគាំទ្រ​សេរីភាព​នៅ​អ៊ុយក្រែន។ អត្ថបទ​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន​មាន​ចែង​ពីការដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​រុស្ស៊ី និង​ការផ្តល់​សព្វាវុធ ​តម្លៃ៣៥០​លាន​ដុល្លារ ​​ដល់​កងទ័ព​អ៊ុយក្រែន។ អត្ថបទច្បាប់ដើម្បី​សេរីភាព​​អ៊ុយក្រែនត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​សភាអាមេរិក ប៉ុន្តែ ដើម្បី​ចូល​ជា​ធរមាន នៅពេលនេះ គេ​ត្រូវ​រង់ចាំ​ការចុះ​ហត្ថលេខា​​យល់ព្រម ឬ​ការបោះឆ្នោត​វេតូ​ប្រឆាំង​ពី​​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។

 
សភាអាមេរិក​បាន​ដាក់គំនាប​ទៅលើ​លោកអូបាម៉ា ក្នុង​វិបត្តិ​អ៊ុយក្រែន។ សភា​អាមេរិក​គាំទ្រ​ឲ្យ​មានការផ្តល់​ អាវុធ​ដល់​កងទ័ព​អ៊ុយក្រែន ប៉ុន្តែ លោកអូបាម៉ា​នៅ​រារែក​ មិន​ទាន់​ចង់​ឲ្យ​អាមេរិក​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ តាម​លោក​ប្រធានាធិបតី​អាមេរិក បាន​ពន្លយ​ឲ្យ​ដឹងរួចហើយថា លោក​នឹង​ប្រឆាំង​រាល់​គំនិត​ចង់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី។ សម្រាប់​ប្រធានាធិបតី​អាមេរិក នយោបាយ​នាំមុខ​អឺរ៉ុប ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​​ទៅលើ​រុស្ស៊ី នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​អាមេរិក​។

នៅថ្ងៃ​នេះ ទីក្រុង​ម៉ូស្គូ តាមរយៈ​អនុរដ្ឋមន្រ្តី​ការបរទេស បានព្រមាន​​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ចង់​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី ប្រឆាំង​នឹង​រុស្ស៊ី។ ច្បាស់ណាស់ថា គេ​នឹង​មិននៅ​ឈរ​ឱបដៃ​ ទុក​ឲ្យ​អាមេរិក​ធ្វើអ្វី​ស្រេច​នឹង​ចិត្ត​នោះទេ។ នេះ​បើតាម​លោក​Seigei Ryabkov ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​រុស្ស៊ី នៅថ្ងៃ​អាទិត្យនេះ។

នៅថ្ងៃ​អាទិត្យនេះដែរ ប្រមុខការបរទេស​អាមេរិក ត្រូវ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​​រុស្ស៊ី នៅក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ គេ​រំពឹងថា មន្រ្តីជាន់ខ្ពស់​ទាំងពីរ​នឹង​ផ្តោត​ទៅលើ​វិបត្តិ​ដើមបូព៌ា និង​វិបត្តិ​អ៊ុយក្រែន ដែល​ភាគី​អាមេរិក​បាន​ទាមទារ​ឲ្យ​មាន​ការគោរព​​បទឈប់បាញ់​ដ៏​ពិតប្រាកដ​មួយ។ ប៉ុន្តែ ការសម្រេច​របស់​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៅលើ​រុស្ស៊ី កាលពីយប់​ថ្ងៃ​សៅរ៍​ នឹង​ជៀសមិន​ផុត​ពី​ត្រូវ​ប្រមុខការ​ទូត​ទាំងពីរ​លើក​យក​ទៅ​ជជែក ដោះស្រាយ នៅថ្ងៃ​អាទិត្យនេះ៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ