អានតួអត្ថបទ
អ.ស.ប.

កិច្ចចរចា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញដូរ​សព្វាវុធ​ត្រូវ​ទទួល​បរាជ័យ

ការចរចា​ក្នុង​ក្របខ័ណ្ឌ​អ.ស.ប. ដើម្បី​បង្កើត​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញដូរ​សព្វាវុធ បាន​បិទបញ្ចប់​កាល​ពី​យប់ថ្ងៃ​សុក្រ ដោយ​មិនមាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់។ អគ្គលេខាធិការ​អ.ស.ប.​បាន​សម្តែងនូវការ​ខកចិត្ត​ចំពោះ​បរាជ័យនេះ។ ចំណែក​អ្នកការទូត និង​សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​សហរដ្ឋ​អាមេរិក​​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ការ​ចរចានេះ​ត្រូវ​ជាប់គាំង។

យុទ្ធនាការ​របស់​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​ទាមទារ​ឲ្យ​មាន​បទដ្ឋាន​អន្តរជាតិ​គ្រប់គ្រង​ការ​ជួញដូរ​សព្វាវុធ
យុទ្ធនាការ​របស់​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​ទាមទារ​ឲ្យ​មាន​បទដ្ឋាន​អន្តរជាតិ​គ្រប់គ្រង​ការ​ជួញដូរ​សព្វាវុធ REUTERS/Andrew Kelly
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា ដែល​បាន​បើក​ធ្វើ​ កាល​ពី​បួនសប្តាហ៍​មុន ហើយ​ដែល​អ.ស.ប.​បាន​​ព្យាយាម​ត្រៀមរៀបចំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ គឺ​ធ្វើ​ឡើង​ក្នុងគោលដៅ​បង្កើត​បទដ្ឋាន​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​គ្រប់គ្រង​ការ​នាំចេញនាំចូល​គ្រឿង​សព្វាវុធ បង្កើន​នូវ​តម្លាភាព និង​ការទទួលខុសត្រូវ ចៀសវាង​កុំ​ឲ្យ​គ្រឿង​សព្វាវុធ​ទាំងនេះ​​ត្រូវ​គេ​យក​ទៅប្រើប្រាស់ ក្នុង​ផ្លូវអាក្រក់ បង្ក​​ការ​ខូចខាត​ដល់​ជនស្លូតត្រង់។

ក៏ប៉ុន្តែ នៅទីបំផុត រយៈពេល​កំណត់នៃ​ការ​ចរចា​បាន​ផុត នៅ​អធ្រាត​ថ្ងៃ​សុក្រ ដោយ​គ្មាន​ទទួល​បាន​នូវ​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់។

អ្នកការទូត​លោក​ខាងលិច​ និង​​សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​មក​ពី​អង្គការ​ Amnesty International និង អង្គការ Oxfam America បាន​ទម្លាក់​កំហុស​ទៅលើ​សហរដ្ឋ​អាមេរិក​ថា​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​ការ​ចរចា​នេះ​ត្រូវ​ទទួលបរាជ័យ។ អ្នកការទូត​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា អាមេរិក​បាន​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​សន្ធិសញ្ញា ដោយសុំ​ទុក​ពេល​ចរចា​បន្ថែម​ទៀត។ ឃើញ​បែបនេះ​ប្រទេស​ផ្សេងទៀត រួមមាន ចិន និង​រុស្ស៊ី ជាដើម ក៏​បាន​បដិសេធ​មិន​ព្រម​ចុះហត្ថលេខា​​ដូច​អាមេរិក​ដែរ។

នៅទីបំផុត មាន​តែ​ប្រទេស​ចំនួន ៩០​ប៉ុណ្ណោះ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាង​សន្ធិសញ្ញា​ស្នើឡើង​ដោយ​អ.ស.ប. ក្នុងនោះ រួមមាន​ប្រទេស​មក​ពី​សហភាព​អឺរ៉ុប អាមេរិក​ឡាទីន និង​អាហ្វ្រិក។ ដើម្បី​អាច​បង្កើត​សន្ធិសញ្ញា​នេះ​បាន​គេ​ត្រូវការ​កុងសង់ស៊ូស​ពី​ប្រទេស​ទាំង ១៩៣ ដែល​ជា​សមាជិក​អ.ស.ប.។

គេមើលឃើញថា ការ​ដែល​រដ្ឋាភិបាល​អាមេរិក​មិនព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​ការជួញដូរ​គ្រឿង​សព្វាវុធ​នេះ គឺ​ដោយសារ​តែ​បារម្ភ​ខ្លាច​សភា​មិន​ព្រម​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន ៥១​រូប ក្នុង​ចំណោម​ ១០០​រូប បាន​សរសេរ​លិខិត​ទៅ​លោក​អូបាម៉ា និង​លោកស្រី​គ្លីនតុន​ ទាមទារ​កុំ​ឲ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ។ សមាជិក​សភា​អាមេរិក​​ទាំងនេះ​បានលើកឡើង​ថា សន្ធិសញ្ញា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិក ក្នុងការ​កាន់​អាវុធ ដែល​ជា​សិទ្ធិ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ក៏ប៉ុន្តែ សកម្មជន​សិទ្ធិមនុស្ស​បាន​អះអាង​ថា នៅក្នុង​សេចក្តីព្រាង​សន្ធិសញ្ញា ដែល​ស្នើឡើង​ដោយ​អ.ស.ប.​ បាន​ចែងយ៉ាងច្បាស់​ថា សន្ធិសញ្ញា​នេះ​មាន​គោលដៅ​គ្រប់គ្រង​តែ​ចំពោះ​ការ​ជួញដូរ​សព្វាវុធ​ជា​លក្ខណៈ​អន្តរជាតិ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ក្នុង​ប្រទេស​នោះទេ។ ដូច្នេះ វា​មិន​មាន​អ្វី​ត្រូវ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិក​នោះទេ។ សកម្មជន​សិទ្ធិមនុស្ស​ទាំង​នេះ​​បាន​ស្តីបន្ទោស​លោក​អូបាម៉ា​​ថា ​​ខ្វះ​សេចក្តីក្លាហាន​ និង​សុឆន្ទៈ​នយោបាយ​ ដែល​បណ្តាល​ឲ្យ​សន្ធិសញ្ញា​គ្រប់គ្រង​ការជួញដូរ​គ្រឿង​សព្វាវុធ​នេះ​ត្រូវ​ជាប់គាំង ហើយ​​បរាជ័យ​នេះ​នឹង​ធ្វើ​ឲ្យ​​​​ជនស្លូតត្រង់​រាប់ពាន់ រាប់​ម៉ឺន ត្រូវ​​បន្តបាត់បង់​ជីវិត ក្នុង​មួយ​ឆ្នាំៗ ដោយសារ​អំពើ​ហិង្សា​ប្រដាប់អាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ