អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក​បរាជ័យ មិនអាច​បង្កើត​ទ័ពជើងគោក​នៅ​ស៊ីរី ដើម្បី​ប្រឆាំង​នឹង​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម

អ្នកនាំពាក្យ របស់​សេតវិមាន​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ថា អាមេរិក​ត្រៀមខ្លួន ដើម្បី​ចូលតុ​ពិភាក្សា ជាមួយ​រុស្ស៊ី នៅក្នុង​វិបត្តិ​ស៊ីរី។ ការប្រកាស​របស់​អ្នកនាំពាក្យ​សេតវិមាន​ធ្វើឡើង បន្ទាប់ពី កាលពីថ្ងៃ​ពុធ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​ចន ឃេរី បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា ទីក្រុង​ម៉ូស្គូ​ទើប​បាន​លើក​ស្នើ​ឲ្យ​មាន​ការចរចា​ផ្នែក​យោធា រុស្ស៊ី អាមេរិក ដែល​កំពុង​ដឹកនាំ​ប្រតិបត្តិការ​យោធា ប្រឆាំង​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ីរី។ 

ទាហាន​ស៊ីរី​សេរី ដែល​ជា​ក្រុមប្រឆាំង​នឹង​ទ៍ព​រដ្ឋាភិបាល​នៅ​ស៊ីរីធ្វើដំណើរ​ទៅ​ក្រុង​រ៉ាកា ឆ្នាំ ២០១៣ ដែលក្រោយ​មក​ក្លាយ​ជាទីក្រុង​កាន់កាប់​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម
ទាហាន​ស៊ីរី​សេរី ដែល​ជា​ក្រុមប្រឆាំង​នឹង​ទ៍ព​រដ្ឋាភិបាល​នៅ​ស៊ីរីធ្វើដំណើរ​ទៅ​ក្រុង​រ៉ាកា ឆ្នាំ ២០១៣ ដែលក្រោយ​មក​ក្លាយ​ជាទីក្រុង​កាន់កាប់​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម REUTERS/Mohamed Al-Husain/Shaam
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​របស់​សេតវិមាន​បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​ត្រៀម​និយាយ​ជាមួយ​រុស្ស៊ី ពី​យុទ្ធសាស្រ្ត និងការអនុវត្ត​ជាក់ស្តែង តាំងពីក្នុង​ប្រតិបត្តិការ​យោធា នៅ​ស៊ីរី និង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។

 
សេតវិមាន​បង្ហាញ​ឲ្យ​ឃើញ​ជំហរ​របស់ខ្លួន បន្ទាប់ពី រដ្ឋមន្រ្តី​ការបរទេស អាមេរិក​បាន​អះអាងថា ភាគី​រុស្ស៊ី បាន​ទូរស័ព្ទ មកលោក ដើម្បី ស្នើ​ឲ្យ​មាន​ជំនួប​មន្រ្តីយោធា​ជាន់ខ្ពស់​រវាង​អាមេរិក និង​រុស្ស៊ី។

នៅក្នុង​រយៈពេល​៤​ឆ្នាំ សង្រ្គាមស៊ីវិល នៅ​ស៊ីរី រុស្ស៊ី បាន​ប្រើ​នយោបាយ​បោះ​យុថ្កា ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ទាំង​ផ្នែក​ការទូត និង​យោធា នៅដើម​បូព៌ា ដោយ​ចាប់ផ្តើម​ដំបូង​ជាមួយ​ប្រទេស​ស៊ីរី។ រុស្ស៊ី ក្នុង​លេស​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី បាន​បញ្ជូន​យន្តហោះ​យោធា ដែល​តាម​អាមេរិក គឺ​មាន​ដឹក​ទាហាន​រុស្ស៊ី ទៅក្នុង​ទឹកដី​ស៊ីរី។ បន្ទាប់​ពី​បដិសេធ​ជាច្រើនដង នៅទីបំផុត រុស្ស៊ី​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​បញ្ជូន​អាវុធ និង​បន្ទាប់មក គឺ​ទីប្រឹក្សា​យោធា​រុស្ស៊ី ដើម្បី​ទៅ​ជួយ​កងទ័ព​ស៊ីរី ក្នុង​ការវាយ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។

អាមេរិក​រិះគន់មែន ការដាក់ទ័ព​រុស្ស៊ី ក្នុង​ទឹកដី​ស៊ីរី ប៉ុន្តែ ជាមួយគ្នានេះ វត្តមាន​ទ័ព​រុស្ស៊ីក្នុង​ទឹកដី​ស៊ីរី​ក៏​នឹង​ហុចប្រយោជន៍​ច្រើន​សម្រាប់​អាមេរិក​ដែល​ដឹកនាំ​ប្រតិបត្តិការ​វាយប្រហារ​ជើងអាកាស​ទៅលើ​ក្រុមជីហាត នៅ​ស៊ីរីដែរ។

អាមេរិក​ដែល​ផ្តាច់ទំនាក់ទំនង​យោធា​ជាមួយ រុស្ស៊ី តាំងពី​វិបត្តិ​គ្រីមេ នៅ​អ៊ុយក្រែន នៅ​ឆ្នាំ ២០១៤ ទំនង​ជា​នឹង​អាច​ត្រលប់​មក​សហការ​វិញ​ជាមួយ​រុស្ស៊ី ដែល​ជា​មហាអំណាច​យោធា​មួយ​ដែរ​ក្នុង​ពិភពលោក និង​ដែល​ជាភាគី ដើរ​តួ​សំខាន់ នៅក្នុង​វិបត្តិ​ស៊ីរី។ ម្យ៉ាង​ក៏ដោយមក​តែ​ពី​រុស្ស៊ី​បាន​បោះដៃ ចង់​ពិភាក្សា ពី​យុទ្ធសាស្រ្ត​យោធា​ជាមួយ​អាមេរិកនោះ។

មានតែ ទាហាន​៤ ឬ ៥​នាក់ របស់​ក្រុមប្រឆាំង​ស៊ីរី​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​របស់​អាមេរិក និង​ដែលកំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត
ជិត​មួយ​ឆ្នាំនេះ មកហើយ ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​អារ៉ាប់ បាន​បញ្ជូន​យន្តហោះ​ចម្បាំង ទៅវាយប្រហារ​លើ​ទីតាំង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី។ គេ​មិនឃើញ​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម ថមថយ​កម្លាំង។ ផ្ទុយទៅវិញ ក្រុមនេះ ដែល​មាន​សំបូរ​ទាំង​អាវុធ និង​ធនធាន​មនុស្ស រឹតតែ​ពង្រីក​ដែនដី គ្រប់គ្រង​របស់ខ្លួន មិនឈប់ ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។

តាំងពី​ដើមមក អាមេរិក​បាន​ទទួល​ស្គាល់​ថា គេ​មិនអាច​ប្រើ​តែ​យន្តហោះចម្បាំង ដើម្បី វាយកម្ចាត់​ដោយ​ជោគជ័យ លើ​ក្រុមជីហាត​នោះទេ។ គេ​ត្រូវការ​ចាំបាច់​ទាហាន​ជើងគោក។ ប៉ុន្តែ រដ្ឋាបាល​លោកអូបាម៉ា ដែល​បដិសេធ ដាច់​អហង្កា មិន​បញ្ជូន​កងទ័ព​ជើងគោក​អាមេរិក​ទៅ ធ្វើ​សង្រ្គាម​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ប្រើ​យុទ្ធសាស្រ្ត​បណ្តុះបណ្តាល​ក្រុមប្រឆាំង​ស៊ីរី ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ផងដែរ និង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ផង។ ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​កញ្ចប់​ថវិកា ៥០០​លាន​ដុល្លារ សម្រាប់ បណ្តុះបណ្តាល និង​បំពាក់ ក្រុមប្រឆាំង​ស៊ីរី ដែល​ជា​ផ្នែកមួយ នៃ​យុទ្ធសាស្រ្ត​អាមេរិក សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអង្គការ​រដ្ឋអីស្លាម។ ប៉ុន្តែ នៅ​ក្នុង​សប្តាហ៍នេះ នៅក្នុង​សវនការ​សួរដេញដោល នៅ​គណៈកម្មការ​ព្រឹទ្ធសភា មេបញ្ជាការ​អាមេរិក លោក​Lloyd Austin និយាយ​ថា រហូតមកដល់​ពេលនេះ មាន​តែ​ទាហាន​ប្រឆាំង​ស៊ីរី​ប្រមាណ តែ ៤ ឬ ៥​នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួលការបណ្តុះបណ្តាល និង​កំពុង​ប្រយុទ្ធ​ប្រឈម​នឹង​ក្រុមជីហាត។ មេបញ្ជាការ​ទ័ព​អាមេរិក ទទួល​ស្គាល់​ដែរថា ​ទាហាន​ប្រឆាំង​ស៊ីរី ជាង ៥០​នាក់ ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​រួចហើយ ទើប តែ​ត្រូវ​បាន​ក្រុមអាល់នូស្រា ដែល​ជា​បណ្តាញ​របស់​អាល់កៃដា ចាប់ខ្លួន កាលពី​ខែ​កក្កដា កន្លងទៅ។

សម្រាប់​លោកស្រី Christine Wormuth អនុរដ្ឋលេខាធិការ​ក្រសួងការពារ​ជាតិ វាមិនមែន​ជារឿង​ងាយស្រួល​ឡើយ ដែល​គេ​ជ្រើសរើស បញ្ចូល មនុស្ស​ឲ្យ​ធ្វើ​ទាហាន​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតនោះ ព្រោះថា តាមច្បាប់​អាមេរិក គេ​បណ្តុះបណ្តាល​តែ​ក្រុមប្រឆាំងស៊ីរី គឺ​មិនទាហាន​រដ្ឋាភិបាល​ស៊ីរីទេ។ ក្នុង​ចំណោមក្រុមប្រឆាំង ដំណើរការ​រើសមនុស្ស​ឲ្យ​ទទួល​ការបណ្តុះបណ្តាល​ទៀតសោត គឺ​ត្រូវ​ធ្វើឡើង​យ៉ាងតឹងតែងបំផុត ព្រោះ​គេ​ខ្លាចថា នឹង​មាន​ក្រុម​ដែល​គាំទ្រ​ក្រុមជីហាត​បន្លំ​ចូល​មក​ទទួល​ការបណ្តុះបណ្តាល។ កន្លងមក គេ​ចាប់បាន​កុមារ​ដែល​បន្លំ​អាយុ ឬ ប្រើ​អត្តសញ្ញាណ​ក្លែងក្លាយ ដើម្បី​អាច​ចូល​ក្នុង​វគ្គ​បណ្តុះបណ្តាល​យោធា​របស់​អាមេរិក។

បរាជ័យ របស់​អាមេរិក ដើម្បី​បង្កើត​ទ័ព​ប្រឆាំង នឹង​ក្រុមជីហាត លើដីគោក គឺ​អាច​ជា​ចលករ​មួយ រុញច្រាន​ឲ្យ​អាមេរិក​ត្រូវការ​រុស្ស៊ី ដែល​អាច​ប្រើ​ទ័ព​ជើងគោក ក្នុង​ទឹកដី​ស៊ីរី។

រុស្ស៊ី និង​អាមេរិក​មាន​គោលដៅ​ដូចគ្នា​ទេ នៅក្នុង​សំណុំរឿង​ស៊ីរីនេះ….
អាមេរិក និង​រុស្ស៊ី មាន​យុទ្ធសាស្រ្ត​យោធា​ដើរផ្ទុយស្រឡះគ្នា។ រុស្ស៊ី ដែល​អះអាងថា ផ្តល់​ជំនួយ​យោធា ទៅ​ស៊ីរី ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ប៉ុន្តែ គាំទ្រ ផងដែរ ទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​តាមពិត កំពុង​ប្រើ​សព្វាវុធ​រុស្ស៊ី ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង​ស៊ីរី ដែល​តាមពិត ជា​ក្រុមគាំទ្រ ដោយ​ប្រទេស​លោកខាងលិច និង​សម្ព័ន្ធអារ៉ាប់។ សត្រូវ​របស់​អាមេរិក គឺ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ ប៉ុន្តែ សម្រាប់​អាមេរិក វា​ច្បាស់ណាស់​ថា គេ​អាច​យកឈ្នះ លើ​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម បាន បើសិន​គេ​អាច​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ មានន័យថា រក​សន្តិភាព​ឲ្យ​ស៊ីរី។ រុស្ស៊ី​វិញយល់ស្រប​ជាមួយអាមេរិក ថា គឺ​មាន​តែការចរចា​ការទូត ដែល​នឹង​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ស៊ីរី។

រុស្ស៊ី ចង់​ដើរតួ​សំខាន់ ចង់​បង្ហាញ​គេ​ឯងថា ខ្លួនអាច​ចូលរួម​ចំណែក​បិទបញ្ចប់​ជម្លោះ ទំនាស់ នៅស៊ីរី។ ប៉ុន្តែ មហាអំណាច​រុស្ស៊ី គឺ​ខ្លាំង​តែ​យោធា​ទេ ប៉ុន្តែ មិន​ខ្លាំង​នយោបាយ​ការទូត​នោះទេ។ ដរាប​ណា​រុស្ស៊ី នៅតែ​គាំទ្រ​លោក​បាស្ហា អាល់អាសាដ ឲ្យ​រក្សា​អំណាច​នៅ​ស៊ីរី តើរុស្ស៊ី នឹង​អាច​ដឹកដៃ​ក្រុមប្រឆាំងស៊ីរី ឲ្យ​ចូលតុចរចា​បាន​យ៉ាងម៉េច។ សម្រាប់​ក្រុមប្រឆាំង គេ​មិនអាច​ចរចា​សន្តិភាព​ជាមួយ​មេពេជ្ឈឃាត បាតដៃ​ប្រលាក់​ឈាម ប្រជាជន​ឯង​ដូចជា​លោក​បាស្ហាអាល់ អាសាដ​នោះ។ បើ​លោក​អាសាដ​នៅ​តែ​ស្ថិតក្នុង​តុចរចា នោះ​ក្រុមប្រឆាំង​ស៊ីរី​នឹង​នៅតែ​បន្តប្រយុទ្ធប្រឆាំង។ ដូច្នេះ គ្មាន​ទេ​ស្ថិរភាព​នៅ​ស៊ីរី។ អស្ថិភាព នយោបាយ​នៅ​ស៊ីរី នឹង​ហុច​ផល​ចំណេញ​ដល់​ក្រុមភេរវនិយម ដែល​មាន​តាំងពី​អាល់កៃដា និង​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ