តុលាការក្រុងឡាអេ បដិសេធមិនបើកការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្កានីស្ថាន
កាលពីរសៀលថ្ងៃទី១២មេសា ចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ បានសម្រេចបដិសេធ មិនបើកការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មសង្រ្គាម ដែលកើតឡើងនៅប្រទេសអាហ្វហ្កានីស្ថាន ក្នុងរវាង១៥ឆ្នាំ នៃអន្តរាគមន៍យោធា របស់កងទ័ពអាមេរិក។ ជាការស៊ើបង្កេត ដែលអាចពាក់ព័ន្ធ ដល់សកម្មភាពនានា របស់កងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធមិត្ត។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិក ក៏ធ្លាប់បានគំរាមតុលាការក្រុងឡាអេដែរ បើតុលាការនេះហានបើកការស៊ើបអង្កេត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
ចៅក្រមនៃអង្គជំនុំជំរះបឋម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានសម្រេចគ្នាជាឯកច្ឆ័ន្ទ បដិសេធ មិនបើកការស៊ើបអង្កេត លើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម នៅអាហ្វហ្កានីស្ថាន។ អង្គចៅក្រម បានផ្តល់ហេតុផលថា ការបើកការស៊ើបអង្កេតលើសំណុំរឿងនេះ នៅក្នុងដំណាលកាលបច្ចុប្បន្ននេះ នឹងមិនជះផលវិជ្ជមានអ្វីដល់ការស្វែងរកយុត្តិធម៌ឡើយ។
សម្រាប់អង្គចៅក្រម ដំណាក់កាលនេះ គឺលក្ខខណ្ឌទាំងអស់ មិនទាន់ត្រូវបានប្រមូលផ្តុំ ដើម្បីអាចបើកសំណុំរឿងនេះបានទេ ជាក់ស្តែង ដូចជាទាក់ទិននឹងអជ្ញាយុត្តាធិការរបស់តុលាការ ព្រមទាំងស្ថានភាពដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន នៅអាហ្វហ្កានីស្ថាន ដែលអាចជាឧបសគ្គដល់ការស៊ើបអង្កេត។
សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អយ្យកាតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកស្រី Fatou Bensouda បានរៀបចំឯកសារ ស្នើទៅកាន់អង្គចៅក្រម ឲ្យបើកការស៊ើបអង្កេត លើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេល១៥ឆ្នាំ នៃអន្តរាគមយោធារបស់អាមេរិក។
គួរបញ្ជាក់ផងដែរថា សំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាម នៅអាហ្វហ្កានីស្ថាននេះ គឺវាពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងប្រតិបត្តិការរបស់កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន។ កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលអាមេរិក បានសម្រេចលប់ចោលទិដ្ឋកា មិនឲ្យជាន់ដីអាមេរិក ពីមន្ត្រីតុលាការក្រុងឡាអេណា ដែលបានចូលរួម ក្នុងការស្រាវជ្រាវ រករឿងចោទថាកងទ័ពអាមេរិក បានធ្វើបទឧក្រិដ្ឋកម្មសង្រ្គាម។ ជាក់ស្តែង លោកស្រី Fatou Bensouda អយ្យការតុលាការក្រុងឡាអេតែម្តង ដែលត្រូវបានគេលប់វីហ្សាចោល។
សូមបញ្ជាក់ថា អាមេរិកមិនមែនជាប្រទេសហត្ថលេខី នៃសន្ធីសញ្ញាទីក្រុងរ៉ូម ដែលជាស្ថាបនិកតុលាការក្រុងឡាអេទេ។ រដ្ឋាភិបាលអាមេរិក បានគំរាមថា នឹងដាក់ពិន័យទៅលើតុលាការនេះ បើនៅតែចចេស បើកសំណុំរឿងនេះ។
តែយ៉ាងណា តុលាការព្រហ្មទណ្ឌអន្តរជាតិ អះអាងថា តុលារនឹងបន្តធ្វើការដោយឯករាជ្យ។ គួរកត់សំគាល់ថា ថ្វីបើអង្គចៅក្រម មិនបើកការស៊ើបអង្កេតនាពេលនេះ តែមិនមែនមានន័យថា នឹងមិនបើកនៅថ្ងៃខាងមុខឡើយ។ ព្រោះបើតាមការពន្យល់របស់ចៅក្រម គឺពេលនេះ លក្ខខណ្ឌនៅមិនទាន់គ្រប់គ្រាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ