អានតួអត្ថបទ
ស៊ីរី

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មានការចរចា​សន្តិភាព​នៅ​ស៊ីរី ចំណែក​រុស្ស៊ី​ផ្តល់​អាទិភាព​លើ​ការប្រយុទ្ធប្រឆាំង​ក្រុមជីហាត

បេសកជនពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើដំណើរ ទៅ​ដល់​ប្រទេស​ស៊ីរី កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ក្នុង​ទីក្រុង​ដាម៉ាស លោក​ស្តេហ្វង់ មីស្ទៀរ៉ា ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ មាន​បេសកកម្ម​ពិសេស មួយ គឺ​បញ្ចុះបញ្ចូល​ភាគី​រដ្ឋាភិបាល​ស៊ីរី​ឲ្យ​រកដំណោះស្រាយ​សន្តិភាព ដើម្បី​បិទ​បញ្ចប់​វិបត្តិ និង​សង្រ្គាម​ស៊ីវិល ដែល​បាន​ហែកហួរ បំផ្លាញ ស៊ីរី សម្លាប់​មនុស្ស​ជាង ២សែននាក់ និង​បណ្តាល​ឲ្យ​មាន​រលក​ជនភៀសខ្លួន ចូល​ទៅក្នុង​ទឹកដី​អឺរ៉ុប។ 

សកម្មជន​ការពារ​សិទ្ធិមនុស្ស​និយាយថា កងទ័ព​ស៊ីរី ជា​អ្នកទម្លាក់​គ្រាប់​លើ​ទីតាំង​ក្រុមឧទ្ទាម​ក្បែរ​ក្រុង​ដាម៉ាស​ថ្ងៃទី ១៦ កញ្ញា ២០១៥
សកម្មជន​ការពារ​សិទ្ធិមនុស្ស​និយាយថា កងទ័ព​ស៊ីរី ជា​អ្នកទម្លាក់​គ្រាប់​លើ​ទីតាំង​ក្រុមឧទ្ទាម​ក្បែរ​ក្រុង​ដាម៉ាស​ថ្ងៃទី ១៦ កញ្ញា ២០១៥ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃ​ព្រហស្បតិ៍ សំខាន់​ជាងពេលណាៗ​ទាំងអស់ ព្រោះ​វា​ធ្វើឡើង នៅក្នុង​បរិបទ​មួយ ដែល​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​រលក​ជនភៀសខ្លួន​ស៊ីរី និង​នៅ​ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​បង្ហាញ ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ជំហរ​គាំទ្រ​គ្មាន​ងាករេ ផ្នែក​យោធា ដល់​រដ្ឋាភិបាល​ស៊ីរី។

 
លោកប្រេសិត​ស្តេហ្វង់ មីស្ទៀរ៉ា ត្រូវ​ដើរតួ​ជាអាជ្ញា​កណ្តាល។ ម្យ៉ាង​លោក​ត្រូវ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​បាស្ហា អាល់​អាសាដ ឲ្យ​ទទួល​យក​សំណើ​របស់​ប្រទេស​លោកខាងលិច ដែល​ចង់​ឲ្យ​មាន​ការចរចា​រវាង​ភាគី​ជម្លោះ ដើម្បី​នាំ​សន្តិភាព​មក​ឲ្យ​ស៊ីរី។ ចំនុច​គន្លឹះ​ដែល​នឹង​អាច​ទប់ស្កាត់​រលក​ជនភៀសខ្លួន ដែល​ពេលនេះ កំពុង​ក្លាយ​ជា​វិបត្តិ ឈឺក្បាល របស់​អឺរ៉ុប។ ដើម្បី​ចរចា​រក​សន្តិភាព​ឲ្យ​បាន​ឆាប់ៗ ដែល​នឹង​អាច​បិទ​បញ្ចប់​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី ប្រទេស​លោកខាងលិច ត្រូវ​គេ​មើលឃើញ​ថា កំពុង​បន្ទន់​ជំហរ សុខចិត្ត​ធ្វើ​សម្បទាន ដែល​នៅក្នុង​នោះ គេ​នឹង​យល់ព្រម ចាត់ទុក​លោក​បាស្ហា អាល់​អាសាដ ជា​ភាគី​ចរចា​មួយ​ដែរ គឺ​លែង​ទាមទារ​ដាច់ខាត ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី​ដូចមុន​ទៀតហើយ។

សំណើ​របស់​ប្រទេស​លោកខាងលិច​ត្រូវពើប​ប្រទះ​នឹង​ជំហរ​របស់​លោក​ប្រធានាធិបតី​ស៊ីរី និង​រុស្ស៊ី ជា​សម្ព័ន្ធមិត្ត ដែល​ចង់​ផ្តល់​អាទិភាព​ទៅលើ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ជាជាង ការចរចា​ស្វែងរក​សន្តិភាព។ សម្រាប់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ជនភៀសខ្លួន​ធ្វើដំណើរ​ចេញ​ទៅ​រក​កន្លែង​ជ្រកកោន​នៅអឺរ៉ុប ដោយសារ​តែ​ការសង្រ្គាម​បង្កឡើង​ដោយ​ក្រុម ជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រភព​កងទ័ព​ស៊ីរី បាននិយាយ​ជា​ថា កងទ័ព​បាន​ចាប់​ផ្តើម​ប្រើ​ប្រភេទ​អាវុធ​ថ្មី​ដែល​រុស្ស៊ី ទើប​ផ្តល់​ឲ្យ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដដែល អ្នកតាមដាន​សិទ្ធិមនុស្ស​នៅ​ស៊ីរី បាន​រាយការណ៍​ថា កងទ័ព​ស៊ីរី បាន​បញ្ជូន​យន្តហោះ ចម្បាំង យ៉ាង​តិច ១១​ដង ទៅ​ទម្លាក់​គ្រាប់​លើ​ទីក្រុង​រ៉ាកា ដែល​ជា​ទីតាំង​រដ្ឋបាល​សំខាន់​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី។

តាមទីក្រុង​វ៉ាស៊ីនតោន​វិញ ជំនួយ​យោធា​របស់​រុស្ស៊ី សម្រាប់​ស៊ីរី មិនមែន​មាន​ត្រឹម​អាវុធ នោះទេ ព្រោះថា ចាប់តាំង​ពី​ដើម​ខែ​កញ្ញា អាមេរិក​បាន​កត់សំគាល់​ឃើញ​វត្តមាន​ទាហាន​រុស្ស៊ី នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស ស៊ីរី ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​របស់​លោក​បាស្ហា អាល់ អាសាដ។ ស្ងប់ស្ងាត់ រហូតមក រុស្ស៊ី នៅពេលនេះ ចាប់ផ្តើម​បញ្ជាក់​ការគាំទ្រ​យ៉ាង​ចេញ​មុខ ដល់​ទីក្រុង​ដាម៉ាស។ តាម​លោក​រដ្ឋមន្រ្តីការបរទេស​អាមេរិក ចន ឃេរី ទីក្រុង​ម៉ូស្គូ នៅ​បាន​ស្នើ​ឲ្យ​មាន​ការជួបគ្នា រវាង​មន្រ្តី​យោធា អាមេរិក និង​រុស្ស៊ី ដើម្បី ពិភាក្សា​ពី​ជម្លោះ​នៅ​ស៊ីរី ពោល​គឺ​និយាយ​ឲ្យ​ត្រូវ ដើម្បី ជៀសវាង​កុំ​ឲ្យ​មាន ឧប្បត្តិហេតុ ការប៉ះទង្គិចគ្នា នៅក្នុង​សមរភូមិ ជាទី ដែល​ទាំង​រុស្ស៊ី និង​អាមេរិក​កំពុង​ដឹកនាំ​ការវាយប្រហារ​ទៅលើ​ក្រុមជីហាត រដ្ឋអ៊ីស្លាម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ