អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក៖ ចំនួន​ភេរវកម្ម​នៅលើ​ពិភពលោក​កើនឡើង ៣៥ភាគរយ នៅ​ឆ្នាំ ២០១៤

នៅ​ឆ្នាំ ២០១៤ អំពើ​ភេរវកម្ម​នៅក្នុង​ពិភពលោក​បាន​កើនឡើង​ខ្លាំង ប្រមាណ ៣៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៣។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក ចេញផ្សាយ នៅថ្ងៃ​សុក្រទី ១៩​មិថុនា។ របាយការណ៍​របស់ក្រសួង​ការបរទេស​អាមេរិក​បាន​លើកឡើង​ផងដែរ ពី​វត្តមាន ពង្រីក​ឥទ្ធិពល​របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​បាំង​លុប​ពីលើ​បណ្តាញ​អាល់កៃដា ដែលជា​ក្រុមភេរវនិយម​ក្នុង​ពិភពលោក។ 

ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​នៅប្រទេស​អ៊ីរ៉ាក់
ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​នៅប្រទេស​អ៊ីរ៉ាក់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង របាយការណ៍​ឆ្នាំ ២០១៤​ស្តីពី​ភេរវកម្ម ក្រសួងការ​បរទេស​អាមេរិក​បាន​រក​ឃើញ មាន​អំពើ​ភេរវកម្ម ចំនួន ១៣ ៤៦៣ ដែល​បាន​សម្លាប់​មនុស្ស​៣២ ៧០០​នាក់។ តួលេខ​នេះ​បង្ហាញ​ថា ក្នុង​រវាង​តែ​១ឆ្នាំ ចំនួន​ភេរវកម្ម​បាន​កើន​ឡើង ៣៥ភាគរយ ចំណែក ជនរងគ្រោះ​ស្លាប់ នៅក្នុង​អំពើភេរវកម្ម កើនឡើង ដល់​ទៅ ៨០ភាគរយ។

 
បើនិយាយ​ពី​ការប្រកួតប្រជែង​ធ្វើ​ភេរវកម្ម បណ្តាញ​ភេរវនិយម​អាល់កៃដា ត្រូវ​វ៉ា​ដាច់​ដោយ​ អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​ធ្វើ​សង្រ្គាម ដណ្តើមទឹកដី​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ បន្តិចម្តងៗ ក្រុម​នេះ ដែល​មាន​ទីតាំង​តែ​នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ចេញមុខ​ប្រកាស​ទទួល​ខុសត្រូវ​លើ​អំពើ​ភេរវកម្ម មិនថា នៅក្នុង​ប្រទេស​យេម៉ែន អ៊ីរ៉ាក់ លីប៊ី ឬ​សូម្បី​អាហ្វហ្កានីស្ថាន ដែល​ធ្លាប់​ជា​ទីតាំង​របស់​ក្រុមអាល់កៃដា ក្រុមភេរវកម្ម​ពិភពលោក។ តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ភេរវកម្ម របស់​ក្រុមជីហាត ទៅលើ​គុក​ក្នុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់ ដែល​បាន​សម្លាប់​អ្នកកាន់​សាសនា​ស៊្ហីអ៊ីត ៦៧០​នាក់ គឺ​ជាភេរវកម្ម​សម្លាប់​មនុស្ស​ច្រើន មិនធ្លាប់មាន នៅក្រោយ​ភេរវកម្ម​ក្នុង​ក្រុងញូវយ៉ក​បង្ក​ឡើង​ដោយ​ក្រុមអាល់កៃដា។

ក្រៅតែ​ពី​អំពើ​ហិង្សា​សម្លាប់មនុស្ស ក្រសួង​ការបរទេស​អាមេរិក បារម្ភ​ផងដែរ ពី​ការរីក​ធំធាត់​លឿនស្លេវ របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។ គឺថា ក្រុមនេះ បាន​អូសទាញ​ការចូលរួម​គាំទ្រ មិនថា ពី​យុវជន​អ៊ីស្លាម​ជ្រុលនិយម ឬ​ពី​ក្រុមប្រដាប់​អាវុធ នៅ​ទូទាំង​ពិភពលោក។ តាម​ក្រសួង​ការបរទេស​អាមេរិក ក្រុមជីហាត ចេះ​ឆ្លៀត​ឱកាស​យក​ជម្លោះ​ប្រដាប់​អាវុធ អស្ថិរភាព​នយោបាយ ឬ​ការចុះ​ខ្សោយ​របស់​រដ្ឋាភិបាល ក្នុង​ប្រទេស ដូចជា​នៅ​ស៊ីរី អ៊ីរ៉ាក់ យេម៉ែន លីប៊ី ឬ នីហ្សេរីយ៉ា ដើម្បី ពង្រីក​បណ្តាញ ចាក់គ្រឹះ​ឥទ្ធិពល​របស់ខ្លួន។ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ចេះ​ប្រើ​បណ្តាញ​សង្គម​ក្នុង​អ៊ីនធ័រនែត ដើម្បី​អូសទាញ យុវជន​បរទេស ឲ្យ​ទៅចូលរួម​ប្រយុទ្ធ​ក្នុង​ក្រុមខ្លួន។ តាម​របាយការណ៍​អាមេរិក គិតត្រឹម​ចុងឆ្នាំ​២០១៤ គេរកឃើញ មាន​ទាហាន​បរទេស នៅក្នុង​ជួរ​កងទ័ព​ជីហាត ដល់​ទៅ ១៦ ០០០នាក់ គឺ​ច្រើន​ជាង​ជនបរទេស ដែល​ធ្លាប់​បាន​ទៅ​ប្រយុទ្ធ​នៅ​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ាក់ ឬ​សូម៉ាលី​ទៅទៀត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ